អន្តរជាតិ៖ក្រុមហេសប៊ូឡារបស់លីបង់ បានបាញ់ប្រហារឆ្លងព្រំដែនប្រចាំថ្ងៃជាមួយសត្រូវសួពូជរបស់ខ្លួនគឺអ៊ីស្រាអែល។ខណៈដែលសង្គ្រាមកំពុងឆាបឆេះនៅតំបន់ហ្កាហ្សា ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នេះ បានពង្រីកឃ្លាំងអាវុធដ៏ធំក្នុងប៉ុន្មានទសវត្សរ៍មកនេះ។ទីភ្នាក់ងារសារព័ត៌មាន AFP ពិនិត្យមើលកម្លាំងអាវុធរបស់ក្រុមមូស្លីមនិកាយស៊ីអ៊ីតនេះ និងរបៀបដែលអាវុធបានពង្រីកចាប់តាំងពីក្រុមនេះបានធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលក្នុងឆ្នាំ ២០០៦។-ប្រដាប់អាវុធនិងមានគ្រោះថ្នាក់៖ ហេសប៊ូឡាគឺជាក្រុមសកម្មប្រយុទ្ធលីបង់តែមួយគត់ដែលបានរក្សាអាវុធរបស់ខ្លួនបាន។បន្ទាប់ពីទីបញ្ចប់នៃសង្គ្រាមស៊ីវិលឆ្នាំ១៩៧៥-១៩៩០ របស់លីបង់ ហើយឥឡូវនេះត្រូវបានចាត់ទុកថាមានឃ្លាំងអាវុធដ៏មានឥទ្ធិពលជាងកងទ័ពជាតិទៅទៀត។
វាក៏ជាក្រុមដ៏មានឥទ្ធិពលបំផុតនៅក្នុង“អ័ក្សនៃការតស៊ូ”ដែលជាសម្ព័ន្ធមិត្តនៃបណ្តាក្រុមគាំទ្រដោយរដ្ឋាភិបាលក្រុងតេហេរ៉ង់ ដែលភាគច្រើនស្ថិតនៅប្រទេសអ៊ីរ៉ាក់ ស៊ីរី យេម៉ែន និងដែនដីប៉ាឡេស្ទីន។ សង្គ្រាមអ៊ីស្រាអ៊ែល-ហេសប៊ូឡាឆ្នាំ២០០៦ បានសម្លាប់មនុស្សជាង ១.២០០នាក់នៅក្នុងប្រទេសលីបង់ ភាគច្រើនជាជនស៊ីវិល និង១៦០នាក់នៅអ៊ីស្រាអែល ភាគច្រើនជាទាហាន។
លោកស្រី ឌីណា អារ៉ាក់ជី (Dina Arakji) មកពីក្រុមហ៊ុនប្រឹក្សាយោបល់ Control Risks បាននិយាយថា “ចាប់តាំងពីពេលនោះមក ហេសប៊ូឡាបានពង្រីកបរិមាណនិងគុណភាពនៃឃ្លាំងអាវុធរបស់ខ្លួនយ៉ាងរឹងមាំ។លោកស្រីបាននិយាយទៀតថា “ក្នុងឆ្នាំ២០០៦ក្រុមនេះមានរ៉ុក្កែតប្រហែល១៥.០០០គ្រាប់ ។ខណៈការប៉ាន់ប្រមាណក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយបង្ហាញថា ចំនួននេះបានគុណភាពនឹងជិត១០ដង”។
ក្រុមនេះក៏ទទួលបានបទពិសោធន៍ប្រយុទ្ធដ៏សំខាន់ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការប្រយុទ្ធគ្នាជាច្រើនឆ្នាំនៅខាងលោកប្រធានាធិបតី បាសាអាល់ អាសាដ (Bashar al-Assad) ក្នុងសង្គ្រាមស៊ីវិលរបស់ស៊ីរី។ការប៉ះទង្គិចគ្នានៅតាមព្រំដែនលីបង់-អ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែតុលា ពោលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់ប្រឆាំងនឹងអ៊ីស្រាអែលបានបង្កឱ្យមានសង្គ្រាម។ ប៉ុន្តែរហូតមកទល់ពេលនេះក្រុមហេសប៊ូឡាបានកំណត់មុខសញ្ញាគោលដៅរបស់ខ្លួនតែនៅជិតៗព្រំដែនអ៊ីស្រាអែលប៉ុណ្ណោះ។
ប្រធានក្រុមហេសប៊ូឡា លោកហាសសាន់ ណាស្រាល់ឡា(Hassan Nasrallah) បាននិយាយម្តងហើយម្តងទៀតថា ក្រុមរបស់លោកមានអាវុធទំនើបៗដែលមានសមត្ថភាពវាយប្រហារជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល។-អ្នកប្រយុទ្ធនិងផ្លូវរូងក្រោមដី៖ក្នុងឆ្នាំ២០២១ លោកណាស្រាល់ឡាបានអះអាងថា ក្រុមរបស់គាត់មានអ្នកប្រយុទ្ធដែលហ្វឹកហាត់ និងប្រដាប់អាវុធប្រហែល១០០.០០០នាក់។ ប៉ុន្តែលោកស្រីអារ៉ាក់ជីបាននិយាយថា ចំនួនទ័ពទំនងជាធំជាងនេះ។
លោកស្រីអារ៉ាក់ជីបានបន្តថា អ្នកប្រយុទ្ធរបស់ក្រុមនេះ រួមមានកងកម្លាំងវរជន ដែលគេស្គាល់ថា អង្គភាពរ៉ាដវ៉ាន់ (Radwan) ដែលអាចត្រូវបានពណ៌នាថាជាកងកម្លាំងពិសេសរបស់ក្រុមនេះ។ ចាប់តាំងពីជម្លោះឆ្នាំ២០០៦ បានបញ្ចប់ក្រុមមូស្លីមនិកាយស៊ីអ៊ីតនេះមិនមានវត្តមានយោធា ដែលអាចមើលឃើញនៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ដែលត្រូវបានល្បាតដោយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះទេ។
ប៉ុន្តែក្រុមហេសប៊ូឡាបានរក្សាឥទ្ធិពលដ៏ធំនៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលខ្លួនបានសាងសង់កន្លែងលាក់ខ្លួននិងផ្លូវរូងក្រោមដីជាច្រើន។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហេសប៊ូឡាថា បានសាងសង់ផ្លូវរូងក្រោមដីឆ្លងព្រំដែន ហើយបានអះអាងថាបានបំផ្លាញវាចោលជាច្រើនកន្លែង។
លោកស្រីអារ៉ាក់ចាបាននិយាយថា បណ្តាញផ្លូវរូងក្រោមដីទំនងជាមានលក្ខណៈទូលំទូលាយមិនមានការចង្អុលបង្ហាញទេថា ក្រុមហេសប៊ូឡាបានបញ្ឈប់ការសាងសង់ផ្លូវរូងទាំងនោះ។ -មីស៊ីលបញ្ជាទិសជាក់លាក់៖ ក្នុងខែកញ្ញាឆ្នាំ២០១៨ លោកណាស្រាល់ឡាបាននិយាយថា ក្រុមរបស់គាត់បានទទួល“មីស៊ីលបញ្ជាទិសជាក់លាក់” បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការរារាំងខ្លួនមិនឱ្យធ្វើដូច្នេះក៏ដោយ។
លោកស្រីអារ៉ាក់ជីបាននិយាយថា មីស៊ីលបញ្ជាទិសជាក់លាក់អាចអនុញ្ញាតឱ្យក្រុមនេះ វាយប្រហារគោលដៅមុខសញ្ញាជាមួយនឹងកម្រិតខ្ពស់ នៃភាពត្រឹមត្រូវនិងកម្រិតនៃកំហុសទាប។ក្នុងខែកុម្ភៈឆ្នាំ២០២២ លោកណាស្រាល់ឡាបាននិយាយថា ហេសប៊ូឡាមាន“សមត្ថភាពបំប្លែងមីស៊ីលរបស់យើងទៅជាមីស៊ីលដ៏ជាក់លាក់”។
ក្នុងខែសីហាឆ្នាំនេះ គាត់បាននិយាយថា ហេសប៊ូឡានឹងត្រូវការមីស៊ីលបញ្ជាទិសជាក់លាក់ខ្ពស់មួយចំនួន ដើម្បីបំផ្លាញគោលដៅរបស់អ៊ីស្រាអែលរួមមាន “អាកាសយានដ្ឋានស៊ីវិលនិងយោធា មូលដ្ឋានអាកាស ស្ថានីយថាមពល” និងរោងចក្រនុយក្លេអ៊ែរឌីម៉ូណា (Dimona)។
-មីស៊ីលបញ្ជាទិស៖ ក្រុមហេសប៊ូឡាបាននិងកំពុងប្រើមីស៊ីលបញ្ជាទិសយ៉ាងទូលំទូលាយ ក្នុងការប៉ះទង្គិចគ្នាឆ្លងព្រំដែនចុងក្រោយ ពិសេសប្រឆាំងនឹងរថក្រោះអ៊ីស្រាអែល។កាលពីខែសីហា ក្រុមនេះបានប្រកាសថា ខ្លួនមានអាវុធឈ្មោះថា “God’s Revenge” ដែលត្រូវបានរចនាឡើងដើម្បីបាញ់មីស៊ីលប្រឆាំងរថក្រោះ Kornet របស់រុស្ស៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ហេសប៊ូឡាបានឱ្យដឹងថា កាំជ្រួច២កាណុងនេះមានសមត្ថភាពវាយគោលដៅមុខសញ្ញាចំនួន២បានយ៉ាងត្រឹមត្រូវ ក្នុងពេលដំណាលគ្នា និងបំផ្លាញពួកវា។ ហេសប៊ូឡាមានមីស៊ីលពីដីទៅដីមិនបញ្ជាទិស ដែលមានចំនួនច្រើនក្នុងឃ្លាំងអំឡុងសង្គ្រាមឆ្នាំ២០០៦។
Katyushas គឺជា “អាវុធជម្រើស” របស់ក្រុមនេះនៅក្នុងជម្លោះនោះ។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៨ ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។តែគ្រឿងសព្វាវុធរបស់ក្រុមនេះក៏រួមបញ្ចូលទាំងគ្រាប់រ៉ុក្កែតFajr-5 របស់អ៊ីរ៉ង់ដែលអាចបាញ់បាន៧៥គីឡូម៉ែត្រ និងគ្រាប់រ៉ុក្កែត Raad ដែលអាចបាញ់បានចម្ងាយស្រដៀងគ្នា នេះបើយោងតាម CSIS។
មីស៊ីលប្រឆាំងយន្តហោះ៖ក្រុមហេសប៊ូឡាក៏មានមីស៊ីលពីដីទៅអាកាសដែរ ដោយក្រុមនេះអះអាងថា បានទម្លាក់ដ្រូនរបស់អ៊ីស្រាអែលក្នុងការប្រយុទ្ធចុងក្រោយនេះ។វីដេអូរបស់ហេសប៊ូឡាផ្សាយក្នុងឆ្នាំ២០១៩ បានបង្ហាញអាវុធលីលើស្មានេះ ខណៈដែលក្រុមនេះគំរាមតម្រង់គោលដៅលើដ្រូនរបស់អ៊ីស្រាអែល។
-មីស៊ីលប្រឆាំងនាវា៖ហេសប៊ូឡាបានប្រើអាវុធប្រឆាំងនាវាជាលើកដំបូងក្នុងឆ្នាំ២០០៦ ប្រឆាំងនឹងនាវាកងទ័ពជើងទឹកអ៊ីស្រាអែល INS Hanit ដែលឈរជើងក្បែរឆ្នេរនៃទីក្រុងបៃរូត។ក្នុងឆ្នាំ២០១៩ក្រុមនេះបានផ្សាយវីដេអូដែលបង្ហាញពីមីស៊ីលប្រឆាំងនាវា C-802 និង C-704 ដែលផលិតដោយចិន។
ក្នុងឆ្នាំ២០២២មុនពេលលីបង់ និងអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងព្រំដែនសមុទ្រដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ក្រុមហេសប៊ូឡាបានគំរាមវាយប្រហារលើស្ថានីយរុករកឧស្ម័ននៅឆ្នេរសមុទ្រអ៊ីស្រាអែល។ហេសប៊ូឡាក៏មានមីស៊ីលប្រឆាំងនាវា Yakhont របស់រុស្ស៊ីក៏ដូចជាមីស៊ីលC-802 របស់អ៊ីរ៉ង់ផងដែរ នេះបើយោងតាមរបាយការណ៍របស់CSIS។
-ដ្រូន៖ហេសប៊ូឡាក៏មានដ្រូនផងដែរ រួមទាំងដ្រូនស៊ើបការណ៍និងដ្រូនប្រយុទ្ធ ដែលខ្លះបានដាក់តាំងបង្ហាញក្នុងខែឧសភា ក្នុងអំឡុងពេលបង្ហាញកម្លាំងយោធា។ក្រុមនេះនិយាយថា ខ្លួនបានប្រើដ្រូនប្រដាប់អាវុធក្នុងការប្រយុទ្ធគ្នាតាមព្រំដែនថ្មីៗនេះ។ទាំងនេះជាកងកម្លាំងនិងសព្វាវុធគួរឱ្យខ្លាចរបស់ហេសប៊ូឡា។ តែអ៊ីស្រាអែលព្រមានកម្ទេចចោលបើហ៊ានតែលូកដៃចូលជ្រៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់៕ប្រែសម្រួល៖កញ្ញាដាលីស វេបសាយរស្មីកម្ពុជា
