កំពង់ចាម៖ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូងចរិយោ អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីក្រោមឱវាទ បានដង្ហែរកឋិនសាមគ្គីចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាមកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ឆ្លៀតឱកាសនោះអភិបាលខេត្ត បានថ្លែងទៅកាន់ពុទ្ធបរិស័ទក្នុងអង្គកឋិនទាននោះថា ការរៀបចំដង្ហែរកឋិនសាមគ្គី មកកាន់វត្តរតនៈដីដុះនេះមានថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួម ហើយគៀងគរប្រមូលបច្ច័យដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ។
ការកសាងមានទំហំធំមានរចនាបទស្រស់ស្អាត ស្របតាមព្រះពុទ្ធសាសនា ដែលគ្រោងចំណាយថវិកាប្រមាណជា៦០ម៉ឺនដុល្លារ និងប្រើរយៈពេលសាងសង់ប្រហែលជា៦ឆ្នាំ។ ដូច្នេះបច្ច័យសម្រាប់កសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងមួយឆ្នាំគ្រោងប្រើថវិកាអស់ប្រមាណ១០ម៉ឺនដុល្លារ។
អភិបាលខេត្តបានបន្តថា ឧបដ្ឋានសាលាដែលត្រូវសាងសង់នាពេលនេះ គឺសម្រាប់ជាប្រយោជន៍ដល់ពុទ្ធបរិស័ទ ជួបជុំធ្វើបុណ្យដាក់ទាននិងជាប្រយោជន៍សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកសិក្សាស្រាវជ្រាវ និងទស្សនាផងដែរ។
ឯកឧត្តមអ៊ុនចាន់ដា មានប្រសាសន៍ទៀតថា ប្រការដែលថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួមធ្វើបុណ្យកឋិនសាមគ្គីនាពេលនេះ គឺប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាទៅនឹងព្រះពុទ្ធសាសនា ។ក្នុងនោះក៏នាំមកនូវភាពរីកចម្រើនរុងរឿង ស្របពេលប្រទេសជាតិ មានសុខសន្តិភាព៕ញ៉ែមសុផល