បញ្ជូនជនបរទេស៣៣នាក់ទៅតុលាការ ករណីបង្ខាំងមនុស្សជំរិតទារលុយខុសច្បាប់(មានវិដេអូ)

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកាបានបញ្ជូនក្រុមជនបរទេសចំនួន៣៣នាក់ទៅតុលាការ ករណីជាប់សង្ស័យបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់។

សមត្ថកិច្ចបានឱ្យដឹងថា ជនបរទេសទាំងនោះមានជនជាតិចិនដីគោក៣១នាក់-ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់។ចំណែកខ្មែរចំនួន៨នាក់ត្រូវបានសមត្ថកិច្ចដោះលែងវិញ ព្រោះជាកម្មករ បម្រើការក្នុងផ្ទះជនជាតិចិនទាំងនោះដោយមិនពាក់ព័ន្ធបទល្មើសឡើយ។គួរបញ្ជាក់ថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែវិច្ឆិកា កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន៤១នាក់ នៅមុខសាលាអូស្ត្រាលី ផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ករណីនេះពាក់ព័ន្ធអំពើបង្ខាំងមនុស្សជំរិតទារប្រាក់ និង បើកល្បែងស៊ីសងអនឡាញដោយខុសច្បាប់។

ការចុះបង្ក្រាបនោះធ្វើឡើងតាមបណ្តឹងស្ត្រីវៀតណាមម្នាក់ដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនមួយក្រុមចាប់បង្ខាំង និងជម្រិតទារប្រាក់ចំនួន២.៥០០ដុល្លារ ដែលពួកគេលួងលោមឱ្យធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង។ ប៉ុន្តែក្រុមឧក្រិដ្ឋជនបែរជាចាប់ប្អូន ប្រុសនាងយកមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកាដើម្បីបង្ខាំងជម្រិតទារប្រាក់ទៅវិញ។ក្រោយទទួលបណ្តឹងកម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការឡោមព័ទ្ធទីតាំងអគារមួយកម្ពស់៣ជាន់ ដោយឃាត់ខ្លួនចំនួន៤១នាក់ មានជនបរទេស៣៣នាក់និងខ្មែរចំនួន៨នាក់។ ក្នុងនោះសមត្ថកិច្ចដកហូតរថយន្តចំនួន៤គ្រឿងម៉ាករ៉ូលរ៉ូយ១គ្រឿង-ម៉ាកធុនត្រា១គ្រឿង-ម៉ាកអាល់ហ្វាត១គ្រឿង-ម៉ាកឡង់គ្រីស័រ១គ្រឿង-ទូរសព្ទ១៧គ្រឿង និងម៉ូតូ២គ្រឿង។ ក្រោយពីចាប់ជនសង្ស័យ និងវត្ថុតាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បាននាំទៅសាកសួររួចបញ្ជូនបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *