ភ្នំពេញ៖ព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិកចំនួន១៨.១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។ រោងចក្រសហគ្រាសទាំង ១៣នេះ មានកាត់ដេរសម្លៀកបំពាក់ចំនួន១០ ដេរស្បែកជើងចំនួន២ និងផលិតផលធ្វើដំណើរនិងកាបូបចំនួន១ ។ពេលនេះជាជំនួបលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិក តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា។បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតឡើងភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់កម្មវិធីចុះជួបកម្មករ និយោជិកតាមរោងចក្រជាបន្តបន្ទាប់។ក្នុងជំនួប១០លើកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ១៧២.៣៥០នាក់ មកពីរោងចក្រ សហគ្រាសសរុបប្រមាណ១៨៩។
ជំនួបលើកទី១-ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិកចូលរួមចំនួន១៨.០១៣នាក់។ទី២-ថ្ងៃទី១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិកចូលរួម១៨.២៨៩នាក់។ទី៣-ថ្ងៃទី៩ ខែកញ្ញានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិកចូលរួម១៨.២៦៥នាក់។ទី៤-ថ្ងៃទី១៩ ខែកញ្ញាក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករនិយោជិកចូលរួម១៨.១០៤នាក់។
ទី៥-ថ្ងៃទី៣ ខែតុលានៅខណ្ឌដង្កោ មានកម្មករនិយោជិកចូលរួមចំនួន១៨.០៩៩នាក់។ទី៦-ថ្ងៃទី២៥ ខែតុលា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានកម្មករនិយោជិកចូលរួម១២.០៦០នាក់។ទី៧-ថ្ងៃទី២៨ ខែតុលា នៅខណ្ឌពោធិ៍សែនជ័យ មានកម្មករនិយោជិកចូលរួមចំនួន១៨.០២៨នាក់។ទី៨-ថ្ងៃទី២ ខែវិច្ឆិកានៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិកចូលរួមសរុប១៨.១៩០នាក់។ទី៩-ថ្ងៃទី៧ ខែវិច្ឆិកានៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកម្មករ និយោជិកចូលរួម ១៥.១៩៤នាក់ និងលើកទី១០-នៅតំបន់ព្រៃស្ពឺមានកម្មករ និយោជិកចំនួន១៨.១០៨នាក់។
ក្នុងជំនួបជាមួយកម្មករ និយោជិកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញការងារចំនួន៦ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យបានក្នុងឆ្នាំ២០២៣។ក្នុងនោះការងារចំនួន៤ទៀតអនុវត្តនៅឆ្នាំបន្តបន្ទាប់ ដើម្បីជាប្រយោជន៍កម្មករ និយោជិក។ការងារទាំងនោះ ត្រូវបានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឹងប្រែងអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលជាបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែតធ្លាប់បានបញ្ជាក់ថា សុខទុក្ខរបស់កម្មករ និយោជិក គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល។ ដូច្នេះកម្មវិធីរបស់សម្តេចចុះជួបជាមួយកម្មករ និយោជិកមិនបញ្ចប់ត្រឹម១០លើកនេះទេ សម្តេចនឹងបន្តចុះជួបនាពេលបន្តបន្ទាប់ទៀត៕