Featured ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានថានឹងផ្ទុះ សង្គ្រាមនុយក្លេអ៊ែរពេលយន្តហោះ F-16ទៅដល់ដៃអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមានថា ការផ្តល់យន្តហោះចម្បាំងF-16ដល់ដៃប្រទេសអ៊ុយក្រែន នឹងបង្កជាហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរមិនខានឡើយ។យន្តហោះចម្បាំង F-16 រូបថត៖ 162 Wing

បច្ចុប្បន្នប្រទេសជាសមាជិកណាតូ កំពុងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនឱ្យចេះបើកយន្តហោះ F-16 មុនពេលបញ្ជូនឱ្យទីក្រុងកៀវ ក្រោយមានការស្នើសុំពីប្រទេស​លោកខាងលិច​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដើម្បីយកមកទប់ទល់ជាមួយរុស្ស៊ី។

យ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈលោក Medvedev បានព្រមានខ្លាំងៗថា ការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ មិនមែនជារឿងចៃដន្យឬគ្មានចេតនានោះទេ វាពាក់ព័ន្ធនឹងភាពគ្រោះថ្នាក់នៅជុំវិញប្រទេសអ៊ុយក្រែន។លោក Dmitry Medvedev រូបថត៖ EPA

លោកបន្តថា “ទីក្រុងកៀវ ចង់បានយន្តហោះដែលរចនាដោយអាមេរិក ទាំងដែលពួកគេមិនទាន់ចេះប្រើ។ ដូច្នេះប្រសិនបើយន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ហោះចេញពីប្រទេសណាតូក្នុងបេសកកម្មជួយអ៊ុយក្រែន។ តើស្ថានការណ៍នឹងទៅជាយ៉ាងណា? ជាការវាយប្រហារលើប្រទេសរុស្ស៊ីមែនទេ? ខ្ញុំមិនចង់​រៀបរាប់​ច្រើនទេចំពោះ អ្វី​ដែល​អាច​​កើត​ឡើង”។

ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គឺមិនស្ថិតនៅដំណាក់កាលដែលបង្ខំឱ្យមនុស្សរត់លាក់ខ្លួននៅក្នុងជម្រកការពារនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែថា វាអាក្រក់ជាងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ទៅទៀត។យន្តហោះចម្បាំង F-16 រូបថត៖ Military

សូមបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះF-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ ដើម្បីផ្ទេរយន្តហោះពីភាគីទី៣ ឱ្យទៅទីក្រុងកៀវ ពេលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។

ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិចឱ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុនព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឱ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ ដោយគ្មានជួយអ្វីនៅសមរភូមិជួរមុខបានឡើយ៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *