ព័ត៌មានអន្តរជាតិ

AFPផ្សាយថា រុស្ស៊ីជួលជនជាតិឥណ្ឌា តម្លៃ១.២០០ដុល្លារ ទៅប្រយុទ្ធ​នៅអ៊ុយក្រែន

ព័ត៌មានអន្តរជាតិ៖យោងតាមការចេញផ្សាយ នៃសារពត៌មាន AFPកាលពីថ្ងៃទី២៧ ខែកុម្ភៈ បានឱ្យដឹងថា ជនជាតិឥណ្ឌាត្រូវបានជួលដោយទីក្រុងមូស្គូ ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយមានជំនួយពីអ្នកជ្រើសរើសនៅជុំវិញពិភពលោក។ ខណៈប្រាក់ខែទទួលបានប្រហែល១.២០០ដុល្លារក្នុងមួយខែ។ បើទោះបីជាគ្មាន​​បទ​ពិសោធ​ខាងយោធា​ពីមុន​មកក៏ដោយ។

យោងតាមជនជាតិឥណ្ឌាមួយចំនួន ដែលត្រូវបានជួលដោយរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា “ខាងរុស្ស៊ីបានសន្យាថា ពួកគេមិនមែនជាអ្នកសឹកសង្គ្រាមនោះទេ។ប៉ុន្តែត្រូវតែបណ្ដុះបណ្ដាលឱ្យចេះប្រើកាំភ្លើង Kalashnikov និងអាវុធផ្សេងទៀត មុនពេលបញ្ជូនទៅអ៊ុយក្រែន”។“ចំណែកប្រាក់ខែគឺទទួលបានប្រហែល១.២០០ដុល្លារក្នុងមួយខែ​ បើទោះបីជាគ្មាន​​បទ​ពិសោធ​ខាងយោធា​ពីមុន​មកក៏ដោយ។ជាក់ស្ដែងគេឃើញមានទាំងកសិករបេះផ្លែប៉ោម អ្នកបម្រើតាមក្រុមហ៊ុនអាកាសចរណ៍ និងនិសិត្សបញ្ចប់ការសិក្សាជាដើម សុទ្ធសឹងតែស្ថិតក្នុងចំណោមជនជាតិឥណ្ឌា ដែលត្រូវបានជួលដោយរុស្ស៊ី”។

ទន្ទឹមនោះ អ្នកបកប្រែជនជាតិឥណ្ឌាម្នាក់ ដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលជ្រើសរើសទាហាននៅទីក្រុងមូស្គូបានប្រាប់ អ្នកកាសែត AFP នៅទីក្រុងញូវដេលីថា “ កន្លែងរបស់គាត់គឺជាបណ្តាញចុះឈ្មោះមួយនៅទូទាំងប្រទេសរុស្ស៊ី។លោក​បាន​មើល​ការ​ខុស​ត្រូវ​ផ្ទាល់​លើ​ការ​ចុះ​ឈ្មោះរបស់​ពលរដ្ឋ​ឥណ្ឌា​ ចន្លោះ​ពី៧០ទៅ១០០នាក់ ខណៈ​​ជនជាតិ​នេប៉ាល់​មាន​ចំនួន​ច្រើន​ជាង​នេះ” ។ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនដែលនិយាយថា មានជនបរទេសប៉ុន្មាននាក់កំពុងបម្រើក្នុងជួរយោធារបស់ពួកគេនោះទេ។ខណៈអ្នកវិភាគនៅស្ថាប័ន International Crisis Group បាននិយាយថា ក្រុងមូស្គូបានជួលអ្នកប្រយុទ្ធបរទេសរាប់ពាន់នាក់។ ក្នុងនោះរាប់រយនាក់មកពីប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ហើយបាននិងកំពុងព្យាយាមជ្រើសរើសទាហានស៊ីឈ្នួលនៅអាហ្វ្រិកផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ពលរដ្ឋឥណ្ឌាមួយចំនួនបានចុះឈ្មោះ សម្រាប់ការងារជាជំនួយការឱ្យកងទ័ពរុស្ស៊ី ដោយមិនបានបញ្ជាក់ថា ពួកគេមានតួនាទីជាអ្នកធ្វើសង្គ្រាមឬយ៉ាងណានោះទេ។ទោះបីជាមិនមានព័ត៌មានច្បាស់ លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ។ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្នុងភ្លើងសង្គ្រាម២ឆ្នាំមកនេះ ជនស៊ីវិលអ៊ុយក្រែនជាង១០.០០០នាក់ត្រូវបានសម្លាប់។ខណៈតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង៥​ លាននាក់បានស្លាប់៕សហការី អត្ថបទ៖ប៊ុនសុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *