ព័ត៌មានសង្គម សន្តិសុខ

ចាប់អ្នកលក់ទំនិញបោះដុំ បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈបានឃាត់ខ្លួនអ្នកលក់បោះដុំថង់ប្លាស្ទីកច្រកទំនិញគ្រប់ប្រភេទ រួចបញ្ជូនទៅតុលាការ​ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារដើម្បី ចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ សុខ ស័ក្កបញ្ញាណិត អាយុ​៣៤ ឆ្នាំ អ្នកលក់បោះដុំថង់ច្រកទំនិញគ្រប់មុខ ទីលំនៅបុរីហុងឡាយ ខណ្ឌដង្កោ។មន្ត្រីដដែលបានបន្តថា​ កាលពីថ្ងៃទី២៦ ខែកុម្ភៈកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ទៅលើឈ្មោះ​ សុខ ស័ក្កបញ្ញាណិត។តាមបណ្តឹងពីបុរសរងគ្រោះឈ្មោះ ស្វាយ សារ៉ាត់​ តារាវុធ​ អាយុ៣៦ ឆ្នាំ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។អង្គហេតុនៃការឃាត់ខ្លួននោះបានបញ្ជាក់ថា  កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ​ សុខ ស័ក្កបញ្ញាណិត បានទំនាក់ទំនងនិងលួងលោមជនរងគ្រោះ ដើម្បីឱ្យដាក់ទុនរកស៊ីជាមួយគ្នា ក្នុងទំហំទឹកប្រាក់ចំនួន ២៣.០០០ដុល្លារ។

ក្នុងនោះជនសង្ស័យបានអះអាងថា បើសិនជាការងារនោះ រកស៊ីទៅមិនមានផល ចំណេញ ឬមិនកាក់កបយ៉ាងណាក្តី រូបគេជាជនសង្ស័យ នឹងប្រគល់ប្រាក់ឱ្យជនរងគ្រោះគ្រប់ចំនួនវិញ ក្នុងរយៈពេល៣ខែ។ដោយមានការជឿទុកចិត្តលើអ្នករាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ប្រាក់សុទ្ធចំនួន២៣.០០០ ដុល្លារឱ្យទៅជនសង្ស័យនៅក្នុងបុរីហុងឡាយ ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ក្រោយមកមុខរបរមិនបានជោគជ័យ ជនសង្ស័យមិនបានប្រគល់ប្រាក់​ ឱ្យជនរងគ្រោះវិញទេ។ តែបានចេញសែករបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA ចំនួន២សន្លឹក។ មួយសន្លឹកមានទឹកប្រាក់៩.០០០ដុល្លារអាមេរិក និងមួយសន្លឹកទៀតចំនួន១៤.០០០ដុល្លារដើម្បីឱ្យជនរងគ្រោះទៅដក ប្រាក់ពីកុងធនាគារ។

ក្រោយពីទទួលបានមូលប្បទានប័ត្រចំនួន២សន្លឹករួចហើយ ដល់ថ្ងៃកំណត់ជនរងគ្រោះបានយកមូលប្បទានប័ត្រនោះ ទៅបើកប្រាក់នៅធនាគារ។ ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនោះមិនមានសាច់ប្រាក់ទេគឺ“សែកស្អុយ” ។ជនរងគ្រោះនៅពេលដឹងថា សែកស្អុយហើយ ក៏បានព្យាយាមទាក់ទងទៅជនសង្ស័យ។ តែមិនអាចរកដំណោះស្រាយបាន ដោយជនសង្ស័យព្យាយាម គេចពីបំណុលនោះរហូត ទើបជនរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការតែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *