ព័ត៌មានសង្គម សេដ្ឋកិច្ច

​អង្គការ WWF ៖​រាជរដ្ឋាភិបាល​កម្ពុជា ផ្អាក​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​កាត់​ទន្លេមេគង្គ​

​ភ្នំពេញ​៖​យោងតាម​អង្គការ​WWF​បានឱ្យដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​កាត់​ទន្លេមេគង្គ​។​នេះ​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អនាគត​មនុស្ស​រាប់លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​និង​ជីវៈចម្រុះ​ដ៏​អស្ចារ្យ​ដែល​ពឹង​អាស្រ័យ​នឹង​ទន្លេ​នេះ​។​

​អង្គការ​WWF​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​៖​លោក វិចទ័រ ហ្សូ​ណា អគ្គនាយក​នៃ​នាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ​និង​ថាមពល​ប្រទេស​កម្ពុជា​បានបញ្ជាក់​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​ផែនការមេ​សម្រាប់​វិស័យ​ថាមពល​រយៈពេល​១០​ឆ្នាំ​(២០២០​និង​២០៣០)​របស់​កម្ពុជា​ដែល​បានអនុម័ត​ថ្មីៗ​នេះ​គ្មាន​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ទន្លេមេគង្គ​ទេ​។​

​លោក​សេង​ទៀក​នាយក​អង្គការ​WWF-​កម្ពុជា​បាន​ថ្លែងថា​៖“​ការរក្សា​ទន្លេមេគង្គ​ក្រោម​ក្នុងប្រទេស​កម្ពុជា​ឱ្យនៅ​តែមាន​លំហូរ​តាមបែប​ធម្មជាតិ​គឺជា​ការសម្រេចចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស និង​ធម្មជាតិ ។​អង្គការ​WWF​សូម​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្អាក​គម្រោង​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ហើយ​ងាក​ទៅ​ស្វែងរក​ប្រភព​ថាមពល​ដទៃទៀត​ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថាមពល​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​អង្គការ​WWF​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​ផែនការ​ថាមពល​ប្រកបដោយ​និរន្តរភាព​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​ផ្តោតលើ​ជម្រើស​ថាមពល​កកើតឡើង​វិញ​ដែល​មិន​ប៉ះពាល់​បរិស្ថាន​។​ក្នុងនោះ​ចូលរួមចំណែក​សម្រេច​គោលដៅ​ថាមពល​របស់​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​ធ្វើ​ទំនប់​កាត់​ទន្លេ​ដែល​កំពុង​ហូរ​តាមបែប​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ឡើយ​”​។​

​លោក ម៉ាក ហ្គ័​រ​ហ្សូ (Marc Goichot) ប្រធាន​កម្មវិធី​ទឹកសាប នៃ​អង្គការ​WWF​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖”​ការពន្យា​ពេល​១០​ឆ្នាំ​ក្នុង​ការផ្អាក​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នានា​កាត់​ទន្លេមេគង្គ​ដែល​បានប្រកាស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​គឺជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អនាគត​មនុស្ស​រាប់លាន​នាក់​។​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​និង​ជីវៈចម្រុះ​ដ៏​អស្ចារ្យ​ដែល​ពឹង​អាស្រ័យ​នឹង​ទន្លេ​នេះ​ជាពិសេស​គឺ​សម្រាប់​សត្វ​ផ្សោត​មេគង្គ​(Irrawaddydolphin)​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រភេទ​សត្វ​ទឹកសាប​សំខាន់​ជាស​កល​”​។

​លោក​ម៉ាក​ហ្គ័​រ​ហ្សូ​បាន​បន្តថា​”​វិទ្យាសាស្ត្រ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ទំនប់​វា​រី​អគ្គិសនី​អាចធ្វើឱ្យ​ធ្លាក់ចុះ​នូវ​ប្រភេទ​ត្រី​ជាច្រើន​ព្រមទាំង​រាំងស្ទះ​លំហូរ​ដីល្បាប់​ដែល​អាច​នឹង​ព​ន្លឿ​ន​ការ​ជន់​លិច​និង​ការរួម​តូច​នៃ​ដីសណ្តរ​និង​គម្រាមកំហែង​ដល់​ទិន្នផល​កស្រូវ​ជាច្រើន​កន្លែង សហគមន៍​នេសាទ និង​និរន្តរភាព​សេដ្ឋកិច្ច នៃ​ប្រទេស​វៀតណាម​”​។

​លោក​ម៉ាក​ហ្គ័​រ​ហ្សូ​បាន​បន្តថា​”​ការសម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​របស់​ប្រទេស​កម្ពុជា​គឺជា​ឧទាហរណ៍​គម្រូ​សម្រាប់​ប្រទេស​ដទៃទៀត​ឱ្យ​ទទួលស្គាល់ថា​ទន្លេ​ដែលមាន​លំហូរ​តាម​ធម្មជាតិ​ផ្តល់​អត្ថប្រយោជន៍​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្ស​និង​ប្រភេទ​សត្វ​ជាច្រើន​រាប់មិនអស់​ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ​”៕សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *