ព័ត៌មានសង្គម សន្តិសុខ

​ចាប់បាន​ម្នាក់​រត់គេចខ្លួន​ម្នាក់​ខណៈ​ឆែកឆេរ​ឃើញ​កាំភ្លើង​១​ដើម​និង​ថ្នាំញៀន​

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ម្នាក់ទៀត​រត់គេចខ្លួន​ខ​ណៈ​ឆែកឆេរ​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម​និង​ថ្នាំញៀន​២​កញ្ចប់​។​ការឃាត់ខ្លួន​នៅ​ចំណុច​មុខ​សាលា​IU​តាម​បណ្ដោយ​ផ្លូវ​១០១១​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ ណត មាស​ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ខាងក្រោយ​សាលា​ឥន្ទ្រ​ទេវី​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​រត់គេចខ្លួន​។​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​៕

ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចចាប់​ជន​កូរ៉េ​២​នាក់​ពីបទលួច​រថយន្តនៅក្រុង​សៀមរាប

សៀមរាប​៖សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួនជនសង្ស័យ​ជនជាតិ​កូរ៉េ​ចំនួន​២​នាក់​​​ពីបទ​ពាក់ព័ន្ធ​ករណី​លួចលួច​រថយន្ត​។​ការឃាត់ខ្លួន​ជន​កូរ៉េ​នេះ​បាន​ធ្វើឡើង​នៅចំណុ​ផ្ទះសំណាក់​ដេ​ហូ​ណា​រ៉ា ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី​៤​ខែមេស​ឆ្នាំ២០២០​។​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាបបានឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជួល​រថយន្ត​ម៉ាកតូយូតាហាយយុត​ពណ៌​ស​ពាក់​ស្លាកលេខ​ភ្នំពេញ​២AL៩៥១២​របស់​ក្រុមហ៊ុន​SM​ក្នុងតម្លៃ​១០០​ដុល្លារ​ពី​សៀមរាប ទៅ​ភ្នំពេញ​។​ដោយ​មានអ្នកបើកបរ​ឈ្មោះ​សុខ​គឹម​សុង​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ខ្នារ​ថ្មី​សង្កាត់​ជ្រាវខេត្តសៀមរាប​។ ​ ពេល​ជិះ​ដល់​ចំណុច​ថ្នល់បំបែក​រកា​កោង​ខេត្តកណ្តាល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់ចងដៃ​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​រួច​ជនសង្ស័យ​បើករថយន្ត​នេះ​ត្រឡប់មក​ខេត្តសៀមរាប​វិញ​។​ រហូតដល់​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​ដល់​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង​ត្រង់ចំណុច​ភូមិ​ទ្រាក​សង្កាត់​សៀមរាប​ក្រុង​/​ខេត្តសៀមរាប​ជនរងគ្រោះ​បាន​សុំចូល​បន្ទប់ទឹក​រួចរ​ត់​ឱ្យគេ​ជួយ​។​ចំណែក​ជនសង្ស័យ​ទាំង​២​បាន​បើករថយន្ត​គេចខ្លួនបាត់​។​ ​ លោក​បាន​បន្តថា​ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​ប្រតិបត្តិការ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​និង​រថយន្ត​។ ជនសង្ស័យ​ទាំង​២​គឺមាន -​ឈ្មោះ​KANG PONGYEOK​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​កូរ៉េ​កាន់​លិខិតឆ្លងដែន​លេខ​៣៩០៧៦៨៤៧​និង​ម្នាក់ទៀត​-​ឈ្មោះ​PARKHYUNCHEOL​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​កូរ៉េ​កាន់​លិខិតឆ្លងដែន​លេខ​៦៥៧៩២៩៨៦​។​ ​ជនសង្ស័យ​ទាំង​២​ត្រ​វ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​រថយន្ត​ត្រូវបាន​ប្រគល់ឱ្យ​ម្ចាស់​វិញ​៕

ព័ត៌មានសង្គម សុខាភិបាល

មេប៉េអឹមក្រុងយក​ស្បៀងអាហារ​និង​សម្ភារ​ដល់​ក្រុមការងារ​សង្កាត់​ទាំង​១២​ក្នុង​ខណ្ឌដង្កោ​

ភ្នំពេញ៖​ដោយ​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ព្រមទាំង​សេចក្តីណែនាំ​របស់លោក​ស្រី​កិត្តិ​សង្ក​ហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​ ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន​ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ​។​ លោក​បាន​នាំយក​នូវ​ស្បៀងអាហារ​និង​សម្ភារ​រក្សា​អនាម័យ ជាច្រើន​មុខ រួមមាន​៖ អង្ករ​១២​តោន​,​ទឹកត្រី​ទឹកស៊ីអ៊ីវ​១២០​យួរ​,​ម៉ាស់​វេជ្ជសាស្ត្រ​៤​ស្រទាប់​ការពារ​បាក់តេរី​៤៨​ប្រអប់​ស្មើនឹង​២.៤០០​ម៉ាស​, ស្រោមដៃ​១២០០​គូ​,​ក្រដាស់អនាម័យ​១២០​ដុំ​និង​សាប៊ូ​លៀងដៃ​២៤​កា​ដុង​ធំ​ស្មើនឹង​៤៨០​លីត្រ ។​ ​សម្ភារ​ប្រគល់ជូន​ដល់​ចៅសង្កាត់​ទាំង​១២​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ក្នុង​ចំណែក​ស្មើៗ​គ្នា​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​សង្កាត់​និង​ទុក​បម្រុង​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ នៅក្នុង​មូលដ្ឋាន​សង្កាត់​នីមួយៗ ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការរីក​រាល​ជំងឺឆ្លង កូ​វីដ​១៩​។​ ​ក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម ពី លោក​ប្រធាន​ក្រុមប្រឹក្សា លោកស្រី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ អភិបាលរងខណ្ឌ​នាយក​នាយករង​រដ្ឋបាល​មន្ត្រីរាជការ​សាលាខណ្ឌ​ចៅសង្កាត់​ទាំង​១២​និង​ក្រុមការងារ​ចុះជួយ​ខណ្ឌ​សង្កាត់​ជាច្រើនរូប​ផងដែរ​។​ ឆ្លៀត​ក្នុងឱកាស​នាពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ទាំងអស់​សូម​យកចិត្ត​ដាក់​ក្នុងការ​អនុវត្ត​និង​ផ្សព្វផ្សាយ​នូវ​គោលការណ៍​អនាម័យ​និង​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ជាពិសេស​ត្រូវ​ចុះទៅ​ពន្យល់​ប្រជាពលរដ្ឋ​តាម​គ្រួសារ​នីមួយៗ​ឱ្យដល់​ខ្នង​ផ្ទះ​ផ្ទាល់​តែម្តង​ដោយ​ជៀសវាង​ការប្រមូលផ្តុំ​មនុស្ស​ជួបជុំ​ក្នុង​ចំនួន​ច្រើន​៕

Featured ព័ត៌មានអន្តរជាតិ

​ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​កើន​លើស​៦៥.០០០​នាក់​

ព័ត៌មាន​អន្តរជាតិ​៖​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ពលរដ្ឋ​អាមេរិក​ថា​នឹង​ឃើញ​ការស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​ដ៏​គួរឱ្យ​ញញើត​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​កើន​ហួស​៦០.០០០​នាក់​។​ ​ករណី​ឆ្លង​កូ​វីដ​១៩​នៅ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​សៅរ៍​បាន​កើន​ហួស​៣០០.០០០​នាក់​។​តែ​អឺរ៉ុប​បន្ត​រងគ្រោះ​ខ្លាំង​ពី​ការវាយប្រហារ​របស់​កូ​វីដ​១៩​ដែល​បាន​បង្ខាំង​មនុស្ស​កន្លះ​ផែនដី​ឱ្យនៅ​ក្នុងផ្ទះ​ជាមួយនឹង​ការ​ខាតបង់​សេដ្ឋកិច្ច​មហា​សែន​ធំធេង​។​ជាង​៤៥.០០០​នាក់​ស្លាប់​នៅ​អឺរ៉ុប ដោយ​អង់គ្លេស​បាន​រាយការណ៍​កំណើន​អ្នកស្លាប់​ដោយ​កើន​ដល់​៤.៣០០​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ជិត​៤២.០០០​នាក់​នៅក្នុង​ប្រទេស​នេះ​។​ ​មហាក្សត្រី​យ​អេ​លីហ្សា​បេ​តទី​២ បាន​ចេញមក​ថ្លែង​សុន្ទរកថា​ផ្ទាល់​ដ៏​កម្រ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មេសា​ឆ្នាំ​២២០២០ ដោយ​អំពាវនាវ​ឱ្យ​ប្រជាជន​ងើបឡើង​ជម្នះ​ឧបសគ្គ​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា និង​បាន​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​នៅ​ជួរមុខ​។​ឥឡូវ​មនុស្ស​ជាង​១,២​លាន​នាក់​បាន​ឆ្លង​កូ​វីដ​១៩​នៅ​ទូទាំង​សកលលោក និង​ប្រមាណ​៦៥.០០០​នាក់​បាន​ស្លាប់​ចាប់តាំងពី​វីរុស​នេះ​បង្ហាញខ្លួន​ដំបូង​នៅ​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៩​។​ ​ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក បាន​ឈានចូល​«​ពេល​ដ៏​ញញើត​ណាស់ ដោយសារតែ​ចំនួន​អ្នកស្លាប់​និង​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដ៏​អាក្រក់​។​នេះ​ប្រហែលជា​ពេល​ដ៏​លំបាក​បំផុត​។​នឹងមាន​ការស្លាប់​ច្រើន​»​។​ ​អឺរ៉ុប រងគ្រោះ​ខ្លាំងជាងគេ​ពី​ការវាយប្រហារ​ដោយ​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​អ្នកស្លាប់​បាន​កើន​ដល់​ជាង​៤៥.០០០​នាក់​ ​អ៊ីតាលី ដែល​រងគ្រោះ​ខ្លាំងជាងគេ បានឃើញ​ការធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​ជា​លើកដំបូង​ដោយ​ធ្លាក់ចុះ​ពី​ចំនួន​៤.០៦៨​កាលពី​ថ្ងៃ​សុក្រ​មក​នៅត្រឹម​៣.៩៩៤​នាក់​នៅ​ថ្ងៃ​សៅរ៍​។​អេ​ស្ប៉ា​ញ​ក៏​ឃើញ​ការធ្លាក់ចុះ​ចំនួន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ដល់​ថ្ងៃទី​២​ជាប់​គ្នា មក​នៅត្រឹម​៨០៩​នាក់​កាលពី​ថ្ងៃ​សៅរ៍​៕​រស្មី​កម្ពុជា​ ​

ព័ត៌មានសង្គម សុខាភិបាល

ថ្ងៃ​៥​មេសា​នេះ​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ទេ​ជាសះស្បើយ​ម្នាក់​

ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥​មេសា​នេះ​ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាសថា​មិនមាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ​សម្រាប់​ថ្ងៃទី​៤​មេសា​ហើយ​ករណី​ជាសះស្បើយ​មាន​ម្នាក់​។​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​បានឱ្យដឹងថា​សម្រាប់​ថ្ងៃទី​៤​ខែមេសា ឆ្នាំ​២០២០ មិនមាន​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ទេ និង​បានជា​សះស្បើយ​ម្នាក់​។​ ​គិត​មកទល់នឹង​បច្ចុប្បន្ន​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩​នៅត្រឹម​១១៤​នាក់​ដដែល​ហើយ​អ្នកជា​សះស្បើយ​សរុប ៥០​នាក់​។​អ្នក​ដែលជា​សះស្បើយ​ថ្មី​នេះ គឺ​បុរស​អាយុ​៦២​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ជា​ក្រុម​មក​ធ្វើ​ការងារ សាសនា​ស្នាក់នៅ​ស្រុក​កងមាស​ខេត្តកំពង់ចាម​បន្ទាប់ពី​ធ្វើតេស្ត​២​ដង​គ្មាន​វីរុស​កូ​វីដ​១៩​។​ឥឡូវ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕​សុផល​ ​ ​ ​សូម​អាន​លម្អិត​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បុគ្គលិកបរទេស​កាស៊ីណូ​នៅ​ព្រំដែន​ខេត្តចំនួន២បាន​ចាកចេញ​ដោយសារកូ​វីត​១៩

បន្ទាយមានជ័យ​៖​ជនបរទេស​ភាគច្រើន​ជនជាតិ​ថៃ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ទាំងឡាយ​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ចាកចេញ​។​នេះ​បើតាម​ប្រភពពី​មន្ត្រីនគរបាល​ច្រកទ្វារព្រំដែន​ឱ្យដឹង​នា​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៃ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​របស់​កម្ពុជា​និង​ច្រកទ្វារ​អន្តរជាតិ​ខ្លង​លឹក​របស់​ថៃ​បាន​សម្រួល​វាយ​លើ​ឯកសារ​បែបបទ​ចេញ​និង​ចូល​ប្រទេស​របស់​ជនជាតិ​ថៃ​និង​ជនបរទេស​មួយចំនួន ។​ ​សូម​រំលឹកថា យោង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អួន​ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​៖​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដែល​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​នា​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​។​ ​ក្រសួង​សូម​ជម្រាបជូន​ដំណឹង​ដល់​លោកនាយក​/​នាយិកា​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ឱ្យបាន​ជ្រាបថា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​និង​ចម្លង​នៃ​វី​រស​កូ​វីត​១៩​ក្រសួង​សូម​ដាក់ចេញ​វិធានការ​ដូចខាងក្រោម​៖ ​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​ការបញ្ឈប់​សក​ម្ម​ភាព​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ពី​ម៉ោង​១២​យប់​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​តទៅ​រហូតដល់​មាន​សេចក្តីជូនដំណឹង​ថ្មី​។​ចំពោះ​កត​ព្វ​កិច្ច​ចំណូល​ប្រចាំខែ​ត្រូវបាន​លើកលែង​ពី​ពេល​នេះដែរ ។​ ​លោក​វរសេនីយ៍​អេង​លី​ហួរ​ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​នៅ​ក្រុង​ប៉ោយប៉ែត​មាន​កាស៊ីណូ​ចាស់​ធំៗ​១១​កន្លែង​និង​បំបែក​បង្កើត​បន្ថែម​ថ្មី​១២​កន្លែង​ទៀត​៕

នយោបាយ ព័ត៌មានសង្គម សុខាភិបាល

ផែនការ​ថ្មី​ប្រឆាំង​កូ​វីដ​១៩៖​បញ្ជា​ទិញ​ម៉ាស់​ស្តុក​១០​លាន និង​អាល់កុល​មួយ​លាន​លីត្រ​

​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដាក់ចេញ​ផែនការ​ថ្មី​ដោយ​បង្កើត​ស្តុក​រាជរដ្ឋាភិបាល ដោយ​តម្រូវឱ្យ​ស្តុក​នូវ​ម៉ាស​ចំនួន​មួយ​លាន​ម៉ាស់​,​សម្លៀកបំពាក់​គ្រូពេទ្យ​ប្រាំ​ពាន់​កំ​ប្លេ ,​ម៉ាស N95​ចំនួន​ប្រាំ​ពាន់​ម៉ាស និង​ទឹក​អាល់កុល​ចំនួន​មួយ​លាន​លីត្រ ទុក​ប្រើប្រាស់​ក្នុងករណី​មានការ​វិវឌ្ឍន៍​មិនល្អ​ណាមួយ​លើ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​។​នេះ​បើ​យោងតាម​គេហទំព័រ​ហ្វ្រេស​ញូ​វ​នៅ​ល្ងាច​ថ្ងៃទី​៤​ខែមេសា​នេះ​។​ ​ ប្រភព​ដដែល​ដោយបាន​អះអាងថា​ជាការ​ស្រង់​សារ​ជា​សំឡេង​បទបញ្ជា​ទៅកាន់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ថ្ងៃទី​៤ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើទោះបីថា​ស្ថាន​ការវិវឌ្ឍ​ន៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មិន​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​យ៉ាងណាក្តី ។តែ​ដើម្បី​ប្រាកដថា​កម្ពុជា​មិន​ជួប​បញ្ហា​ខ្វះ​ម៉ាស​សម្លៀកបំពាក់​និង​ទឹក​អាល់កុល​សម្រាប់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ត្រូវបង្កើត​នូវ​ស្តុក​មួយ​សម្រាប់​រាជរដ្ឋាភិបាល​។​ សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា «​នេះ​ជាការ​ចាំបាច់ ព្រោះ​យើង​មិន​អាចឱ្យ​គ្រូពេទ្យ​ណា​ម្នាក់​ឆ្លង​ព្រោះតែ​ខ្វះ​ការទទួលខុសត្រូវ របស់​យើង​នោះទេ​។ ឥឡូវនេះ​ខ្ញុំ​សូម​ចេញ​នូវ​បទបញ្ជា​បន្ថែម គឺ​យើង​ត្រូវ​មានការ​ស្តុក​បម្រុង​របស់​រាជរដ្ឋាភិបាល​មួយកម្រិត​ទៀត​»​។​ ​ប្រភព​ដដែល​បន្ត​ថាស​ម្តេច​តេ​ជោ​បាន​ណែនាំ​ថា ទាំង​ម៉ាស សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ និង​ទឹក​អាល់កុល​នៅពេល​ប្រើ​អស់ គឺ​ត្រូវ​ផលិត​យកមក​បំពេញបន្ថែម​ភ្លាម​។ ស្តុក​របស់​រាជរដ្ឋាភិបាល គឺ​រក្សា​នៅ​ក្រសួងសុខាភិបាល​ដដែល តែ​នៅពេល​យកទៅ​ប្រើប្រាស់​ត្រូវ​ដាក់សំណើ​ទៅកាន់​សម្តេច​។​ ​គួរ​រំំ​លឹក​ថា​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែមេសា​មាន​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ សរុប ១១៤​នាក់​។ ប៉ុន្តែ​មាន​អ្នកជំងឺ​ចំនួន ៤៩​នាក់​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​និង​អ្នកជំងឺ​កំពុងតែ​ព្យាបាល​មាន​ចំនួន ៦៥​នាក់​៕​រ​.​រិ​ទ្ធ​

នយោបាយ

សេចក្តីព្រាងច្បាប់​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​ទៅដល់​រដ្ឋសភា​

​ភ្នំពេញ​៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​បាន​ទៅ​ដល់ដៃ​រដ្ឋសភា​ហើយ ដែល​គ្រោង នឹង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នោះ​នៅ​សប្តាហ៍​ក្រោយ​។ ​យោងតាម​មន្ត្រី​នាំពាក្យ​រដ្ឋសភា​លោក​ឡេង​ប៉េងឡុង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​អង្គា​រ៍ ទី​៧​ខែមេសា​សប្តាហ៍​ក្រោយ​។​សេចក្តីព្រាងច្បាប់​ដែល​ដាក់​ជាការ​ប្រញាប់​នេះ​អាច​នឹងដាក់​ទៅ​ពិភាក្សា និង​អនុម័ត នៅ​សប្តាហ៍​ក្រោយ​យ​ដដែល​នោះ​តែម្តង​។ ​សេចក្តីព្រាងច្បាប់​នេះ​មាន​៥​ជំពូក​និង​១១​មាត្រា​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ដឹកនាំ​ជាតិ​នៅពេលដែល​ប្រទេស​ត្រូវបាន​ប្រកាស​ដាក់​ក្នុង​ភាពអាសន្ន​។​យោងតាម​មាត្រា​៣​នៃ​សេចក្តីព្រាងច្បាប់​ការកំណត់​ថិរវេលា​សម្រាប់​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ។​គឺ​មិនឱ្យ​លើសពី​៣​ខែ ហើយ​ឋិ​រៈវេ​លា នេះ​អាច​ត្រូវបាន​បន្ត​ក្នុង​លក្ខខណ្ឌ​ដូចគ្នា​។​ ​មាត្រា​៥​ត្រង់​កថាខណ្ឌ​ចុងក្រោយ​នៃ​សេចក្តីព្រាងច្បាប់​បានសរសេរថា​”​ក្នុងពេល​សង្គ្រាម​ឬ​កាលៈទេស​ដទៃទៀត​ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ដោយ​រាជរដ្ឋាភិបាល​អាចធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​”​។ ​មាត្រាមួយ​ដទៃ ទៀត​ក្នុង​ជំពូក​ទី​៤​ស្តីពី​ទោស​ប្ប​ញ្ញ​តិ្ត បាន​ចែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ប្រើ ប្រាស់​សិទ្ធិអំណាច​ដោយ​រំលោភ​ដើម្បី​ធ្វើតាម​ទំនើងចិត្ត​ហើយ​បង្ក​ការខូចខាត​ដល់​រូបរាងកាយ​ឬ​ទ្រព្យសម្បត្តិ​អ្នកដទៃ ត្រូវ​ទទួលខុស ត្រូវ​នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។​ ​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បានធ្វើ​លិខិត​មួយ​ស្នើ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា​ដើម្បី​គ្រោង​កោះប្រជុំ​វិសាមញ្ញ​មួយ​ក្នុងពេលដែល​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន កំពុងស្ថិត​ក្នុង ដៃ​រដ្ឋសភា​៕​សុភាព​

កម្សាន្ត

​មុន្នី​ម៉ូ​នី​តា​រត់​ចេញពី​ទីក្រុង មក​បង្ហាញ​សម្រស់​នៅ​កណ្តាល​ព្រៃ​

ភ្នំពេញ​៖ តារា​សម្តែង មុន្នី ម៉ូ​នី​តា កំពុង​លេចមុខ​មាន​ប្រជាប្រិយភាព​ក្នុង​រឿង​ភាគច្រើន​នោះ មក​សម្ងំ​នៅ​ខេត្ត​វិញ​ដោយបាន​បង្ហាញ​សម្រស់​ពេល​ងូតទឹក​នៅ​ភ្នំ​កណ្តាល​ព្រៃ​ស្ងាត់ឈឹង ខណៈ​ទីក្រុង​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​ ​តារា​ស្រី​រូបនេះ បាន​ពោលថា “​បរិយាកាស​ល្អ ងូតទឹក​អូរ ស្រស់ស្រាយ​ណាស់​កណ្តាល​ព្រៃ​សែន​ធំ លើ​កំពូលភ្នំ​ដ៏​ខ្ពស់ គ្មាន​សៅហ្មង គ្មាន​កូ​វីដ​-១៩ គ្មាន​ទាំង​សេវា​ទូរស័ព្ទ​ផងដែរ​”​។​រូបថត​ពេល​ងូត​បញ្ចេញ​សម្រស់ នៅលើ​ភ្នំ​របស់​តារា​សម្តែង មុន្នី​ម៉ូ​នី​តា​បាន​បង្ហោះ​ជាច្រើន​សន្លឹក​ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ពេញចិត្ត​។​

ព័ត៌មានសង្គម សន្តិសុខ

​ដេញ​តាមចាប់ទា​ចូលក្នុង​លូ​បណ្តាលឱ្យបុរសពីរនាក់ថប់ដង្ហើម​ស្លាប់​​

ភ្នំពេញ​៖​បុរស​២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ចូលចាប់​សត្វ​ទា​ក្នុង​លូ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង ក្នុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​។​ ​ពលរដ្ឋ​បានឱ្យដឹងថា​៖​កាលពី​រសៀល​ថ្ងៃទី​៤​នៅ​វាលស្រែ​មួយកន្លែង​នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង​ក្នុង​សង្កាត់​ក្រាំងធ្នង់​កាលពី​វេលា​ម៉ោងជាង​២​មាន​កម្មករសំណង់​ម្នាក់​ពេល​កំពុង​អង្គុយ​សម្រាក​ពី​ការងារ​ក៏​ឃើញ​សត្វ​ទា​រត់​ចូលក្នុង​លូ ហើយ​ដំបូង​មាន​បុរស​ម្នា​ក់បាន​ចូល​ទៅតាម​ចាប់យក​ឱ្យ​ម្ចាស់​គេ​។ ​ប៉ុន្តែ​បាត់​ខ្លួន​មិនឃើញ​ចេញមក​វិញ​អស់​រយៈពេល​២​ម៉ោង​ទើប​មាន​បុរស​ម្នាក់ទៀត​ដែលជា​កម្មករសំណង់​ដូចគ្នា​ចូល​តាមរក ហើយក៏​បណ្តាលឱ្យ​បាត់​ខ្លួន​ទាំងពីរ​នាក់ រហូតដល់​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច​នេះ ពួកគេ​បាន​បាត់បង់​ជីវិត​ទៅហើយ​។​ក្រោយពី​សមត្ថកិច្ច​អាជ្ញាធរ​ខំ​យក​គ្រឿងចក្រ​ជួយសង្គ្រោះ​តែ​មិនទាន់​ក៏​ស្លាប់​ទាំង​២​នាក់​។​ ​ប្រជាពលរដ្ឋ​ឱ្យដឹងថា​៖​លូ​នោះ​មាន​បណ្តោយ​ប្រហែលជា​១០០​ម៉ែត្រ​ហើយ​មិនសូវមាន​ខ្យល់​ចេញចូល​នោះទេ​និង​មានទឹក​ថែមទៀត​។​ទោះយ៉ាងណា​អត្តសញ្ញាណ​នៃ​សាកសព​មិនទាន់​ត្រូវបាន​កំណត់​ឡើយ​ដោយសារ​រង់ចាំ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​សមត្ថកិច្ច​ជំនាញ​សិន​៕