ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ចតចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ម៉េងហួត អាយុ៤៧ឆ្នាំរងរបួសធ្ងន់ មានទីកំណើតនៅឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ។ មុនកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍កំពុងចតចិញ្ចើមផ្លូវ។ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពីផ្លាកលេខភ្នំពេញ1JT-7012 យ៉ាងលឿនក៏ជ្រុលបុករថយន្តនោះពីក្រោយ ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចពិនិត្យ វាស់វែងនិងយកទៅទុកដើម្បីបន្តនីតិវិធី៕
Author: rsc
គោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀត ស្លាប់ដោយខ្មែរក្រហម ស្ទាក់បាញ់តាមផ្លូវនៅស្រុកចម្ការលើ
កំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជាមួយមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀតចំនួន៩រូបខ្មែរ១រូប។ ជនរងគ្រោះបំពេញការងារផ្នែកកសិកម្មដែលបានស្លាប់ ដោយសារក្រុមទាហានខ្មែរក្រហម ស្ទាក់បាញ់ប្រហារនៅតាមផ្លូវក្នុងស្រុកចម្ការលើកាលពីឆ្នាំ១៩៨៣។ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកានៅវត្តដូនធី ក្នុងឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្រោមវត្តមានលោក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក។ លោកឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។លោកH.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។គួររំលឹកថា ពេលកើតហេតុអតីតជំនាញការកសិកម្មបានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាសនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារបានសម្រាកនៅខេត្តកំពង់ចាម ដោយមានរថយន្តចំនួន៣គ្រឿង រួមមានកងកាពារពីខេត្តចំនួន១២នាក់។លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហាឆ្នាំ១៩៨៣ បានចេញដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស។ ពេលធ្វើដំណើរដល់ភូមិដូនធី ពួកខ្មែរក្រហមមាន២ក្រុមបានពួនស្ទាក់បាញ់ប្រហារ ដោយកាំភ្លើងគ្រប់ដៃម៉ាកAK47និងB40 ។ពួកគេបានបាញ់សន្ធាប់លើក្បួនរថយន្តរបស់ក្រុមការងារ ធ្វើឱ្យក្រុមកងការពារបាត់ម្ចាស់ការរត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ។ តែយើងត្រូវពួកខ្មែរក្រហមបាញ់ឱ្យរងរបួសនិងស្លាប់។អ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះមាន ១-លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ ជនជាតិខ្មែរ-លោក ទីមេណូវ វ.វ (N.V.Tikmenov) វិស្វករបច្ចេកវិទ្យា- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko) វិស្វករក្សេត្រសាស្ត្រ។ លោក ហ្គីប៉ូវ […]
ទណ្ឌិត៥៣៨នាក់ បានលើកលែងទោស ឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
ភ្នំពេញ៖ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកបណ្ឌិតគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងតាមប្រព័ន្ធបណ្ដាញតេឡេក្រាមថា “ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣”។“យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត សម្រាប់ពិធីបុណ្យទាំង២នេះ សរុបចំនួន៥៣៨នាក់ក្នុងនោះស្រី៤៣នាក់”។ លោកបណ្ឌិត គឹមសន្តិភាព បានបញ្ជាក់ថា “ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំង២នេះរួមមាន-ការបន្ថយទោស៣ខែចំនួន៣៩១នាក់ស្រី៣១នាក់។ បន្ថយទោស៦ខែ១៣២នាក់ស្រី១០នាក់។ បន្ថយទោស៩ខែ១២នាក់ស្រីម្នាក់។បន្ថយទោស១២ខែម្នាក់។បន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំម្នាក់។លើកលែងទោសស្ត្រីម្នាក់ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ជាមួយគ្នានេះ “ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិមិនលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើរទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា ១៖ ចំពោះបទល្មើសទូទៅ-ឧក្រិដ្ឋជនគ្រឿងញៀន-អំពើសាហាវយង់ឃ្នង-ករណីមិនរាងចាល-ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬសហព័ទ្ធ-ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈ-ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។ ២៖ចំពោះបទល្មើសរំលោភផ្លូវភេទ-ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ-ជនរងគ្រោះជាជនមានវិបល្លាសស្មារតីឬពិការ-ជនរងគ្រោះជាសាច់សាលោហិត-ករណីរំលោភបូក-ករណីប៉ុនប៉ងឬបៀតបៀនកេរ្តិ៍ខ្មាស លើជនរងគ្រោះជាសាច់សាលោហិត”៕ដោយ៖សហការី
តខ្សែភ្លើងរួចរាយទៅវាលស្រែឆក់ត្រី ប៉ះចំដំណរឆ្លងចរន្តឆក់ស្លាប់ភ្លាម
ភ្នំពេញ៖បុរសម្នាក់បានត ខ្សែភ្លើងហើយរាយទៅវាលស្រែដើម្បីឆក់ត្រី តែអកុសក៏បះចំដំណរ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់មួយរំពេច អ្នកភូមិមិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍នេះបានកើតឡើងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សួន វិច្ឆិកា អាយុ៣១ឆ្នាំស្នាក់នៅភូមិឃុំខាងលើ។មុនកើតហេតុជនរងគ្រោះបានតខ្សែភ្លើងរួចរាយទៅវាលស្រែក្បែរផ្ទះដើម្បីឆក់ត្រី។ពេលកំពុងរាយខ្សែភ្លើងស្រាប់តែប៉ះចំខ្សែមានតំណរបណ្តាលឱ្យឆ្លងចរន្តភ្លើងក៏ឆក់ស្លាប់តែម្តង។ភ្លាមនោះអ្នកភូមិឃើញក៏នាំគ្នារត់ទៅជួយ ដោយដកខ្សែភ្លើងដើម្បីសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
បើកសវនាការ ករណីបាញ់សម្លាប់ប្រពន្ធកាលពីជិត២ឆ្នាំមុន
ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣ បានបើកសវនាការសាកសួរជនជាប់ចោទ ដែលបានបាញ់សម្លាប់ប្រពន្ធ កាលពីជិត២ឆ្នាំមុន។ ក្រោយពីបញ្ចប់សវនាការសាកសួរជនជាប់ចោទរួចមក ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី១៣ខែធ្នូខាងមុខដើម្បីប្រកាសសាលក្រម។ជនត្រូវចោទឈ្មោះ ជា អូន អាយុ២៥ឆ្នាំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកប្រពន្ធដែលប្តីសម្លាប់ឈ្មោះ នូ សុខនីតា ហៅ ស៊ីវអេង អាយុ២២ឆ្នាំនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ បានឃុំខ្លួនជនសង្ស័យករណីប្រើកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យដាក់គុកបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុនតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ”។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង អាវុធខ្លី១ដើមម៉ាកK59 រលប់លេខ-បង់១-គ្រាប់១គ្រាប់-កាំបិតហូត១-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1D-5011។ករណីបាញ់សម្លាប់ប្រពន្ធនេះបានកើតឡើងនៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ៕
អ៊ីស្រាអែល វាយប្រហារលើសាលារៀន នៅហ្គាហ្សាគ្រប់គ្រងដោយUN ធ្វើឱ្យស្លាប់៣០នាក់និងរបួសប្រមាណ១០០នាក់
អន្តរជាតិ៖ក្រុមហាម៉ាស់បាននិយាយថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និងប្រមាណ១០០នាក់រងរបួស ក្នុងការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយដែលគ្រប់គ្រងដោយ អង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រុមហាម៉ាស់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានផ្តោតលើសាលា Abu Hussein ដែលឧបត្ថម្ភដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា UNRWA ក្នុងតំបន់ជំរុំជនភៀសខ្លួនJabalia។ការវាយប្រហារនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌ នឹងចាប់អនុវត្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអត្ថាធិប្បាយណាមួយ ពីកងទ័ពអ៊ីស្រាអែលនៅឡើយទេ។ សូមបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង១៤.៨៥៤នាក់ រួមទាំងកុមារ ៦.១៥០នាក់ និងស្ត្រីជាង៤.០០០ នាក់។ ខណៈចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលវិញមានប្រហែល១.២០០នាក់៕ដោយ៖សហការី
បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ករណីប្រើហិង្សាលើកូនចុង មានស្លាកស្នាមរងរបួសធ្ងន់ធ្ងរ
កំពត៖សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានប្រើអំពើហិង្សាលើកូនចុង បណ្តាលឱ្យមានស្លាកស្នាមរងរបួសធ្ងន់ធ្ងរ និងបញ្ជូនទៅតុលាការ។ករណីនេះបានកើតឡើងនៅភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២៣ ។មន្ត្រីនគរបាលខេត្តកំពត មិនទាន់បានបញ្ជាក់ពីឈ្មោះស្ត្រីសង្ស័យ ករណីប្រើអំពើហិង្សាលើកូនចុង និងមូលហេតុយ៉ាងណានោះនៅឡើយទេ។ ប៉ុន្តែបានបង្ហាញរូបភាពមានស្លាកស្លាមលើដងខ្លួនក្មេងស្រីតូចរងគ្រោះ ជាអំពើហិង្សាដែលស្ត្រីជាម្ដាយចុង ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ គឺច្បាប់មិនអាចលើកលែងទោសឱ្យបានឡើយ។ក្រោយពីឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដំណឹងសម្រាប់អ្នកសារព័ត៌មាន អនឡាញទាំងអស់
ភ្នំពេញ៖លិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣។យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តី រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មាន តាមប្រព័ន្ធអនឡាញប្រភេទធនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ(២០២៣-២០២៨)។ក្នុងនោះកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០ភាគរយ។បច្ចុប្បន្នសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧អង្គភាព។ឆ្លៀតក្នុងឱកាសនេះ “ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន”៕
កំពុងបន្តនីតិវិធីករណីគ្រឿងសម្អាង-អាហារបំប៉នជិត៦តោនហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបកន្លែងស្តុកគ្រឿងសម្អាង-អាហារបំប៉នជិត៦តោន។មុខទំនិញទាំងនោះបានហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត ហើយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់យកទៅសាកសួរ ពេលនេះកំពុងបន្តនីតិវិធី។សមត្ថកិច្ចក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកម្លាំងជំនាញ-មន្ត្រីតុលាការ និងផ្នែកក្រសួងសុខាភិបាល បានចុះឆែកឆេរទីតាំងមួយ ដែលស្តុកផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ។ការបង្ក្រាបធ្វើឡើងនៅផ្ទះលេខ BA១១+BA១២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខមានទម្ងន់៥.៦៤១គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់។ក្នុងនោះអត់មានច្បាប់ចំនួន២៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍តែហួសសុពលភាពចំនួន៩មុខ និងមានច្បាប់ចំនួន១០មុខ។មន្ត្រីដដែលបានបន្តថា ក្រោយពីត្រួតពិនិត្ វត្ថុតាងត្រូវបានដកហូត ហើយខាងមន្ត្រីតុលាការសម្រេចបិទផ្លុំបេទីតាំងនោះ និងបាននាំខ្លួនម្ចាស់យកទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តតាមច្បាប់៕
“ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍”
ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ថា “ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ”។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវ៉េលេខ១ មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះមានចំណុចចាប់ផ្ដើមពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានបែងចែកចេញជា៣កំណាត់គឺ។-កំណាត់ផ្លូវភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម ប្រវែង១៣៥,២៥គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។កំណាត់ផ្លូវភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រចាប់ផ្ដើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។កំណាត់ផ្លូវភាគខាងជើង បាត់ដំបង-សិរីសោភ័ណប្រវែង៨៤,៧៤គីឡូម៉ែត្រ ចាប់ផ្ដើមពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវភាគកណ្តាល និងភាគខាងត្បូង តភ្ជាប់នឹងកំណាត់ផ្លូវភាគខាងជើង។ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែន។ក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតី ក៏បានប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ […]