ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ក្រុមមន្រ្តីជំនាញបានរកឃើញពពុះ សណ្តែកមានសារធាតុ គីមីលក់ក្នុងផ្សារ

ភ្នំពេញ៖​ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារជាប្រចាំ គោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើមិនសុចរិតក្នុងធុរកិច្ច។ជាក់ស្តែង ក្នុងបេសកកម្មនេះកាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ មន្ត្រីជំនាញ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន៨គំរូ រួមមានគ្រឿងសមុទ្រ ពពុះសណ្តែក និងខ្ញីហាន់។ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសំណាកគំរូពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ Borax ចំនួន៣គីឡូក្រាម និងត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលពេលក្រោយ។ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះគ្រប់ប្រភេទ ហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន២០,៤គីឡូក្រាម។ទំនិញទាំងនេះ ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុកនៅទីស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់អាជីវករ មន្ត្រីជំនាញបានណែនាំនិងផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញត្តិដែលកំពុងមានជាធរមានផងដែរ៕  

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន​ ជាតិចិនម្នាក់ជាមួយវត្ថុតាង ជាង២គីឡូទៅតុលាការ

​ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងជាង២គីឡូក្រាម និងចាប់ឧក្រិដ្ឋជនជាតិចិនម្នាក់។  មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹង កាលពីព្រឹកថ្ងៃ​ទី២៨​ខែកុម្ភៈ​នេះថា កម្លាំង​ជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិនម្នាក់និង រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម​នៅ២កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។មន្ត្រីដដែលបនបន្តថា​ ដោយទទួលបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់នៃឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា។ទី១-មុខសណ្ឋាគារកាសា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងទី២-នៅខុនដូរមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ ជនសង្ស័យម្នាក់ឈ្មោះ តាក ជ័ង DA ZHANG  អាយុ៣០ឆ្នាំ ជាជនជាតិចិន។ជាមួយនោះដកហូតវត្ថុតាងគ្រឿងញៀនច្រើនប្រភេទ សរុបទម្ងន់២គីឡូ៨១.៤១ក្រាម។បន្ទាប់ពីសាកសួរនិងត្រួតពិនិត្យរួច ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕    

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនអ្នកលេងខាងកាប់ដាវ២នាក់ ទៅតុលាការបន្ទាប់ ពីកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចាប់អ្នកលេងកាប់ដាវ២នាក់ក្រោយពីកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅតុលាការ​ កាលពីថ្ងៃទី២៧ ខែកុម្ភ:។មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានវាយកាប់ចាក់គ្នា នៅក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ។ជនសង្ស័យជាក្រុមអ្នកលេងកាប់ដាវជំនាញខាងកាប់មិនរើសមុខចំនួន២នាក់-ឈ្មោះ ខ្ចៅ ប៊ុនលី និងឈ្មោះ ម៉ៅ រ៉ាម៉ុន។ពួកគេទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ឆេង លី សាន អាយុ១៧ឆ្នាំនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ហេតុកាណ៍បានកើតឡើង កាលពីល្ងាចថ្ងៃទី២០ខែកុម្ភៈ មានក្មេងស្ទាវ២ក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត។ពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿងបានសងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដុំឈើជ្រុង បានតាមវាយជនរងគ្រោះបណ្តាលឱ្យរងរបួស ក្បាល,ដៃ និងខ្លួនប្រាណ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ក្រោយមកកម្លាំងជំនាញ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ២នាក់យកទៅសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕  

ព័ត៌មានសង្គម សន្តិសុខ

អនុវត្តសាលក្រមឱ្យចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធចេញសែកអត់លុយ ប្រមាណ២៧.០០០ដុល្លារ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកម្ភៈបានចាប់ស្ត្រីម្នាក់រួចបញ្ជូនទៅតុលាការ ដោយអនុវត្តតាមសាលក្រម ហើយយកទៅឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នជាប់ចោទពីបទ​ ចេញសែកអត់លុយ ប្រមាណ២៧.០០០ដុល្លារ។សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ ផាន់ សុភារី  អាយុ៣៨ឆ្នាំ មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ។សមត្ថិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះផាន់ សុភារី នេះដោយតុលាការ រាជធានីភ្នំពេញតាមសាលក្រមព្រហ្មទណ្ឌលេខ ២៤៧១ “ង១” ចុះថ្ងៃ ទី៧ ខែកញ្ញាឆ្នាំ២០២៣។ ជាមួយនោះបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់២ឆ្នាំ ជនជាប់ចោទពីបទចេញសែកអត់លុយប្រមាណ២៧.០០០ដុល្លារ​ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ និងសម្រេចចេញដីកាបង្គាប់ឱ្យចាប់។ តុលាការបានឃុំខ្លួនឈ្មោះនេះនៅមណ្ឌលអប់រំកែប្រែ​ ម២ នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌ តាមមាត្រា៣៥៣ នៃក្រ មនីតិវិធីព្រហ្មទណ្ឌ ។សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនជាប់ចោទជាប់ពាក់ពន្ធ ចេញមូលប្បទានប័តប្រមាណ២៧.០០០ដុល្លារ ដោយគ្មានសាច់ប្រាក់ឱ្យទៅភាគីដើមបណ្តឹង និងបានគេចវេសពីបំណុលនោះ ។រហូតមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន។សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនជាប់ចោទ ដែលបានទៅលាក់ខ្លួននៅខេត្តតាកែវ៕  

Featured ព័ត៌មានសង្គម

រដ្ឋបាលខេត្តបំភ្លឺពីការចុះផ្សាយតាមហ្វេសប៊ុក ពាក់ព័ន្ធពលរដ្ឋរស់នៅ លើផ្ទះបណ្ដែតទឹក

ភ្នំពេញ៖កាលពីថ្មីៗកន្លងទៅមានគណនីហ្វេសប៊ុកមួយ“ឈ្មោះ KHMER” ដែលបានចុះផ្សាយដោយមានខ្លឹមសារថា“អស្ចារ្យមែនស្ងាត់ភ្ញៀវខាងកើត ចូលមកធ្វើផ្ទះបណ្តែតទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ? ”ពាក់ព័ន្ធករណ៏នេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ទាំងអស់ឱ្យបានជ្រាបថា ១-ឃុំកំពង់លួងជាឃុំបណ្ដែតទឹកដែលមានពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ។ក្នុងនោះមានចម្រុះជាតិសាសន៍មិនថា នៅរដូវទឹកឡើងឬរដូវទឹកសម្រកនោះទេ ដែលពួកគាត់បានរស់នៅបែបនេះជាយូរលង់ណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។២-នៅរដូវទឹកឡើងពលរដ្ឋបានរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ។៣-នៅរដូវទឹកស្រកពលរដ្ឋ បានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។ ៤-ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង-ទឹកស្រកនោះ សេវាសាធារណៈក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។៥-ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលហ្វេកប៊ុកផេកឈ្មោះ “KHMER” បានផ្សព្វផ្សាយនោះឡើយ។ អាជ្ញាធរនិងមន្ត្រីជំនាញបានគ្រប់គ្រងយ៉ាងហ្មត់ចត់ស្របតាមច្បាប់និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល។ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង។ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្ត ទុកដាក់លើការការពារ បូរណភាពទឹកដីដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

ព័ត៌មានសង្គម

ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនាឆ្នាំ២០២៤

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង ពីស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនាឆ្នាំ២០២៤ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី១០ភាគរយ។មានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ជ្រលងសម្ពាធទាបនៅបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ១-តំបន់វាលទំនាប៖⁃សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម។ ដោយឡែកនៅខេត្តកំពង់ស្ពឺនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី៥ភាគរយ ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ។៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី២០ភាគរយខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រ/វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ព័ត៌មានសង្គម សន្តិសុខ

ឃាត់ខ្លួនបុរសម្នាក់ពេល បុរសម្នាក់ទៀតបានធ្លាក់ ពីលើអគារខ្ពស់ បណ្តាលឱ្យស្លាប់

ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់យកទៅសាកសួរ ពេលមានបុរសម្នាក់ទៀតបានធ្លាក់ពីលើអគារ “MRESIDENCE” បណ្តាលឱ្យស្លាប់ភ្លាម បង្កភ្ញាក់ផ្អើលកណ្តាលយប់។ហេតុការណ៍នេះបានកើតឡើង នៅផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែកុម្ភៈ។អ្នកនៅជិតខាងបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឡុងខឿន អាយុជាង៣០ឆ្នាំ។ មុនកើតហេតុពួកគាត់ បានឮស្នូរសំឡេងបុរសរងគ្រោះ ធ្លាក់ពីលើអគារជាន់ខាងលើមកក្រោមផ្កាប់មុខស្លាប់ភ្លាម។ពេលនោះ ពួកគាត់នាំគ្នាទៅមើល គឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។ប្រភពពីបុរសត្រូវជាសាច់ញាតិ ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុខាងលើ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បានទូរសព្ទណាត់ជួបគ្នា នៅក្នុងអគារនោះ។បុរសជាសាច់ញាតិ បានអះអាងថាដោយពួកគាត់បានចាញ់ បោកអ្នកដែលនៅក្នុងអគារខាងលើនោះ ដោយបានដោះយកខ្សែដៃ និងគ្រឿងអលង្ការ ទើបជនរងគ្រោះតូចចិត្តក៏លោត ពីលើអគារសម្លាប់ខ្លួនតែម្ដង។ប៉ុន្តែករណីដែលបុរសម្នាក់ធ្លាក់ពីលើអគារនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។ក្រោយមកសមត្ថកិច្ចបានឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសាកសួរនិងបន្តនីតិវិធី៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

វល្លិ៍រមៀតខុសច្បាប់ទម្ងន់ ប្រមាណ៤តោនត្រូវ កម្លាំងឧទ្យានអនុរក្ស ស្ទឹងត្រែងបានបង្ក្រាប

ស្ទឹងត្រែង៖កម្លាំងឧទ្យានអនុរក្ស ខេត្តស្ទឹងត្រែងបានចេញ ល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង។ ប៉ុន្តែកាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅកម្លាំងបានចេញល្បាតដល់ម្តុំក្រោយភូមិសាម៉ា និយាមកា 651827-1560645 ស្ថិតក្នុងភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។កម្លាំងសមត្ថកិច្ចបានប្រទះឃើញគំនរ វល្លិ៍រមៀត មួយកន្លែង។ក្រុមមន្ត្រីបានរាយការណ៍ថា កាលពីថ្ងៃ២២ ខែកុម្ភៈឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយកវល្លិ៍រមៀតចំនួន៦៥ការ៉ុងស្មើប្រមាណ៤.០០០គីឡូក្រាម។វល្លិ៍រមៀតខុសច្បាប់នេះត្រូវ ជនមិនស្គាល់អត្តសញ្ញាបានលាក់ទុកក្នុង ព្រៃប្រុងដឹកយកទៅលក់នៅប្រទេសឡាវ។ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង វល្លិ៍រមៀតទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ករណីនេះមន្ទីរបរិស្ថានខេត្ត ជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងសហការចាត់វិធានការយ៉ាងតឹងរ៉ឹង និងបំផុតក្នុងការបង្ក្រាប និងស្រាវជ្រាវរកចាប់ជនល្មើស បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជា សកម្មភាពខុសនឹងច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោសជាបទល្មើសព្រៃឈើ ថ្នាក់ទី១៕

ព័ត៌មានសង្គម សន្តិសុខ

ប្រកាសជូនអ្នកដែលបាត់ម៉ូតូ ឬផ្លាកលេខ នាពេលកន្លងទៅ សូមមកពិនិត្យ

ភ្នំពេញ៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលបានបាត់ម៉ូតូ ឬផ្លាកលេខនាពេលកន្លងទៅសូមមកពិនិត្យ។ជាមួយនោះត្រូវភ្ជាប់មកឯកសារគ្រប់គ្រាន់ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូ ឬផ្លាកលេខទៅវិញ។ ទីកន្លែងផ្ទៀងផ្ទាត់ឯកសារនៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរសព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤  កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយរកឃើញម៉ូតូ ចំនួន៣១គ្រឿង និងផ្លាកលេខចំនួន១១២បន្ទះ៕  

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

កម្លាំងជំនាញខេត្តទាំង៦សរុបលទ្ធផល នៃការបង្ក្រាបបទល្មើស​ នេសាទជុំវិញបឹងទន្លេសាប

ភ្នំពេញ៖មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹង ពីលទ្ធផលនៃការបង្ក្រាប បទល្មើសនេសាទ ក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ដល់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤។ មន្ត្រីដដែលបានបញ្ជាក់ថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល តាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើស នេសាទ ចាប់ពីថ្ងៃទី២៣មីនាឆ្នាំ២០២២ដល់ថ្ងៃទី-២៦ ខែកុម្ភៈឆ្នាំ២០២៤។ក្នុងនោះជាលទ្ធផលបង្ក្រាបឧបករណ៍ ល្មើសនេសា ប្រភេទអួនអូសទឹកសាបចំនួន៥៣វង់។ប្រភេទម៉ាញ់១៤វង់-ឧបករណ៍ឆក់ត្រជាក់ និងក្តៅចំនួន១.៤៧៣គ្រឿង-ឈីបយន្ត២៣គ្រឿង-អួនហ៊ុំ៣៣វង់-របាំងស្បៃមុង និងសាច់អួនចំនួន១.៦៥០.៦១៧ម៉ែត្រ-លូនិងលប១៥.២២៩មាត់-បង្គោលចម្រឹង៧៦៨.២១១ដើម-ឈ្នក់រួមផ្សំភ្លើងចំនួន១១៩វង់-កាណូត១៧៦គ្រឿង-ម៉ាស៊ីន៨៤គ្រឿង។បញ្ជូនសំណុំរឿងទៅតុលាការ៧១ករណី ចេញដីកាកោះ២០នាក់ និងឃុំខ្លួន៣១នាក់។ក្នុងខេត្តចំនួន៦នោះមានខេត្តកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់-បាត់ដំបង-សៀមរាប-កំពង់ធំ និងខេត្តបន្ទាយមានជ័យ។របាយការណ៍បានឱ្យដឹងទៀតថា ក្រសួងទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសជលផល គិតចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ដល់ថ្ងៃទី-២៦ ខែកុម្ភៈឆ្នាំ២០២៤។លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន១៥លើក។ជាមួយនោះរាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែ បកស្រាយបំភ្លឺនិងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបានលទ្ធផលជាបន្តបន្ទាប់៕