ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យមានអ្នករបួស៤នាក់។ហេតុការណ៍នេះបានកើតឡើងនៅម្តុំភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២១។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឌឹម សេ ភេទប្រុស អាយុ ២៦ឆ្នាំអ្នករួមដំណើរឈ្មោះយៀ អាន ភេទស្រី អាយុ៤៥ឆ្នាំនៅភូមិស្វាយ ឃុំសំឡីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ពួកគេជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ ភ្នំពេញ ១FA. ២១៥១ខូចខាតយ៉ាងដំណំ។ ភាគីរងគ្រោះម្ខាងទៀតមិនត្រូវបានស្គាល់ឈ្មោះទេបានរត់គេចខ្លួនបន្សល់តែអ្នករួមដំណើរឈ្មោះកូវ ស្រីផង ភេទស្រី អាយុ១៦ឆ្នាំនៅភូមិសាមគ្គី ឃុំស្វាយតឿ ក្រុងស្វាយរៀង។បន្ទាប់កើតហេតុ សមត្ថកិច្ចបាន យកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លា ដើម្បីរង់ចាំដោះស្រាយ ៕ដោយរំដួល
Author: rsc
ត្រៀមបញ្ជូនជនសង្ស័យ១២នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ
បាត់ដំបង៖កម្លាំងនគរបាលខេត្តត្រៀមបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១២នាក់ញៀនពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។ជនទាំង១២នាក់នេះត្រូវសមត្ថកិច្ចចាប់បានកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នៅផ្ទះសំណាក់ “មូនហៅស្ស”ក្នុងភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ក្រុមប្រុស-ស្រី១២នាក់នេះ ឈ្មោះជា សម្បត្តិ អាយុ២២ឆ្នាំ,ឈ្មោះរាគ រឿន អាយុ២៥ឆ្នាំ,ឈ្មោះ ថា វ៉ាន់ថា អាយុ២៧ឆ្នាំ,ឈ្មោះជា លីនភេទស្រីអាយុ២១ឆ្នាំ,ឈ្មោះភីសុផលអាយុ៣៧ឆ្នាំ,ឈ្មោះទីន សាភីគី អាយុ២៣ឆ្នាំ,ឈ្មោះនួន លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ។ ឈ្មោះម៉ៅ ឈុនម៉ាល័យភេទស្រី អាយុ១៨ឆ្នាំ,ឈ្មោះឃឹម ពេជ្ររាសី ភេទស្រី អាយុ២១ឆ្នាំ,ឈ្មោះកែវ រ៉ូហ្សា អាយុ២១ឆ្នាំ,ឈ្មោះវី រក្សា អាយុ១៩ឆ្នាំនិងឈ្មោះណាង សុខា អាយុ៣៤ឆ្នាំ។ជនប្រុសទាំង១២នាក់ទីលំនៅ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សមត្ថកិច្ចចាប់បានវត្ថុតាង៖គ្រឿងញៀនប្រភេទមេកេតាមីន២ថង់-ប្រភេទអ៊ុចស្តាស៊ី១ចំហៀង -សម្ភារសម្រាប់ប្រើប្រាស់គគឿងញៀនមួយចំនួន។ បច្ចុប្បន្នជនល្មើស និងវត្ថុតាងត្រូវផ្នែកជំនាញត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖តាដំបងក្រញូង
អតីតយោធាម្នាក់ចាក់ប្រពន្ធឱ្យស្លាប់រួចចាក់សម្លាប់ខ្លួនឯង
ភ្នំពេញ៖បុរសជាអតីតមន្ត្រីយោធិនចូលនិវត្តន៍ម្នាក់បានយកកាំបិតចាក់សម្លាប់ប្រពន្ធឱ្យស្លាប់រួចចាក់សម្លាប់ខ្លួនឯងទុកកូន៤នាក់ឱ្យនៅកំព្រា។ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កាលពីទៀបភ្លឺចូលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២១។ សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ឈ្មោះឡោ សុភារី ភេទប្រុស អាយុ៦០ឆ្នាំជាយោធិនពិការចូលនិវត្តន៍ស្នាក់នៅផ្ទះជួលទីតាំងកើតហេតុ។ប្រពន្ធឈ្មោះអាំងស៊ីគូ អាយុ៥២ឆ្នាំមុខរបរលក់ដូរនៅផ្ទះអ្នកទាំង២ស្លាប់នៅនឹងកន្លែង។ តាមការឱ្យដឹងពីកូនស្រីបានរៀបរាប់ឱ្យដឹងថា មុនកើតហេតុឪពុកតែងតែចោទម្ដាយរបស់គាត់ថា មានប្រុសថ្មីដោយម្ដងចោទដាក់អ្នកនេះម្ដងចោទដាក់អ្នកនោះគឺមិនមានភស្ដុតាងអ្វីច្បាស់លាស់នោះទេ។ពួកគាតបានឈ្លោះប្រកែកគ្នាជាច្រើនថ្ងៃដោយសារតែរឿងប្រចណ្ឌ។ លុះមកដល់យប់ជិតភ្លឺកូនៗបានឮសំឡេងខ្លាំងៗចេញពីបន្ទប់ធ្វើឱ្យកូនៗភ្ញាក់ពីដំណេកក៏ឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំខ្លួនហើយចាក់ចំបំពង់កខាងឆ្វេងឱ្យម្តាយស្លាប់។ក្រោយមកឪពុកក៏បានចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឱ្យស្លាប់ទាំង២នាក់។បន្ទាប់មកសមត្ថកិច្ចក៏ចុះទៅដល់ផ្ទះកើតហេតុ ជំនាញបានពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕ដោយ៖យាយពេញ
បញ្ជូនជនពាក់ព័ន្ធករណីឃាតកម្មលើអ្នករើសអេតចាយទៅនគរបាលក្រុង
ភ្នំពេញ៖សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានបញ្ជូនម្ចាស់រថយន្តឡិចស៊ីសសង្ស័យពាក់ព័ន្ធករណីបាញ់ស្លាប់អ្នករើសអេតចាយម្នាក់ទៅនគរបាលរភ្នំពេញ។សូមបញ្ជាក់ថា កាលពីរំលងអធ្រាត្រយប់ថ្ងៃទី២៣ចូលថ្ងៃទី២៤ ខែកញ្ញាមានបុរសម្នាក់បាននិយាយថា ខ្លួនបានឃើញអ្នករើសអេតចាយដេកនៅលើដីដោយមានស្នាមត្រូវគ្រាប់ក្រោមក្លៀកនៅតាមផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ បុរសនោះបានបន្តថា ឃើញដូចនោះរូបគាត់បានដឹកជនរងគ្រោះតាមរថយន្តម៉ាកឡិចស៊ីសរបស់ខ្លួនទៅកាន់មន្ទីរពេទ្យ។ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវអ្នករើសអេតចាយឈ្មោះខឿន វ៉ាន់ឌឿន ភេទប្រុស អាយុ១៨ឆ្នាំមានស្រុកកំណើតនៅភូមិស្ទឹងរាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបានស្លាប់។ ក្រោយពីស្លាប់គាត់ក៏បានដឹកសាកសពមកឱ្យម្តាយដែលរស់នៅផ្ទះជួល។ប៉ុន្តែនៅពេលនោះម្តាយក៏បានឱ្យម្ចាស់រថយន្តជួយដឹកសពរបស់កូនទៅតម្កល់នៅវត្តវិហារឃួនរួចក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ។ក្រោយមកសមត្ថកិច្ចក៏បានចុះពិនិត្យសាកសពហើយបានឃាត់ខ្លួនម្ចាស់រថយន្តនោះ។ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទៅ២៥កញ្ញាថា ចំពោះម្ចាស់រថយន្តនិងរថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធរឿងបាញើសម្លាប់អ្នករើសអេតចាយនោះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖មនោរម្យ
ម្ចាស់ផ្ទះរាយខ្សែភ្លើងការពារឆក់ស្លាប់ម្នាក់របួស២នាក់
កំពង់ធំ៖ម្ចាស់ផ្ទះមួយបានរាយខ្សែភ្លើងដើម្បីការពារសុវត្ថិភាពជុំវិញផ្ទះតែត្រូវបានឆក់មនុស្សម្នាក់ឱ្យស្លាប់និង២នាក់ទៀតរងបួស។ហេតុការណ៍នេះបានកើតឡើងនៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំកាលពីយប់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា យុវជនម្នាក់ដែលស្លាប់ឈ្មោះ ភន ខាអាយុ១៦ឆ្នាំនិងអ្នករងរបួស២នាក់ឈ្មោះសាយ វី អាយុ១៨ឆ្នាំនិងឈ្មោះធា ប៊ុនថនអាយុ២០ឆ្នាំ។ករណីនេះកើតឡើងដោយសារតែពេលកំពុងភ្លៀងជនរងគ្រោះទាំង៣នាក់បានចូលជ្រកនៅផ្ទះឈ្មោះសាយ សុខខូយជាម្ចាស់ដែលរាយខ្សែភ្លើងការពារ។បន្ទាប់ពីហេតុការណ៍បង្កឱ្យមានមនុស្សស្លាប់និងរបួសនោះសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះនាំយទៅសាកសួរនិងបន្តនីតិវិធី៕ដោយ៖ដំរីជាន់ខ្លា
ចាប់ចោរម្នាក់ចំណោម២នាក់លួចគាស់ឃ្លាំងលួចទូរទស្សន៍
ភ្នំពេញ៖ម្ចាស់ឃ្លាំងមួយកន្លែងចាប់បានពួកចោរម្នាក់ក្នុងចំណោម២នាក់ដែលគាស់ឃ្លាំងលួចយកទូរទស្សន៍និងសម្ភារមួយចំនួនរួចប្រគល់ឱ្យសមត្ថកិច្ច។សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងស្ថិតនៅឃ្លាំងមួយ ក្នុងភូមិកណ្តាល ខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី២៤ ខែកញាឆ្នាំ២០២១ ។ ម្ចាស់ឃ្លាំងឈ្មោះ យ៉េត សុខ អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម។ជនសង្ស័យឈ្មោះជៀន សារឿនអាយុ៣៣ឆ្នាំស្នាក់នៅ ភូមិដើមចាន់សង្កាត់ច្បារអំពៅ២។ម្ចាស់ឃ្លាំងបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានចាក់សោទ្វារឃ្លាំងចូលស្រាប់តែឃើញជនសង្ស័យ២នាក់យកទួរណឺវ៉ីសគាស់សោទ្វារឃ្លាំងលួចទូរទស្សន៍១គ្រឿងដាក់លើរទេះបម្រុងនាំចេញ។ពេលនោះក៏ចាប់បានចោរនោះ រួមទាំងវត្ថុតាងទូរទស្សន៍មួយគ្រឿងនិងរទេះមួយគ្រឿង ប្រគល់ឱ្យសមត្ថកិច្ចរីឯម្នាក់ទៀតបានរត់បាត់៕ដោយ៖ចំប៉ី
ក្មេងស្រីនាំគ្នាជិះទូកទៅដកព្រលឹតលិចទូកលង់ស្លាប់២នាក់
ក្រចេះ៖ក្មេងស្រីជាបងប្អូនជីដូនមួយ២នាក់បាននាំគ្នាជិះទូកទៅបឹងដើម្បីដកព្រលឹតក៏បានលិចទូកតូចបណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ កញ្ញាឆ្នាំ២០២១នៅក្នុងបឹងខាងក្រោយភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ សពក្មេងស្រីរងគ្រោះឈ្មោះស្រាប សម្រស់ អាយុ១៧ឆ្នាំ ជាសិស្ស និងឈ្មោះណប បុប្ផា អាយុ១២ឆ្នាំអ្នកទាំង២រស់នៅភូមិ ឃុំកើតហេតុខាងលើ ។សមត្ថកិច្ចបានឱ្យដឹងថា ថ្ងៃកើតហេតុពួកគេទាំងពីរនាក់បាននាំគ្នាជិះទូកទៅដកព្រលឹតក្នុងបឹង។ពេលចេញទូកពីច្រាំងបានចម្ងាយប្រហែល៥០ម៉ែត្រ ទូកក៏បានលិចបណ្ដាលឱ្យលង់ស្លាប់ទាំងពីរនាក់តែម្ដង៕ដោយ៖កាំពី
អគ្គមេបញ្ជាការរងណែនាំកងទ័ពតាមព្រំដែនឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ
ព្រះវិហារ៖អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជានាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានាយឧត្តមសេនីយ៍គីម ប៊ុនថាននៅថ្ងៃទី២៤កញ្ញានេះបានណែនាំដល់នាយ,នាយរងនិងពលទាហានប្រចាំព្រំដែននៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។ ក្នុងនោះលោកបានសង្កត់ធ្ងន់ថា ត្រូវគោរពបទបញ្ជាររាជរដ្ឋាភិបាល អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ពិសេសត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។ នាយឧត្តមសេនីយ៍គីម ប៊ុនថាន បានអំពាវនាវក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោកហូរ សិទ្ធីនាយកខុទ្ទកាល័យសម្តេចតេជោហ៊ុន សែនចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំសម្ភារនិងថវិកាមកចែកជូននាយ,នាយរងនិងពលទាហាន នៅក្នុងវរសេនាតូច៣៨៥ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានអំណរគុណដល់លោកសាស្ត្រាចារ្យឈាង រ៉ាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលបានឧបត្ថម្ភម៉ាស់ចំនួន១០.០០០ម៉ាស់ និងថ្នាំចិនចំនួន២៨.៨០០គ្រាប់។លោកសាស្ត្រាចារ្យហាក់ ចាន់រឿន លោកសាស្ត្រាចារ្យ អ៊ូច ឌីណា លោក ឡុង ហាល និងលោកតាំង សុជា ដែលបានឧបត្ថម្ភម៉ាស់ចំនួន៥កេសធំស្មើ១២.៥០០ម៉ាស់ និងអាល់កុល២០កាន។ សម្ភារដែលប្រគល់ជូននៅពេលនេះរួមមាន៖នាយ,នាយរងនិងពលទាហានចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួល បានថវិកាចំនួន១៦ម៉ឺនរៀល,ប្រគល់ជូនអង្គភាពវរសេនាតូច៣៨៥ ចំនួន៥.០០០ដុល្លារនិងទុយោមុខកាត់៤០ចំនួន១.៦០០ម៉ែត្រ៕ដោយៈញ៉ែមសុផល
ស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ៍-ព្រះវិហារដំណើរការសាងសង់
ព្រះវិហារ៖ស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ៍-ព្រះវិហារបានដំណើរការសាងសង់បន្ទាប់ពីមានការឯកភាពពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនតាមសំណើររនៃអាជ្ញាធរ,មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។ ការចុះពិនិត្យសាងសង់ស្ថានីយ៍អចល័ត អូរពោធិ៍-ព្រះវិហារកាលពីថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ លោកសំលាងទ្រីបានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវសាងសង់ស្ថានីយ៍នេះ តាមបទដ្ឋានបច្ចេកទេសដើម្បីឱ្យសំណង់នេះមានគុណភាពប្រើបា្រស់បានយូរអង្វែង។ លោកសំ លាងទ្រីបានបន្តថា ស្របពេលដែលស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិ៍-ព្រះវិហារ នេះបានសាងសង់រួចរាល់ នឹងដាក់ឱ្យដំណើរការជាផ្លូវការនោះ លោកសង្ឃឹមថា ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវការបន្ថយ ។លោកសំ លាងទ្រី ក៏បានសុំដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវវ៉ាជែងទាំងប្រថុយប្រថាន មិនត្រូវដឹកលើស ទម្ងន់កំណត់ មិនត្រូវដឹកសំពីងសំពោងទេ។ ពិសេសត្រូវពាក់ខ្សែរក្រវ៉ាត់ជានិច្ចរាល់ពេលបើកបរ នឹងត្រូវចូលរួមអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕ដោយ៖សៅវ៉ាន់ឌី
អភិបាលខណ្ឌចំនួន៣ចុះសួរសុខទុក្ខនាំយកអំណោយនិងថវិកាជូនកងទ័ពព្រំដែន
ព្រះវិហារ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១អភិបាលខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញដែលមានលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ,លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ,និងលោកប្រាក់ ចាន់ណាប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា,តំណាងលោក ឃ្លាំង ហួតអភិបាលខណ្ឌជ្រោយចង្វា។ គណៈប្រតិភូរសម្ព័ន្ធមេត្រី ខណ្ឌចំនួន៣បាន នាំយកអំណោយសម្ភារមួយចំនួន មកឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយវរសេនាតូចលេខ៣៩១ នៅក្នុងខេត្តព្រះវិហារ។ក្នុងឱកាសនោះលោកអភិបាលខណ្ឌទាំង៣ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។ គួរបញ្ជាក់ថា អំណោយ និងថវិការបស់អភិបាលខណ្ឌទាំង៣ ដែលត្រូវចែកជូនកងទ័ពរួមមាន គ្រួសារទ័ព ១៩១គ្រួសារ ក្នុង១គ្រួសារទទួលបាន មី១កេស ថវិកា ១០០.០០០រៀល ។ សម្រាប់លោកមេបញ្ជាការវរសេនាតូចម្នាក់ទទួលបាន ៥០០.០០០រៀល,ជូនមេបញ្ជាការរង ៥នាក់ ក្នុង១នាក់ ទទួលបាន ៣០០.០០០នាក់,មេបញ្ជាការ(គ) ៤នាក់ម្នាក់ទទួលបាន ២០០.០០០រៀល,មេបញ្ជាការ(ខ) ៣នាក់ ក្នុងម្នាក់ទទួលបាន ២០០.០០០រៀលផ្ដល់ជូនថវិកា សម្រាប់វរសេនាតូចចំនួន៣.៤០០.០០០រៀល,ម៉ាស់, ជេលលាងដៃ អាល់កុល, សាប៊ូដុសខ្លួន និងថ្នាំ ប៉ារ៉ាសេតាមុល ៕ដោយ៖សៅវ៉ាន់ឌី