សន្តិសុខ

ដុត​ផ្ទះ​ខ្លួនឯង​អត់ចេញមកក្រៅត្រូវភ្លើងឆេះស្លាប់អាចមានជម្លោះក្នុងគ្រួសារ

កណ្តាល​៖បុរស​ម្នាក់​ដែលអ្នកជិតខាងសង្កេតឃើញពេលផឹកស្រាស្រវឹងម្តងៗតែងបង្ករឿងរ៉ាវក្នុងគ្រួសារ។ក្នុងថ្ងៃកើតហេតុបុរសម្នាក់នេះបាន​ដុត​ផ្ទះ​ខ្លួនឯង​នៅ​ក្នុងផ្ទះ​​ភ្លើង​កំពុង​ឆេះគឺមិនព្រមចេញក្រៅទេអង្គុយ​រហូតឆេះ​ស្លាប់​ខ្លួនឯង​។​ករណី​នេះ​នៅភូមិព្រែកខ្សេវសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាលកាលពីថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់ផ្ទះ​ឈ្មោះ​ ស៊ុម​ ចំរើន​ ហៅ​តយ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​​ជា​ប្តី​ និង​ជា​អ្នក​ដុត​ផ្ទះ​ខ្លួនឯង​ហើយ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​និង​ប្រពន្ធ​ឈ្មោះ​ មីន​ ស្រី​នី​ មានកូនប្រុសស្រី​២​នាក់​ ​ទីលំនៅ​ភូមិ​ សង្កាត់​កើតហេតុ​។​សម្ភារ​ខូចខាត​៖ផ្ទះ​១​ខ្នង​ ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី​ដែល​មាន​ទំហំ​ ៧​​គុណ១០​ម៉ែត្រ​ភ្លើងឆេះអស់​ទាំងស្រុង,​គ្រែ​៣​, ពូក​២,​​ទូរ​ទស្ស​ន៍​១​គ្រឿង​,​សម្លៀក​បំពាក់​និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ។​ ​ឈ្មោះ​ សេង​ រតនា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ត្រូវជា​ប្អូនថ្លៃ​បានឱ្យដឹងថា៖ជន​បង្ក​ជា​ប្តី​ជា​មនុស្ស​ស្រវឹងស្រា​ខួប​ឱ្យ​តែ​ឈ្លោះ​ទាស់​សំដី​ ជាមួយ​ប្រពន្ធ​ម្តងៗ​គំរាម​ដុត​ផ្ទះ​ញឹកញាប់។​ ទើប​ដល់​ថ្ងៃ​ កើតហេតុ​ស្រាប់តែ​ឈ្មោះ​ ស៊ុម​ ចំរើន​ ហៅ​តយ​ ពេល​ប្រពន្ធចេញ​ក្រៅ​ផ្ទះ​ជនបង្កបាន​ខ្ទាស់​គន្លឹះ​ខាងក្នុង ​ស្រាប់តែ​មាន​ហេតុការណ៍​ឆេះ​ពី​ខាងក្នុង​តែ​ម្តង​៕វិចិត្រ

សន្តិសុខ

ជនម្នាក់ដែលបាញ់នារីក្នុងរថយន្តតុលាការប្រកាសសាលក្រមនៅថ្ងៃទី១៨កុម្ភៈ

  សៀមរាប៖បុរសម្នាក់ដែលបាញ់នារីក្នុងរថយន្តចំដើមទ្រូងតែមិនស្លាប់កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២០កន្លងទៅ នៅភូមិគោកចាស់ ឃុំស្រណាលស្រុកក្រឡាញ់ខេត្តសៀមរាបត្រូវតុលាការខេត្តសៀមរាបកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១បានបើកសវនាការជំនុំជម្រះសំណុំរឿងប៉ុនប៉ងឃាតកម្មគិតទុកជាមុន តាមមាត្រា២៧ និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តដោយជនជាប់ចោទឈ្មោះ ចាន់ ពៅហៅ ផលនិងមានជនរងគ្រោះឈ្មោះ សំអុលសុខដានី ។ ក្រោយបញ្ចប់ការសួរដេញដោល លោកមុយ សុភ័ក្ត្រប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ដើមហេតុនៃសំណុំរឿងនេះ ត្រូវមន្ត្រីបានឱ្យដឹងថា៖ជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល និង ឈ្មោះ សំអុល សុខដានី មានទំនាក់ទំនងស្នេហានឹងគ្នារហូតមានកូនស្រីម្នាក់ ជាចំណងដៃ ។ ក្រោយមក នៅថ្ងៃកើតហេតុ ស្រាប់តែឈ្មោះ ចាន់ ពៅ ហៅផល បានបាញ់ជនរងគ្រោះចំដើមទ្រូងខាងស្តាំ ខណៈជនរងគ្រោះកំពុងដេកលង់លក់ក្នុងរថយន្ត។ ប៉ុន្តែជនរងគ្រោះមិនទាន់ ស្លាប់ ក៏បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ចាន់ ពៅ និង រត់ឱ្យគេជួយ រួចផុតពីការស្លាប់៕សៅវ៉ាន់ឌី  

សន្តិសុខ

មិនទាន់ចាប់បានជនដៃដល់ដែលប្រើអំពើហិង្សាដោយចេតនាលើអនិតិជន

ឧត្តរមានជ័យ៖កម្លាំងនគរបាលខេត្តឧត្តរមានជ័យមកដល់ពេលនេះនៅមិនទាន់ចាប់បានជនសង្ស័យម្នាក់ដែលប្រើអំពើហិង្សាដោយចេតនាលើក្មេងស្រីចំនួន២នាក់ប្រព្រឺត្តនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យកាលពីព្រលប់ថ្ងៃទី១១ខែកុម្ភ: ឆ្នាំ២០២០កន្លងទៅ ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១បានឱ្យដឹងថា៖លោកបានបញ្ជាកម្លាំង នគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ត្រូវស្រាវជ្រាវ ករណីហិង្សាដោយចេតនាលើអនិតិជននេះឱ្យបានឆាប់។ លោកស្នងការបានបន្តថា៖ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ជនសង្ស័យបាន យករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំនិងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំមានទីលំនៅភូមិកើតហេតុ ទាំង២នាក់ជាក្មេងបណ្ដាលឱ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។ លោក ស្នងការ បានបញ្ជាក់ថា៖ មូលហេតុជនសង្ស័យ ខឹងក្មេងស្រីទាំង២នាក់ធ្វើឱ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង ២នាក់អត់ដាក់ទឹកនិងចំណីឱ្យសត្វសារិកាកែវផឹកស៊ី៕សៅវ៉ាន់ឌី    

Featured នយោបាយ ព័ត៌មានសង្គម

ថ្នាក់លើសម្រេចផ្អាកការងារមេនគរបាលស្រុកកំរៀងជាបណ្ដោះអាសន្ន

បាត់ដំបង៖លោក​ឧត្តមសេនីយ៍ទោសាតគឹ​ម​សានស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​សម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​វរសេនីយ៍ឯកគឹ​មពន្លក​អធិការ​នគរបាលស្រុក​កំ​រៀង ដោយ​មូលហេតុ អនុវត្ត​ការងារ​ខុស​នីតិវិធី ។ មន្ត្រីបានឱ្យដឹងថា៖ការ​សម្រេច​ផ្អាក​ការងារ​របស់លោក​អធិការនគរបាល​ស្រុក​កំ​រៀង ជា​បណ្ដោះអាសន្នបន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិឱ្យ ស្រាវជ្រាវ​ជុំវិញ​រឿងរ៉ាវ​ដែល​មាន​មន្ត្រី​ទាហាន​ចាប់​បាន​មេ​ខ្លោ​ង​នាំ​មនុស្ស​ពី​ថៃ​ចូល​ស្រុក​ខ្មែរ​ហើយ​នោះ បែរជា​ម្ត្រី​នគរបាល​ដោះ​លែង​វិញ ។ នៅ​ក្នុង​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី ១៥​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​បាន​បញ្ជាក់​ថា​ការ “​ដូច​ជា​យប់មិញ​ខ្ញុំ​បាន​បញ្ជា​ទៅ​កាន់​ខេត្តបាត់ដំបង និង​អគ្គស្នងការ​នគរបាល​ជាតិ អំពី​ព័ត៌មាន​ទាក់ទិន​នឹង​ការ ចាប់​បាន​ពួក​ធ្វើ​សកម្មភាព ​នាំ​ផ្លូវ​យកមនុស្សឆ្លងដែនហើយ​បែរជា​ដោះ​លែង​ទៅ​វិញ ដែល​អាច​នាំ​ទៅ​ដល់​ការ​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ​តែ​ម្តង”។​ សម្តេចបានបន្តថា “មន្ត្រី​នគរបាល​ណា​ដែល​អនុវត្ត ខុសឆ្គង ទៅ​នឹង​វិធានការ​ទាំងឡាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស ហើយ​ការ​រត់ពន្ធ​មនុស្ស​នេះ​គឺ​ស្ថិត​ក្នុង​ការ​ធ្ងន់ធ្ងរ​ដែល​វា​អាច​នាំ​ទៅ​ដល់​មហន្តរាយ នៃ​សុខភាព​សាធារណៈ​ដោយសារ​ជំងឺឆ្លង​” ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា “​ខ្ញុំសុំ​ឱ្យ​ចាប់​ប្រមូល​អ្នក ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង ដើម្បី​អនុវត្ត​នូវ​ការ​ផ​ន្ទា​ទោស​”ឬ​ក៏​ណែនាំ​ពួក​គេ​យ៉ាង​ណា​នោះ ដើម្បី​ឱ្យពួក​គេ​ឈប់​នាំ​មនុស្ស​ឆ្លង​ដែនទៀត” ។ សូម​រំលឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សារ​ជា​សំឡេង នៅ​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក៏​បាន​ដាក់​ចេញ​បទបញ្ជា​សា​ជា​ថ្មី ទៅ​កាន់​អភិបាលខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​ទាំងអស់ ត្រូវ​តែ​រឹត​បន្តឹង​តាម​ព្រំដែន​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន លើ​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​មក​ពី​ថៃ ៕វិចិត្រ

Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ពលរដ្ឋថាអ្នកការពារព្រៃឈើធ្វើឱ្យបាត់ដីព្រៃជំនឿនិងធ្លាក់ទៅក្នុងដៃឈ្មួញ

ស្ទឹងត្រែង៖ព្រៃជំនឿដែលការពារដោយសហគមន៍នៅភូមិរំដេងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកំពុងរងនូវការកាប់បំផ្លាញទន្ទ្រានយកដីពីក្រុមឈ្មួញដោយគ្មានវិធានការទប់ស្កាត់ទេ។ ប្រជាពលរដ្ឋលើកឡើងថា៖អ្នកការពារព្រៃឈើគឺជាអ្នកបើកដៃឱ្យមានការកាប់ព្រៃទន្ទ្រានយកដីលក់ឱ្យឈ្មួញហើយអាជ្ញាធរភូមិឃុំគឺជាអ្នកផ្ដល់បណ្ណកម្មសិទ្ធិ។រីឯសហគមន៍ដែលមានតួនាទីការពារនៅទីនោះបានសុំគ្រលុំគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធបណ្ដែតបណ្ដោយឱ្យមានការកាប់ទន្ទ្រានយកព្រៃសហគមន៍។ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា៖ព្រៃដែលការពារដោយសហគមន៍ហើយអ្នកស្រុកនៅទីនោះមានជំនឿតាំងពីដូនតាមកម្ល៉េះគឺជាព្រៃការពារដោយសហគមន៍នៅភូមិរំដេង។ ពីមុនអ្នកស្រុកមានជំនឿខ្លាំងណាស់មិនហ៊ាននិយាយពាក្យអសុរោះឬនិយាយអាក្រក់ពេលដែលដើរចូលទៅក្នុងព្រៃនោះឡើយ។បើសិនជាអ្នកណានិយាយនៅក្នុងព្រៃដោយប្រើសំដីអាសអាភាសឬមានបំណងមិនល្អនិងវង្វេងមិនអាចចេញពីព្រៃបានទេ។មូលហេតុនេះហើយបានជាអ្នកស្រុកមានជំនឿតរៀងមក។ ក្រៅពីជំនឿព្រៃសហគមន៍នៅទីនោះសំបូរទៅដោយសត្វបក្សាបក្សីស្វាចតុបាទរាប់មិនអស់។លុះពេលព្រៃត្រូវរងការកាប់បំផ្លាញដោយធ្វើចម្ការលក់បន្តទៅឱ្យឈ្មួញនិងមានការបរបាញ់សត្វផងនោះ។សត្វដែលរស់នៅទីនោះបានរត់ទៅកាន់តំបន់ផ្សេងហើយមួយចំនួនត្រូវបានអ្នកស្រុកសម្លាប់។ អ្នកភូមិមិនហ៊ានរាយការណ៍ពីសកម្មភាពនៅក្នុងតំបន់នោះឡើយដោយសារត្រូវគេគំរាមបើសិនជានរណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងទៅនឹងអ្នកពាក់ព័ន្ធកាប់ព្រៃតំបន់នោះ។លោកព្រះហែមមេឃុំចម្ការលើបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ថាលោកពុំទាន់បានទទួលព័ត៌មានពីសកម្មភាពកាប់ព្រៃសហគមន៍នៅទីនោះព្រោះគ្មានអ្នករាយការណ៍៕សុខុម  

សន្តិសុខ

រថយន្តបុកគ្នាបណ្តាលឱ្យមានអ្នករបួសធ្ងន់៤នាក់នៅស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង៖រថយន្តកូរ៉េបុកជាមួយរថយន្តឡិចស៊ីសបណ្ដាលឱ្យមនុស្សជិត១០នាក់រងរបួសក្នុងនោះមាន៤នាក់កំពុងសង្គ្រោះបន្ទាន់។ហេតុការណ៍នោះកើតឡើងនៅលើផ្លូវ​​​​​​​​​​ជាតិលេខ៩ស្ថិតក្នុងភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីរសៀលទី១៣ខែកុម្ភៈឆ្នាំ២០២១។ មន្ត្រីនគរបាលបានឱ្យដឹងថា៖ឈ្មោះជិមឆៃភេទប្រុសអាយុ៣២ឆ្នាំទីលំនៅភូមិបឹងដូនសង្កាត់សៀមរាបក្រុងសៀមរាបបើកបររថយន្តម៉ាកកូរេពាក់ផ្លាកលេខព្រះវិហារ3A0144ដឹកមាន់រស់បានបុកជាមួយរថយន្តម៉ាកRX300ពាក់ផ្លាកលេខភ្នំពេញ2S2188។ អ្នកបើកបររថយន្តរថយន្តlexusឈ្មោះញ៉ែមកិនភេទប្រុសអាយុ៤២ឆ្នាំទីលំនៅភូមិត្បែងមានជ័យឃុំត្បែងមានជ័យស្រុកឆែបខេត្តព្រះវិហារ។គ្រោះថ្នាក់ខាងលើបណ្តាលឱ្យមនុស្សរងរបួសធ្ងន់៤នាក់និងរថយន្តខូចធ្ងន់២គ្រឿង៕សៅវ៉ាន់ឌី

សន្តិសុខ

បញ្ជាគ្រឿងចក្រជីកស្រះកាយចំមីនតោនផ្ទុះរបួសពីរនាក់

ឧត្តរមានជ័យ៖បុរសម្នាក់បញ្ជាគ្រឿងចក្រជីកស្រះបានកាយចំមីនតោនក៏ផ្ទុះកក្រើកឡើងបណ្តាលឱ្យអ្នកបើកបរគ្រឿងចក្រនិងម្ចាស់ស្រះដែលកំពុងឈរមើលរងរបួសទាំងពីរនាក់។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិលំទងចាស់ឃុំលំទងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីយប់ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១។ មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ថា៖មុនពេលកើតហេតុជនរងគ្រោះបានបើកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រស៊ីឈ្នួលជីកស្រះឱ្យគេ។ពេលដែលកំពុងបញ្ជាគ្រឿងចក្រកាយដីស្រាប់តែកាយចំមីនតោនក៏ផ្ទុះកក្រើកឡើងបណ្តាលឱ្យអ្នកបើកបរគ្រឿងចក្រនិងម្ចាស់ស្រះដែលកំពុងឈរមើលរងរបួសទាំងពីរនាក់។ភ្លាមៗនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងឯចំណែកគ្រឿងចក្ររងការខូចខាតធ្ងន់ធ្ងរ។ មន្ត្រីដដែលបានបន្តថា៖ជនរងគ្រោះជាអ្នកបើកគ្រឿងចក្រមានឈ្មោះលេខឡីភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិរលំស្វាយឃុំជន្លាសដៃខេត្តសៀមរាបរងរបួសស្រាល។ចំណែកម្ចាស់ស្រះឈ្មោះស៊ុមតងភេទប្រុសអោយុ៤២ឆ្នាំរស់នៅភូមិឃុំកើតហេតុរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕សៅវ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

មិនទាន់ចាប់បានជនដែលបើកគោយន្តបុកមន្ត្រីឧទ្យានុរក្សម្នាក់នោះនៅឡើយទេ

ព្រះវិហារ៖រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដែលបើកគោយន្តបុកប៉ងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នៅឡើយទេ។មន្ត្រីឧទ្យានុរក្សនោះប្រចាំការនៅទីស្នាក់ការពើកដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរបានធ្លាក់ខ្លួនពិការតាំងពីខែកក្កដាឆ្នាំ២០២០កន្លងទៅ។ លោកមាសញឹមប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានដាក់ពាក្យបណ្តឹងទៅតុលាការលើជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដែលប៉ងធ្វើឃាតមន្ត្រីរបស់លោកនៅម្តុំដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ។ ក្នុងខ្លឹមសានៃពាក្យបណ្តឹងលេខ០១៦/20បណដពឡ.បព.ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នោះបានបញ្ជាក់ថា៖កាលពីនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០កន្លងទៅកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំកាទីស្នាក់ការពើកចំនួន២នាក់។ក្នុងនោះមានឈ្មោះឈុនបូរិននិងឈ្មោះអ៊ូលាងអ៊ាន់បានចុះល្បាតព្រៃនៅស្រែអណ្តូងជ្រៃU.T.M.០៥.៣៣៧៥៥_14.80.16.30.ស្ថិតក្នុងឃុំរៀបរយស្រុងរវៀងខេត្តព្រះវិហារ។ លោកប្រធានបានបន្តថា៖កម្លាំងក៏បានជួបជនសង្ស័យម្នាក់ដែលគេស្គាល់ឈ្មោះធុនម៉ុលបើកគោយន្តកន្ត្រៃដឹករណាយន្ត១គ្រឿងចេញពីក្នុងព្រៃតំបន់ដែនកាពារពេលនោះមន្ត្រីឩទ្យានុរក្សក៏បានហៅម្ចាស់គោយន្តដែលជាជនសង្ស័យឱ្យឈប់ដើម្បីសួរនាំតែម្ចាស់គោយន្តនោះមិនឈប់តែបែជាបង្កើនល្បឿនបន្ថែមទៅមុខទៀត។ ភ្លាមនោះជនសង្ស័យបានបើកគោយន្តតម្រង់សំដៅបំបុកទៅលើលោកឈួនបុរិនទាំងកម្រោលបំណងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នោះតែចៃដន្យមន្ត្រីរងគ្រោះគេចមិនផុតត្រូវគោយន្តជនសង្ស័យបុកត្រូវជើងរបស់លោកខាងស្តាំបណ្តាលឱ្យបាក់ធ្លាក់ខ្លួនពិការអស់១ជីវិត។ បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យបានរត់ចូលព្រៃរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕សៅវ៉ាន់ឌី

សន្តិសុខ

ដុតភ្លើងទៀនសែនលើកុងម៉ាម្ចាស់ចេញទៅភ្លេចពន្លត់ក៏ឆេះផ្ទះខ្ទេចនៅស្រុកចម្ការលើ

កំពង់ចាម៖អគ្គិភ័យបានលេបត្របាក់ផ្ទះមួយខ្នងអស់គ្មានសល់ដោយសារដុតភ្លើងទៀនសែនលើកុងម៉ាហើយម្ចាស់ចេញទៅលេងផ្ទះដន្លងភ្លេចពន្លត់។ករណីនេះស្ថិតនៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាមកាលពីរសៀលនៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២០។ លោកប៉ែនទៀងចម្រើនអធិការនគរបាលស្រុកចម្ការលើបានឱ្យដឹងថា៖បន្ទាប់មានហេតុការណ៍ លោកបានបញ្ជាកម្លាំងបញ្ចេញរថយន្ដពន្លត់អគ្គិភ័យ ១គ្រឿងចុះទៅអន្ដរាគមន៍ជួយពន្លត់។ម្ចាស់ផ្ទះឈ្មោះសួង រដ្ឋាភេទប្រុស អាយុ ៥៥ឆ្នាំនៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចម្ការលើខេត្តកំពង់ចាម ។ លោកអធិការបានបន្តថា៖ការខូចខាតផ្ទះទំហំ៦គុណ៨ម៉ែត្រសង់អំពីឈើ ប្រក់ក្បឿងជញ្ជាំក្ដា ថ្មក្រោមឆេះអស់ទាំងស្រុង,ទូរទស្សន៍២គ្រឿងស្រូវ ១០បេ,ប្រាក់៣០០ដុល្លារ,ខ្សែកមាស៥ជី,កងដៃ២១ធ្វើពីផ្លាកទីន,និងសម្ភារប្រើប្រាស់មួយចំនួន។ លោកអធិការបានឱ្យដឹងទៀតថា៖មូលហេតុ:មកពីម្ចាស់ផ្ទះសែនរួចបិតទ្វារទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ មិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា ។ករណីនេះមិនបណ្ដាលឱ្យរបួសដល់មនុស្សនោះទេ ៕សៅវ៉ាន៉ឌី  

សន្តិសុខ

រថយន្ត​​ដឹក​ដី​បើក​​ទាក់​ខ្សែភ្លើងបាក់​បង្គោល២​ដើម​បណ្តាលឱ្យដាច់ភ្លើង

ភ្នំពេញ​៖រថយន្តបែនដឹកដី១មួយគ្រឿងបើកទាក់ខ្សែភ្លើងបណ្តាលឱ្យបាក់បង្គោលថ្ម២ដើមនិងបង្កដាច់ភ្លើងមួយរយៈចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។​ហេតុការណ៍​នេះកើត​ឡើងនៅសង្កាត់​កា​កាប​ទី​២ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីវេលា ទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ២០២១។ ​ ប្រជាពលរដ្ឋ​ បាន​ឱ្យ​ដឹងថា៖មុនពេល​កើតហេតុ​ ​រថយន្ត​ដឹក​ដី​​ពាក់​ផ្លាកលេខ ភ្នំពេញ​3-F 0551 បើកបរ​ តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​ល្បឿន​លឿន ​ក៏​ទាក់​ខ្សែភ្លើង​ជាប់​និង​រថយន្ត​ បណ្តាល​ឱ្យ​បង្គោល​ភ្លើង​២​ដើម ត្រូវបាន​បាក់​​តែ ​មិនមានអ្នក​គ្រោះថ្នាក់​ទេ​៕