ស្វាយរៀង៖ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានជាសាធារណ ក្រោយពីមានមនុស្សស្លាប់ ដោយសង្ស័យឆ្លងជំងឺផ្តាសាយបក្សី។ករណីនេះបានកើតឡើងនៅភូមិម្រាក់ទាប ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣។បន្ទាប់ពីមានហេតុការកើតឡើងអភិបាលខេត្ត បានណែនាំដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ចាត់ចែងយកសំណាកសព ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ។នៅរសៀលថ្ងៃទី៨ ខែតុលាឆ្នាំ២០២៣ ក្រុមកាងារទទួលបានលទ្ធផលវិជ្ជមាន គឺវីរុសផ្ដាសាយបក្សីប្រភេទH5N1។ក្រោយពីមានការណែនាំរបស់អភិបាលខេត្ត មន្ទីរជំនាញបានចាត់វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតំបន់កើតមានជំងឺ និងណែនាំប្រជាពលរដ្ឋបើមានសត្វងាប់ ត្រូវកប់ចោលភ្លាមកុំយកទៅបរិភោគឱ្យសោះ-អប់រំសុខភាពដល់គ្រួសារសព-អ្នកប៉ះពាល់-អ្នកចូលរួមក្នុងពិធីបុណ្យនិងពលរដ្ឋក្នុងភូមិ។ សូមរក្សាអនាម័យតាមការលាងដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ មុនពេលបរិភោគអាហារ បន្ទាប់ពីប៉ះពាល់ជាមួយបក្សី។ក្នុងនោះរាល់បក្សីដែលត្រូវធ្វើម្ហូបត្រូវចម្អិនឱ្យបានល្អ។ ចំពោះអ្នកនៅជិតស្និទ្ធប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច ហើយស្ថិតនៅដាច់ពីគេ។ក្នុងករណីមានចេញអាការៈប្រែប្រួលសុខភាពឬមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដែលនៅជិតបំផុត៕
សុខាភិបាល
កំពុងស៊ើបអង្កេតបុរសម្នាក់ ចុកសន្លាក់ជើងឱ្យពេទ្យមកដាក់សេរ៉ូមស្រាប់តែស្លាប់
ភ្នំពេញ៖សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត ករណីបុរសម្នាក់មានជំងឺចុកសន្លាក់ជើងខ្លាំង ហើយហៅឱ្យពេទ្យឯកជនមកដាក់សេរ៉ូម ស្រាប់តែក្រោយមកក៏បានស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះវ៉ា ចាន់ណា អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះកែវ សុផល អាយុ៣៧ឆ្នាំស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកគ្រូពេទ្យដែលដាក់សេរ៉ូមអ្នកជំងឺត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះជា សុវណ្ណដា អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ប្រពន្ធបានឱ្យដឹងថា មុនកើតហេតុប្តីរបស់គាត់ឈឺសន្លាក់ជើងខ្លាំង ពេលនោះក៏បានហៅគ្រូពេទ្យឯកជនម្នាក់មកពិនិត្យ រួចក៏បានដាក់សេរ៉ូមមួយផ្លោក។ អស់មួយផ្លោកក៏ដាក់មួយផ្លោកទៀត បានមួយស្ទុះកាន់តែមិនស្រួលខ្លួន ក្រុមគ្រួសារក៏ដឹកយកទៅមន្ទីរពេទ្យសម្ភពនិងព្យាបាលមាតាអូដឹម។ ពេលទៅដល់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕
ស្ត្រីជនជាតិចិនម្នាក់បានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំនិងព្យួរសេរូមបានមួយយប់
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៨ ខែសីហា ស្ត្រីជនជាតិចិនម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យ យីហោ ប៊ីធនកម្ពុជា ក្រោយពីគ្រូពេទ្យចាក់ថ្នាំនិងព្យួរសេរូមបានមួយយប់។ តែត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ចឱ្យជួយបើកការស៊ើបអង្កេត។សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ZHENG yiNG ជនជាតិចិន អាយុ ២៥ឆ្នាំស្នាក់នៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ។រីឯមន្ទីរពេទ្យ ប៊ីធនកម្ពុជា ស្ថិតនៅផ្លូវព្រះមុនីវង្ស ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។មុនកើតហេតុមានបុរសម្នាក់ បាននាំមិត្តស្រីរបស់ខ្លួនទៅមន្ទីរពេទ្យ ព្រោះនាងមានអាការៈឈឺពោះ។លុះពេទ្យពិនិត្យរួចក៏បានចាក់ថ្នាំនិងព្យួរសេរូម បានមួយយប់ស្រាប់តែស្រ្តីចិនរូបនោះបានស្លាប់ ទើបគ្រួសារជនរងគ្រោះសង្ស័យគ្រូពេទ្យប្រើប្រាស់ថ្នាំខុសបច្ចេកទេសក៏ប្តឹងសមត្ថកិច្ចតែម្តង។ផ្នែកជំនាញបានឱ្យដឹងថា ករណីខាងលើនេះសមត្ថកិច្ចបានយកទឹកនោមនិងឈាមស្រ្តីរងគ្រោះទៅពិនិត្យទើបដឹងច្បាស់ថា ស្លាប់មកពីមូលហេតុអ្វី? ចំណែកផ្លូវច្បាប់បានប្រគល់ឱ្យនគរបាលបន្តនីតិវិធី។រីឯសពត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំខាងស្ថានទូតមកពិនិត្យនិងស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕
កំពុងតាមចាប់គ្រូពេទ្យឯកជនម្នាក់ករណីចាក់ថ្នាំក្មេងស្រីតូចឱ្យស្លាប់
កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង កំពុងតាមរកចាប់ខ្លួនគ្រូពេទ្យឯកជនម្នាក់ដែលបានរត់គេចខ្លួន បន្ទាប់ពីចាក់ថ្នាំក្មេងស្រីតូចម្នាក់បណ្តាលឱ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លោកយឹម សុផល អធិការរងនគរបាលស្រុករលាប្អៀរ បានឱ្យអ្នកសារព័ត៌មានដឹងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដាថា ករណីនេះបានកើតឡើងតាំងពីល្ងាចថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៣មកម៉្លេះ។តែខាងឪពុកម្ដាយទើបរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលនាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ។ លោកអធិការរងបានឱ្យដឹងទៀតថា ក្មេងស្រីដែលស្លាប់ឈ្មោះ គឹម ចាន់តី អាយុ៥ឆ្នាំនៅភូមិចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្មេងរងគ្រោះបានស្លាប់ពេលឪពុកម្ដាយយកទៅព្យាបាលជំងឺនៅផ្ទះពេទ្យឯកជនឈ្មោះ ហូ ថុង ភេទស្រី អាយុ៤៥ឆ្នាំនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។មុនកើតហេតុឪពុកម្ដាយបានយកកូនទៅព្យាបាលនៅផ្ទះគ្រូពេទ្យ ដោយក្មេងស្រីក្តៅខ្ឡួនបន្តិចបន្តួច។បន្ទាប់មកគ្រូពេទ្យបានចាក់ថ្នាំនៅលើភ្លៅទាំងសងខាងរបស់ក្មេងចំនួន២ម្ជុល។ក្រោយពីចាក់ថ្នាំរួចក្មេងមានអាការប្រកាច់ភ្លាម ហើយគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមមួយកំប្លោក ដោយឱ្យឪពុកម្ដាយដឹកកូនតាមម៉ូតូទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះតែក្មេងបានស្លាប់បាត់ទៅហើយ។ មន្ត្រីដដែលបានបន្តថា តាមការពិនិត្យនិងស្រាវជ្រាវគឺពេទ្យឯកជនរូបនេះ ធ្លាប់ព្យាបាលអ្នកជំងឺក្នុងមូលដ្ឋានជាយូរឆ្នាំមកហើយ ដោយមិនមានច្បាប់អនុញ្ញាតពីមន្ទីរឬក្រសួងសុខាភិបាលនោះទេ។ជាមួយនោះក៏មិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកពេទ្យនោះដែរ។មកដល់ពេលនេះគ្រូពេទ្យខាងលើ ក្រោយបង្កឱ្យមានមនុស្សស្លាប់ក៏បានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយកអនុវត្តតាមច្បាប់៕
ពិនិត្យព្យាបាលជំងឺភ្នែកឥតគិតថ្លៃជូនពលរដ្ឋជិត៥០០នាក់ក្នុងខេត្តព្រះវិហារ
ព្រះវិហារ៖គ្រូពេទ្យបង្អែក១៦មករានិងពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែក បានពិនិត្យព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រពលរដ្ឋចំនួន៤៨៤នាក់ក្នុងខេត្តព្រះវិហាររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែមិថុនាឆ្នាំ២០២៣។កម្មវិធីពិនិត្យពិគ្រោះព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃនេះ គឺមានការជួយឧបត្ថម្ភពីមូលនិធិ ហ្រ្វេតហូឡូ Fred Hollows Foundation នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា។ កម្មវិធីនេះត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ដោយសារតែចំនួននៃករណីវះកាត់បានលើសពីការកំណត់នៃការពិនិត្យ ពិគ្រោះព្យាបាលសរុបមាន៤៨៤ករណី។សូមបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន៤៨៤នាក់ ដែលមកទទួលសេវាពិនិត្យ ពិគ្រោះព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ គឺមានចំនួនព្យាបាលដោយវះកាត់សរុប១៧៩ករណី ស្រីចំនួន១១៧ករណី ។ចំនួនកំណត់១២០ករណី ក្នុងនោះវះកាត់ភ្នែកឡើងបាយបានចំនួន១៤៣ករណី ស្រីចំនួន៨៨ករណី វះកាត់ស្ដារគំហើញផ្សេងៗចំនួន៣៦ករណី ស្រី២៩ករណី៕សៅវ៉ាន់ឌី
អភិបាលខេត្តកំពង់ចាមបន្តចុះជួបប្រជាពរដ្ឋនិងពិនិត្យពិគ្រោះព្យាបាលជំងឺដោយឥតគិតថ្លៃ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម។កាលពីព្រឹកថ្ងៃ ទី១៧ ខែឧសភាឆ្នាំ២០២៣ឯកឧត្តមបានបន្តការចុះជួបសំណេះសំណាលរៀបចំកម្មវិធី ពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ សំបួរមាស ក្រុងកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋាននេះដើម្បីផ្តល់សេវាលើការពិនិត្យ ប្រឹក្សានិងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ឯកឧត្តមងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ញ៉ែម សុផល
មន្ត្រីសុខាភិបាលនិងអាជ្ញាធរខណ្ឌចាប់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង
ភ្នំពេញ៖មន្ត្រីនៃមន្ទីរសុខាភិបាលភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះចាប់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដែលធ្វើសេវាកម្មគ្មានច្បាប់អនុញ្ញាត។ កាលពីយប់ថ្ងៃទី១៥ ខែឧសភាកម្លាំងអាជ្ញាខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះចាប់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដែលធ្វើសេវាកម្មគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ការចាប់រថយន្តពេទ្យនោះនៅម្តុំឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា រថយន្តដែលចាប់នោះម៉ាកស្តារិចផ្លាកលេខព្រៃវែង2A-7774 និងមួយគ្រឿងទៀតម៉ាកស្តារិចដែរផ្លាកលេខព្រះស៊ីហនុ 2B-4444។គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៤ ខែឧសភានៅត្រង់ភ្លើងស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យមានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធំ និងម៉ូតូហុងដាគុបបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ។បន្ទាប់មកក៏មានរថយន្តពេទ្យឯកជនដោយមិនមានបិទស្លាកឡូហ្គោ សម្គាល់គ្លីនិកត្រឹមត្រូវបានមកដឹកសពជនរងគ្រោះយកទៅស្រុកកំណើតនៅឯស្រុកគិរីវង់ ខេត្តតាកែវ។ក្នុងនោះក្រុមគ្រួសារជនរងគ្រោះអះអាងថា ខាងរថយន្តបានទារប្រាក់ចំនួន៤៥០ដុល្លារ។តែអ្នកបើករថយន្តដឹកសពបានប្រាប់ថា តម្លៃសេវាដឹកសពទៅដល់ស្រុកកំណើតតម្លៃ២៥០ដុល្លារ។ចំណែក២០០ដុល្លារទៀត គឺថ្លៃថ្នាំចាក់សាកសព។បច្ចុប្បន្នរថយន្តខាងលើត្រូវបាននាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្នដើម្បីបន្តនីតិវិធី៕
អភិបាលខេត្តកំពង់ចាមជួបសំណេះសំណាលជាមួយពលរដ្ឋនិងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ
កំពង់ចាម៖ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាមនិងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដាបានថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋនិងឯកជន។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សានិងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ ដូច្នេះថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់ វាលវង់ ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាលើការពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ឯកឧត្តមថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ញ៉ែម សុផល
អភិបាលខេត្តកំពង់ចាមជួបជាមួយពលរដ្ឋមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៣ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃរបស់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ជូនពលរដ្ឋក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា ថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន ។ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ឯកឧត្តម ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
បន្ទាប់ពីមានស្ត្រីម្នាក់ស្លាប់ក្រសួងសុខាភិបាលបានបិទមជ្ឈមណ្ឌលកែសម្ផស្ស មួយ
ភ្នំពេញ៖ថ្ងៃទី៤ ខែមីនានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច បិទមជ្ឈមណ្ឌលកែសម្ផស្ស “អឹម២៥ប៊ីយូធី” បន្ទាប់ពីមានករណីស្ត្រីម្នាក់ស្លាប់ភ្លាមៗក្រោយវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ក្នុងសេចក្តីសម្រេចក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ “អឹម២៥ប៊ីយូធី” ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារតែបុគ្គលិកគ្មានជំនាញវិជ្ជាជីវសុខាភិបាលច្បាស់លាស់ទើបធ្វើឱ្យមនុស្សស្លាប់។ទីតាំងនេះរបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ។ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស “អឹម២៥ប៊ីយូធី”។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែមីនានេះមានស្ត្រីម្នាក់អាយុប្រមាណ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ខាងលើបន្ទាប់ពីវះកាត់កែដើមទ្រូង។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងមជ្ឈមណ្ឌលកែសម្ផស្សយ៉ាងខ្លាំង។អ្នកនៅជិតទីតាំងខាងលើបានឱ្យដឹងថា មុនកើតហេតុស្ដ្រីរងគ្រោះបានមកទទួលសេវាកែដើមទ្រូងនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិនោះ។ ប៉ុន្តែសង្ស័យថា គ្រូពេទ្យដែលជាអ្នកកែសម្ផស្សគ្មានបច្ចេកទេសត្រឹមត្រូវ ទើបបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតបែបនេះ៕