អន្តរជាតិ៖សារព័ត៌មាន AFP កាលពីថ្ងៃចន្ទទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បាននិយាយថា ប្រទេសរបស់លោកស្រីសង្ឃឹមថា បទឈប់បាញ់បណ្ដោះអាសន្នក្នុងសង្រ្គាម រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នឹងត្រូវអូសបន្លាយរហូតដល់ ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់។ ក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានដោះលែងចំណាប់ខ្មាំងក្រុមទី៣ជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគារអ៊ីស្រាអែល អំឡុងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប៉ុន្តែអ៊ីស្រាអែលបានប្ដេជ្ញាថា ខ្លួននឹងបន្តធ្វើសង្រ្គាមនៅក្រោយបទឈប់បាញ់ រយៈពេល៤ថ្ងៃអស់សុពលភាព ដើម្បីបន្តបេសកកម្មកម្ទេចក្រុមហាម៉ាស់។
Featured
អ៊ីស្រាអែលទម្លាក់គ្រាប់បែកប្រមាណ៤០.០០០តោន នៅហ្គាហ្សាស្ទ្រីបចាប់ពីថ្ងៃទី៧តុលាមក
អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលតំបន់ហ្គាហ្សាបានឱ្យដឹងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាថា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកប្រមាណ៤០.០០០តោនលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ជាមួយនឹងគោលដៅជាក់ស្តែងក្នុងការធ្វើឱ្យតំបន់នេះមិនមានមនុស្សរស់នៅ។លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Telegram នៅថ្ងៃទី៣ នៃការផ្អាកមនុស្សធម៌បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលបានចូលជាធរមាននៅព្រឹកថ្ងៃសុក្រ។ លោក Marouf បាននិយាយថា “កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន ៤០.០០០តោននៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ខែតុលា ហើយភាពឃោរឃៅនៃការកាន់កាប់ដោយកងកម្លាំង។មួយភាគ៣នៃចំនួនប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប មិនទាន់ទទួលបានការផ្គត់ផ្គង់សំខាន់ៗនៅឡើយ ហើយអវត្តមាននៃស្ថាប័នអន្តរជាតិទាំងអស់ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាព៕ដោយ៖សហការី
ទណ្ឌិត៥៣៨នាក់ បានលើកលែងទោស ឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
ភ្នំពេញ៖ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកបណ្ឌិតគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងតាមប្រព័ន្ធបណ្ដាញតេឡេក្រាមថា “ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣”។“យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត សម្រាប់ពិធីបុណ្យទាំង២នេះ សរុបចំនួន៥៣៨នាក់ក្នុងនោះស្រី៤៣នាក់”។ លោកបណ្ឌិត គឹមសន្តិភាព បានបញ្ជាក់ថា “ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំង២នេះរួមមាន-ការបន្ថយទោស៣ខែចំនួន៣៩១នាក់ស្រី៣១នាក់។ បន្ថយទោស៦ខែ១៣២នាក់ស្រី១០នាក់។ បន្ថយទោស៩ខែ១២នាក់ស្រីម្នាក់។បន្ថយទោស១២ខែម្នាក់។បន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំម្នាក់។លើកលែងទោសស្ត្រីម្នាក់ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ជាមួយគ្នានេះ “ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិមិនលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើរទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា ១៖ ចំពោះបទល្មើសទូទៅ-ឧក្រិដ្ឋជនគ្រឿងញៀន-អំពើសាហាវយង់ឃ្នង-ករណីមិនរាងចាល-ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬសហព័ទ្ធ-ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈ-ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។ ២៖ចំពោះបទល្មើសរំលោភផ្លូវភេទ-ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ-ជនរងគ្រោះជាជនមានវិបល្លាសស្មារតីឬពិការ-ជនរងគ្រោះជាសាច់សាលោហិត-ករណីរំលោភបូក-ករណីប៉ុនប៉ងឬបៀតបៀនកេរ្តិ៍ខ្មាស លើជនរងគ្រោះជាសាច់សាលោហិត”៕ដោយ៖សហការី
អ៊ីស្រាអែល វាយប្រហារលើសាលារៀន នៅហ្គាហ្សាគ្រប់គ្រងដោយUN ធ្វើឱ្យស្លាប់៣០នាក់និងរបួសប្រមាណ១០០នាក់
អន្តរជាតិ៖ក្រុមហាម៉ាស់បាននិយាយថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និងប្រមាណ១០០នាក់រងរបួស ក្នុងការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយដែលគ្រប់គ្រងដោយ អង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រុមហាម៉ាស់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានផ្តោតលើសាលា Abu Hussein ដែលឧបត្ថម្ភដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា UNRWA ក្នុងតំបន់ជំរុំជនភៀសខ្លួនJabalia។ការវាយប្រហារនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌ នឹងចាប់អនុវត្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអត្ថាធិប្បាយណាមួយ ពីកងទ័ពអ៊ីស្រាអែលនៅឡើយទេ។ សូមបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង១៤.៨៥៤នាក់ រួមទាំងកុមារ ៦.១៥០នាក់ និងស្ត្រីជាង៤.០០០ នាក់។ ខណៈចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលវិញមានប្រហែល១.២០០នាក់៕ដោយ៖សហការី
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដំណឹងសម្រាប់អ្នកសារព័ត៌មាន អនឡាញទាំងអស់
ភ្នំពេញ៖លិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៣។យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តី រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មាន តាមប្រព័ន្ធអនឡាញប្រភេទធនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ(២០២៣-២០២៨)។ក្នុងនោះកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០ភាគរយ។បច្ចុប្បន្នសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧អង្គភាព។ឆ្លៀតក្នុងឱកាសនេះ “ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន”៕
កំពុងបន្តនីតិវិធីករណីគ្រឿងសម្អាង-អាហារបំប៉នជិត៦តោនហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបកន្លែងស្តុកគ្រឿងសម្អាង-អាហារបំប៉នជិត៦តោន។មុខទំនិញទាំងនោះបានហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត ហើយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់យកទៅសាកសួរ ពេលនេះកំពុងបន្តនីតិវិធី។សមត្ថកិច្ចក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកម្លាំងជំនាញ-មន្ត្រីតុលាការ និងផ្នែកក្រសួងសុខាភិបាល បានចុះឆែកឆេរទីតាំងមួយ ដែលស្តុកផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ។ការបង្ក្រាបធ្វើឡើងនៅផ្ទះលេខ BA១១+BA១២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខមានទម្ងន់៥.៦៤១គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់។ក្នុងនោះអត់មានច្បាប់ចំនួន២៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍តែហួសសុពលភាពចំនួន៩មុខ និងមានច្បាប់ចំនួន១០មុខ។មន្ត្រីដដែលបានបន្តថា ក្រោយពីត្រួតពិនិត្ វត្ថុតាងត្រូវបានដកហូត ហើយខាងមន្ត្រីតុលាការសម្រេចបិទផ្លុំបេទីតាំងនោះ និងបាននាំខ្លួនម្ចាស់យកទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តតាមច្បាប់៕
សពមិនស្គាល់អត្តសញ្ញាណរាប់សិបនាក់ ត្រូវបានបញ្ចុះក្នុងផ្នូរដ៏ធំនៅហ្កាហ្សា
អន្តរជាតិ៖សាកសពមនុស្សមិនស្គាល់អត្តសញ្ញាណរាប់សិបនាក់ ត្រូវបានបញ្ចុះកាលពីថ្ងៃពុធទី២២ ខែវិច្ឆិកាក្នុងផ្នូរដ៏ធំមួយ នៅឯទីបញ្ចុះសពនៅសង្កាត់ខាន់យូនីស (Khan Yunis) ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។ សពរុំដោយក្រណាត់ជ័រខៀវ ត្រូវបានដាក់លើប្រង់ការ ដែលសពខ្លះនៅប្រឡាក់ឈាម ចូលទៅក្នុងរណ្តៅដីខ្សាច់ ដែលត្រូវបានពង្រីកបន្តិចម្តងៗដោយអ្នកជីក។រីឯសពខ្លះមានទំហំប៉ុនកុមារ។ លោក បាសសេម ដាបាបេស (Bassem Dababesh) គណៈកម្មាធិការសង្គ្រោះបន្ទាន់នៅក្រសួងកិច្ចការសាសនា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ដោយសារតែទុក្ករបុគ្គលទាំងនេះគ្មាននរណាត្រូវនិយាយលា យើងបានជីកផ្នូរដ៏ធំមួយដើម្បីបញ្ចុះពួកគេ។ពួកគេគឺជាទុក្ករបុគ្គលដែលមិនស្គាល់ឈ្មោះ”។សាកសពដែលមានតែលេខសម្គាល់ បានមកពីមន្ទីរពេទ្យឥណ្ឌូណេស៊ីនិងអាល់ស៊ីហ្វា (Al-Shifa) នៅភាគខាងជើងហ្កាហ្សាស្ទ្រីប។ នេះបើតាមសមាជិកនៃគណៈកម្មាធិការនៅកន្លែងបញ្ចុះសព។ លោក អាស្រាហ្វ អាល់គូដ្រា (Ashraf al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា “មន្ទីរពេទ្យឥណ្ឌូនេស៊ីនៅចុងជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ដែលរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានជម្លៀសមួយផ្នែកកាលពីថ្ងៃច័ន្ទ៕ប្រែសម្រួល៖កញ្ញាដាលីស(វេបសាយរស្មីកម្ពុជា)
នាយករដ្ឋមន្ត្រីកម្ពុជា ជួបសំណេះសំណាលជាមួយកម្មករ ប្រមាណជិត២ម៉ឺននាក់ក្នុងខណ្ឌកំបូល
ភ្នំពេញ៖ព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិកចំនួន១៨.១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។ រោងចក្រសហគ្រាសទាំង ១៣នេះ មានកាត់ដេរសម្លៀកបំពាក់ចំនួន១០ ដេរស្បែកជើងចំនួន២ និងផលិតផលធ្វើដំណើរនិងកាបូបចំនួន១ ។ពេលនេះជាជំនួបលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំ២០២៣នេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិក តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា។បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតឡើងភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់កម្មវិធីចុះជួបកម្មករ និយោជិកតាមរោងចក្រជាបន្តបន្ទាប់។ក្នុងជំនួប១០លើកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ១៧២.៣៥០នាក់ មកពីរោងចក្រ សហគ្រាសសរុបប្រមាណ១៨៩។ជំនួបលើកទី១-ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិកចូលរួមចំនួន១៨.០១៣នាក់។ទី២-ថ្ងៃទី១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិកចូលរួម១៨.២៨៩នាក់។ទី៣-ថ្ងៃទី៩ ខែកញ្ញានៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិកចូលរួម១៨.២៦៥នាក់។ទី៤-ថ្ងៃទី១៩ ខែកញ្ញាក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករនិយោជិកចូលរួម១៨.១០៤នាក់។ទី៥-ថ្ងៃទី៣ ខែតុលានៅខណ្ឌដង្កោ មានកម្មករនិយោជិកចូលរួមចំនួន១៨.០៩៩នាក់។ទី៦-ថ្ងៃទី២៥ […]
សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប ចំនួនអ្នកស្លាប់បានកើនឡើងលើស១៣.០០០នាក់
អន្តរជាតិ៖ទីភ្នាក់ងារព័ត៌មាន AFP ថ្ងៃច័ន្ទទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានរាយការណ៍ថា អាជ្ញាធរនៃតំបន់ហ្គាហ្សាស្រ្ទីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរបស់អ៊ីស្រាអែលនៅទីនោះ បានកើនឡើងលើសពី១៣.០០០នាក់ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។ អាជ្ញាធរសុខាភិបាលហាម៉ាស់បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានកុមារដល់ទៅជាង៥.៥០០នាក់-ស្រ្តី៣.៥០០នាក់និងអ្នករងរបួសចំនួន៣០.០០០នាក់ផ្សេងទៀត។ទន្ទឹមនេះ តួលេខអ្នកបាត់ខ្លួនបានកើនហួស៦.០០០នាក់ ដែលរួមមានទាំងកុមារនិងស្រ្តីសរុបប្រហែល៤.០០០នាក់។ក្នុងនោះ កន្លែងស្នាក់នៅច្រើនជាង៤៣.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ។ខណៈ២២៥.០០០ខ្នងផ្សេងទៀត បានរងការខូចខាត ដោយសារតែសង្រ្គាម។ចំណែកមន្ទីរពេទ្យ២៥កន្លែង និងមជ្ឈមណ្ឌលសុខភាព៥២កន្លែង ក៏ឈប់ប្រតិបត្តិការបានតទៀត។អ៊ីស្រាអែលបានចាប់ផ្តើម បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងមិនធ្លាប់មាន ជាមួយប្រតិបត្តិការយោធាតាមផ្លូវគោក ប្រឆាំងតំបន់ហ្គាស្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា។ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន បានឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស១២.០០០នាក់និងចាប់ចំណាប់ខ្មាំងប្រមាណ២៤០នាក់ផ្សេងទៀត៕ដោយ៖សហការី
ក្រុមហាម៉ាស់អាចបញ្ចូល ទឹកសមុទ្រទៅក្នុងផ្លូវរូងក្រោមដី ដើម្បីរារាំងទាហានអ៊ីស្រាអែល
អន្តរជាតិ៖ក្រុមប្រដាប់អាវុធអ៊ីស្លាមហាម៉ាស់ អាចបង្ហូរទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីនៅជិតសមុទ្រមេឌីទែរ៉ាណេ ដើម្បីជន់លិចតំបន់យុទ្ធសាស្ត្រក្នុងហ្គាហ្សា ដើម្បីទប់ស្កាត់ការឆ្ពោះទៅមុខរបស់អ៊ីស្រាអែលក្នុងការវាយប្រហារ។ គេមិនអាចច្រានចោលបានទេថា ក្រុមហាម៉ាស់បានបង្កើតអន្ទាក់ដ៏គ្រោះថ្នាក់បែបនេះដោយប្រើទឹកសមុទ្រដើម្បីបញ្ឈប់កងទ័ពអ៊ីស្រាអែល បង្កើតឱកាសសម្រាប់ការឆ្លើយតបជាបន្តបន្ទាប់។ជម្លោះយោធារវាងអ៊ីស្រាអែលនឹងក្រុមហាម៉ាស់នៅហ្គាហ្សាបានឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់មួយ នៅពេលដែលកងទ័ពអ៊ីស្រាអែលបានជន់លិចចូលទៅក្នុងតំបន់ហ្គាហ្សា និងព្យាយាមបំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់។ ETV Bharat បានផ្សាយថា ក្រុមហាម៉ាស់កំពុងរៀបចំផែនការ ដើម្បីទប់ស្កាត់ការវាយប្រហារលើដីរបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ យោងតាម ETV Bharat អង្គការ think tank ImagIndia មានទីស្នាក់ការកណ្តាលនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ប៉ាន់ស្មានថា ក្រុមហាម៉ាស់អាចបង្កើតទឹកជំនន់នៅហ្គាហ្សា។ដោយការបំផ្ទុះគ្រាប់បែកពីចម្ងាយនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ។របាយការណ៍របស់ ETV Bharat បាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដីរបស់ Hamas មានជម្រៅជាមធ្យម 15m នៅក្រោមដីនៅតំបន់ Gaza ។ប៉ុន្តែត្រូវការជីកជម្រៅត្រឹមតែ1-2m ដើម្បីភ្ជាប់ទៅកាន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ETV Bharat ប្រសិនបើកងទ័ពអ៊ីស្រាអែលឈានចូលជ្រៅទៅក្នុងតំបន់ហ្គាហ្សា ទឹកសមុទ្រនឹងហូរចូលទៅក្នុងផ្លូវរូងក្រោមដី និងជន់លិចតំបន់ទំនាប បង្កើតជាខ្សែក្រវាត់ភក់ប្រវែងប្រហែល៤គីឡូម៉ែត្រ ដែលបង្កការលំបាកសម្រាប់រថយន្តដឹកទំនិញ និងរថក្រោះរបស់អ៊ីស្រាអែលក្នុងការឆ្លងកាត់៕ដោយ៖សហការី