ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ក្រុមមន្រ្តីជំនាញបានរកឃើញពពុះ សណ្តែកមានសារធាតុ គីមីលក់ក្នុងផ្សារ

ភ្នំពេញ៖​ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារជាប្រចាំ គោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើមិនសុចរិតក្នុងធុរកិច្ច។ជាក់ស្តែង ក្នុងបេសកកម្មនេះកាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ មន្ត្រីជំនាញ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន៨គំរូ រួមមានគ្រឿងសមុទ្រ ពពុះសណ្តែក និងខ្ញីហាន់។ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសំណាកគំរូពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ Borax ចំនួន៣គីឡូក្រាម និងត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលពេលក្រោយ។ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះគ្រប់ប្រភេទ ហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន២០,៤គីឡូក្រាម។ទំនិញទាំងនេះ ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុកនៅទីស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលសមស្រប។ ជាមួយគ្នានេះដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់អាជីវករ មន្ត្រីជំនាញបានណែនាំនិងផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញត្តិដែលកំពុងមានជាធរមានផងដែរ៕  

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន​ ជាតិចិនម្នាក់ជាមួយវត្ថុតាង ជាង២គីឡូទៅតុលាការ

​ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងជាង២គីឡូក្រាម និងចាប់ឧក្រិដ្ឋជនជាតិចិនម្នាក់។  មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹង កាលពីព្រឹកថ្ងៃ​ទី២៨​ខែកុម្ភៈ​នេះថា កម្លាំង​ជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិនម្នាក់និង រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម​នៅ២កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។មន្ត្រីដដែលបនបន្តថា​ ដោយទទួលបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់នៃឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា។ទី១-មុខសណ្ឋាគារកាសា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងទី២-នៅខុនដូរមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ ជនសង្ស័យម្នាក់ឈ្មោះ តាក ជ័ង DA ZHANG  អាយុ៣០ឆ្នាំ ជាជនជាតិចិន។ជាមួយនោះដកហូតវត្ថុតាងគ្រឿងញៀនច្រើនប្រភេទ សរុបទម្ងន់២គីឡូ៨១.៤១ក្រាម។បន្ទាប់ពីសាកសួរនិងត្រួតពិនិត្យរួច ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕    

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

វល្លិ៍រមៀតខុសច្បាប់ទម្ងន់ ប្រមាណ៤តោនត្រូវ កម្លាំងឧទ្យានអនុរក្ស ស្ទឹងត្រែងបានបង្ក្រាប

ស្ទឹងត្រែង៖កម្លាំងឧទ្យានអនុរក្ស ខេត្តស្ទឹងត្រែងបានចេញ ល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង។ ប៉ុន្តែកាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅកម្លាំងបានចេញល្បាតដល់ម្តុំក្រោយភូមិសាម៉ា និយាមកា 651827-1560645 ស្ថិតក្នុងភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។កម្លាំងសមត្ថកិច្ចបានប្រទះឃើញគំនរ វល្លិ៍រមៀត មួយកន្លែង។ក្រុមមន្ត្រីបានរាយការណ៍ថា កាលពីថ្ងៃ២២ ខែកុម្ភៈឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយកវល្លិ៍រមៀតចំនួន៦៥ការ៉ុងស្មើប្រមាណ៤.០០០គីឡូក្រាម។វល្លិ៍រមៀតខុសច្បាប់នេះត្រូវ ជនមិនស្គាល់អត្តសញ្ញាបានលាក់ទុកក្នុង ព្រៃប្រុងដឹកយកទៅលក់នៅប្រទេសឡាវ។ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង វល្លិ៍រមៀតទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ករណីនេះមន្ទីរបរិស្ថានខេត្ត ជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងសហការចាត់វិធានការយ៉ាងតឹងរ៉ឹង និងបំផុតក្នុងការបង្ក្រាប និងស្រាវជ្រាវរកចាប់ជនល្មើស បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជា សកម្មភាពខុសនឹងច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោសជាបទល្មើសព្រៃឈើ ថ្នាក់ទី១៕

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

កម្លាំងជំនាញខេត្តទាំង៦សរុបលទ្ធផល នៃការបង្ក្រាបបទល្មើស​ នេសាទជុំវិញបឹងទន្លេសាប

ភ្នំពេញ៖មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹង ពីលទ្ធផលនៃការបង្ក្រាប បទល្មើសនេសាទ ក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ដល់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤។ មន្ត្រីដដែលបានបញ្ជាក់ថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល តាមបណ្តាខេត្តទាំង៦ជុំវិញបឹងទន្លេសាប បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើស នេសាទ ចាប់ពីថ្ងៃទី២៣មីនាឆ្នាំ២០២២ដល់ថ្ងៃទី-២៦ ខែកុម្ភៈឆ្នាំ២០២៤។ក្នុងនោះជាលទ្ធផលបង្ក្រាបឧបករណ៍ ល្មើសនេសា ប្រភេទអួនអូសទឹកសាបចំនួន៥៣វង់។ប្រភេទម៉ាញ់១៤វង់-ឧបករណ៍ឆក់ត្រជាក់ និងក្តៅចំនួន១.៤៧៣គ្រឿង-ឈីបយន្ត២៣គ្រឿង-អួនហ៊ុំ៣៣វង់-របាំងស្បៃមុង និងសាច់អួនចំនួន១.៦៥០.៦១៧ម៉ែត្រ-លូនិងលប១៥.២២៩មាត់-បង្គោលចម្រឹង៧៦៨.២១១ដើម-ឈ្នក់រួមផ្សំភ្លើងចំនួន១១៩វង់-កាណូត១៧៦គ្រឿង-ម៉ាស៊ីន៨៤គ្រឿង។បញ្ជូនសំណុំរឿងទៅតុលាការ៧១ករណី ចេញដីកាកោះ២០នាក់ និងឃុំខ្លួន៣១នាក់។ក្នុងខេត្តចំនួន៦នោះមានខេត្តកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់-បាត់ដំបង-សៀមរាប-កំពង់ធំ និងខេត្តបន្ទាយមានជ័យ។របាយការណ៍បានឱ្យដឹងទៀតថា ក្រសួងទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសជលផល គិតចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ដល់ថ្ងៃទី-២៦ ខែកុម្ភៈឆ្នាំ២០២៤។លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន១៥លើក។ជាមួយនោះរាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែ បកស្រាយបំភ្លឺនិងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបានលទ្ធផលជាបន្តបន្ទាប់៕      

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ហាញមុខ​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន៣នាក់ និងវត្ថុតាង​ជាង​១៦​គីឡូ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក៣ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញមុខឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិន៣នាក់ និងវត្ថុតាងជាង១៦គីឡូក្រាម មុនបញ្ជូនទៅតុលាការ។សមមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំងនគរបាល​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក៣ ដោយមាន​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង ​សាលាដំបូង​រាជធានី​ភ្នំពេញ។ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀន​។ ក្នុងនោះបាន​ឃាត់ខ្លួនឧក្រិដ្ឋ​ជនជាជនជាតិ​ចិន​៣​នាក់ ជាមួយគ្រឿងញៀន សរុបជាង១៦គីឡូក្រាម ។ការ​បង្ក្រាប​នោះ​​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ ដោយឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​នៅម្តុំ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន និង​រឹបអូសគ្រឿងញៀន​​មួយ​ចំនួន។ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ យក​ទៅ​សាកសួរទើប​បន្ត​ទៅ​ឃាត់​បក្ខពួក​២​នាក់​ទៀត។​ពួកគេ​​ស្នាក់​នៅ​ខុន​ដូ​​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ ប្រភេទ​គ្រឿងញៀន​គ្រវីក្បាល​។ក្នុងពេលឃាត់ខ្លួនក្រុមឧក្រិដ្ឋជន សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​លម្អិត ស្តី​ពី​ករណី​បង្ក្រាបគ្រឿង​ញៀន​នោះ​នៅឡើយ​ទេ។ គ្រាន់តែ​ប្រាប់ជាបឋមឱ្យ​ដឹង​ថា គ្រឿង​ញៀន​ដែល​ដកហូត​បាន​ពីក្រុម​ចិន​៣នាក់​នោះ ​សរុប​មាន​ចំនួន​ជាង​១៦​គីឡូក្រាម៕  

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

“ពលរដ្ឋឆ្ងល់ថាព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធមានសកម្មភាពហូរហែរបែបនេះ?”

បន្ទាយមានជ័យ៖បន្ទាត់ព្រំដែនប្រទេស ត្រូវតែមានកម្លាំងការពារទាំងសន្តិសុខ-សេដ្ឋកិច្ចទំនិញគេចពន្ធ និងបទល្មើសឆ្លងដែន។ល។ប៉ុន្តែពលរដ្ឋមានចម្ងល់ថា ព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធ នៅតែមានសកម្មភាពហូរហែរបែបនេះ?ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូជាច្រើនគ្រឿងសង្ស័យគេចពន្ធ ត្រូវបានឈ្មួញដឹកតាមរថយន្តធំចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យធ្វើដំណើរតាម ផ្លូវជាតិលេខ៥៩សឹងរាល់យប់ ត្រូវបានអ្នកដំណើរ ប្រទះឃើញក៏ថតបានរួបភាព ពេលកំពុងមានសកម្មភាពដឹកជញ្ជូន ។រូបភាពនេះបានដល់ដៃអ្នកសារព័ត៌មាន ដើម្បីចុះផ្សាយជូនមន្ត្រីព្រំដែនបានជ្រាបដើម្បី តាមដានរាល់បទល្មើសសេដ្ឋកិច្ច លួចឆ្លងដែននៅពេលយប់ក្នុងស្រុកម៉ាឡៃ។សេចក្ដីរាយការណ៍បានបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចលួចឆ្លងដែន តាមច្រករបៀងក្នុងស្រុកម៉ាឡៃនៅពេលយប់មានច្រើនរូបភាព។ ក្នុងនោះការជួញដូរមនុស្សឆ្លងដែនក៏នៅតែបន្ត រួមទាំងជនបរទេស និងទំនិញចាប់ហ៊ួយ សាច់មាន់ សាច់ជ្រូកបង្កក រួមទាំងសត្វមាន់រស់ដើម្បីយកមកចែកចាយ ក្នុងផ្សារជាប់ព្រំដែននិងបន្ត ចែកចាយទៅតាមផ្សារនានាក្នុងកម្ពុជា។ប្រភពដដែលបានបញ្ជាក់ថា ករណីទាំងនេះធ្វើឱ្យទំនិញក្នុងស្រុកមិនសូវមានលំនឹងតម្លៃលើទីផ្សារ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋឬមុខរបរអាជីវករខ្មែរ។ ប្រភពបានបន្តថា ច្រករបៀងព្រំដែនស្រុកម៉ាឡៃ កន្លងទៅខាងភាគីថៃបានរកឃើញម៉ូតូទំនើប​គេចពន្ធជាច្រើនគ្រឿង ដែលក្រុមឈ្មួញប្រុងលួចឆ្លងដែន។តែត្រូវពលរដ្ឋថៃប្រទះឃើញ ក្នុងចម្ការអំពៅហើយ បានរាយការណ៍ប្រាប់សមត្ថកិច្ចគេឱ្យទប់ស្កាត់។ពលរដ្ឋបានបញ្ជាក់ថា ម៉ូតូជាច្រើនគ្រឿងដឹកតាមរថយន្ត​ពេលយប់ ត្រូវបានពួកគាត់បានឃើញនិងថតបានរូបភាព កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥៩ចេញពី ច្រករបៀងអូរទំព័រក្នុងស្រុកមាឡៃ។រីឯសកម្មភាពនេះគឺចេញតែពេលយប់ ដែលធ្វើឱ្យពលរដ្ឋមានចម្ងល់ថា​ ព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធធ្វើសកម្មភាពហូរហែរបានបែបនេះ?

ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

អំពាវនាវដល់ប្រជានេសាទ បើនេសាទបានត្រីកម្រ សូមមេត្តាលែង វាចូលក្នុងទន្លេវិញ

ក្រចេះ៖ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រ ដូចជាត្រីត្រសក់-ត្រីរាជ-ត្រីគល់រាំង-ត្រីបបែលយក្សជាដើម មេត្តាដោះលែងចូលក្នុងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារ ត្រីកម្ររបស់យើងកុំឱ្យផុតពូជ។ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងដំណើរទេសចរណ៍ផ្សារភ្ជាប់ទឹកដីនិងការងារគ្រប់គ្រងមូលដ្ឋានកាលពីថ្ងៃទី២៤ខែកុម្ភៈនោះ  ឯកឧត្តមបានចុះស្វែងយល់ពីការងារគ្រប់គ្រងសង្កាត់កោះទ្រង់ នៃអាជ្ញាធរមូលដ្ឋាន។ កោះទ្រង់មានទំហំផ្ទៃដី ២២៣ហិកតា មានភូមិចំនួន២ គឺភូមិក្បាលកោះ និងភូមិចុងកោះ។ កោះទ្រង់សម្បូរដោយក្រូចថ្លុងហើយល្បីថាមានរសជាតិ​ឆ្ងាញ់។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្នាំ២០២៤នេះពលរដ្ឋរស់នៅលើ កោះទ្រង់បានដាំដើមក្រូចថ្លុងផ្អែមចំនួន១១.២២៧ដើម។ ក្នុងនោះក្រូចដែលកំពុងផ្តល់ផលមានចំនួន៤.៤៣០ដើម។កោះទ្រង់ជាទិសដៅទេសចរណ៍ធម្មជាតិមួយយ៉ាងសំខាន់របស់ខេត្តក្រចេះ។នៅទីនេះក៏គ្មានផ្ទះសម្រាប់ស្នាក់នៅ និងរីសតលំហែរកាយដែរ។ជាពិសេសអាចជិះរទេះសេះ រទេះគោកម្សាន្តក្នុងភូមិ និងពិសារក្រូចថ្លុងដែលមានរសជាតិដ៏ឆ្ងាញ់ នៅទីតាំងផ្ទាល់តែម្តង។ បងប្អូនអាចអញ្ជើញមកទស្សនាកម្សាន្តបាន។នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ និងឃើញត្រីធំៗ ដែលប្រជានេសាទបានយកមកលក់នៅផ្សារ រដ្ឋមន្ត្រីបានក៏ថ្លែងថា “នេះជាកូនត្រីត្រសក់ដែល​ខ្ញុំបានប្រទះឃើញដាក់លក់នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈតាមដងទន្លេមេគង្គ។ ត្រី​ត្រសក់ គឺជា​ប្រភេទ​ត្រី​ធំក្នុងចំណោម​ប្រភេទ​ត្រី​ធំៗ​ដទៃទៀត ដែល​រស់នៅក្នុង​ដងទន្លេមេគង្គ”​។“ត្រី​ប្រភេទ​នេះ វា​អាច​ធំ​លួត​លាស់​រហូតដល់​ទម្ងន់​ជាង​៩០​គីឡូក្រាម និង​មានដងខ្លួនប្រវែង១,៥ ម៉ែត្រ”។ “ខ្ញុំសូមអំពាវនាវដល់ប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមមេតា្តលែងវាចូលក្នុងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើងកុំឱ្យផុតពូជ”៕

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ករណីចាក់ថ្មរំលោភចូលទន្លេ មេគង្គនៅស្រុកស្រីសន្ធរ សំណុំរឿងចូលដល់តុលាការហើយ

ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សំណុំរឿងចាក់ថ្មរំលោភចូលផ្ទៃទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធ នៅស្រុកស្រីសន្ធរ ត្រូវបានបញ្ជូនដល់ដៃតុលាការហើយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ២០២៤។ ចំពោះចំណាត់ការនេះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នឹងបើកកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី២៥ ខែកុម្ភៈដើម្បីស្រាវជ្រាវបន្ថែម-សាកសួរនិងចាត់វិធានការតាមច្បាប់លើអ្នកប្រព្រឹត្តផ្ទាល់ រួមនិងអ្នកពាក់ព័ន្ធ។តាមការបញ្ជាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែកុម្ភៈនេះថា​​​​ “ករណីចាក់ថ្មរំលោភចូលទន្លេគង្គនេះ គឺត្រូវឱ្យកាយឡើងគោគវិញ ហើយចាត់វិធានការតាមច្បាប់។គឺមិនមែនសម្របសម្រួលបញ្ចប់រឿងដោយស្ងាត់ៗនោះទេ”។គួរំលឹកថាថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយ បណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយអំពីបុគ្គល មានលុយចាក់ថ្មរំលោភចូលទន្លេមេគង្គ នៅម្តុំភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យចុះស្រាវជ្រាវ និងរកឃើញថា ពិតជាមាន ករណីចាក់ថ្មចូលទន្លេប្រាកដមែន។ក្នុងនោះឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាឱ្យកាយយកថ្មឡើងវិញ ដោយទុករយៈពេល៧០ថ្ងៃ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ។សេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានបញ្ជាក់ថា ការចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។គឺចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ […]

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ក្រាប​ទី​តាំង​ស្កុក​ និងចែក​ចាយ​ផលិតផល​ទឹក​ដោះគោ​ជូរ រំលោភ​លើ​កម្មសិទ្ធិបញ្ញា​

បន្ទាយមានជ័យ​៖កម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តកាលពីថ្ងៃទី២១ ខែកុម្ភៈបានចុះបង្ក្រាបទីតាំងសង្ស័យលួចនាំចូលស្កុក និងចែកចាយផលិតផលទឹកដោះគោជូរ រំលោភលើកម្មសិទ្ធិបញ្ញា។ផលិតផលនេះបាននាំចូលផ្ដាច់មុខពីក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។ទីតាំងដែលបានបង្ក្រាបស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ក្រោយ​ទទួល​បាន​​ពាក្យ​បណ្ដឹង​ពី​ក្រុម​ហ៊ុន​ ​​ រួចមក លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងកា​រនគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​បញ្ជាមន្ត្រីក្រោមឱវាទ លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផា​ប្ញទ្ធិ​ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។ក្នុងនោះមាន​​លោក​វរសេនីយ៍ឯក​ រស់​ អៀម​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួមមានការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូង ខេត្តបន្ទាយមានជ័យ។ បាន​​ដឹក​នាំ​កម្លាំងជំនាញ​​ចុះ​បង្ក្រាប​ទី​តាំង​១កន្លែង​ សង្ស័យ​លួច​​នាំ​ចូល​ស្តុក​ និង​ចែក​ចាយ​ផលិតផល​ទឹកដោះ​ជូរ​ម៉ាក “Dutch Mill​” ដែល​រំលោភ​កម្មសិទ្ធិបញ្ញាខណៈ​នាំ​ចូល​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន​យូរ​ អិន​ ធី​ហូលសេល​ ខូអិលធីឌី។កម្លាំង​ជំនាញ​បានពិនិត្យ​ជាក់​ស្ដែង​ និង​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​ នូវ​ប្រភេទ​ទឹក​ដោះ​គោ​ជូរម៉ាក​ Dutch Mill ចម្រុះ​ចំនួន​១៥៤កេស ដោយកេស​ក្រដាស់​បិទ​ស្កុត​ផ្លុំ​បេនិង​យក​មក​កាន់​ស្នងការដ្ឋាន ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បីបន្ត​​នីតិវិធី៕

ព័ត៌មានសង្គម សេដ្ឋកិច្ច

“អ្វីទៅជារថភ្លើងធុនស្រាល? ហេតុអ្វីចាំបាច់មានយាន ប្រភេទនេះក្នុងទីក្រុង?

ភ្នំពេញ៖អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​លោកផន រឹម រសៀលថ្ងៃទី២២​ ខែកុម្ភៈ​ឆ្នាំ​២០២៤នេះ​បានថ្លែង​តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក​​ថា អ្វីទៅជារថភ្លើងធុនស្រាល? ហេតុអ្វីចាំបាច់មានយានប្រភេទនេះក្នុងទីក្រុង?អ្នកនាំពាក្យ​បានបន្តថា​ ក្រុមហ៊ុនChina Metro Group ក្នុងជំនួបជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ជំនួបបានបង្ហាញឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ពីការវិនិយោគលើប្រព័ន្ធដឹកជញ្ជូន ដោយរថភ្លើងធុនស្រាលLRTនៅកម្ពុជា។ភាគីក្រុមហ៊ុន China Metro Group បានបង្ហាញវឌ្ឍនភាពការសិក្សា លើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ខ្សែនៅកម្ពុជា។ទី១-គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរទៅកាន់ក្រុងសៀមរាប។ទី២- គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ដូច្នេះរថភ្លើងធុនស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។លោកផន រឹម បានបញ្ជាក់ថា​ សម្រាប់កម្ពុជា ជាទស្សនវិស័យរួម លើការវិនិយោគការ សាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។ឧទាហរណ៍នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងក្រុងវាអាចយឺតអាចកកស្ទះ។ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះគឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា […]