ទស្សនៈ

​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ​និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​

ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​កិច្ចប្រជុំ​អន្តរក្រសួង ដឹកនាំ​ដោយ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួមទាំង​មន្ត្រី​ជំនាញ​។​បានធ្វើ​ឡើង ដើម្បី​រក​វិធី​ឈានទៅ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ភាព​ចង្អៀត​ណែន នៅក្នុង​ពន្ធនាគារ​។​

​របាយការណ៍ បង្ហាញថា ក្នុង​មួយឆ្នាំៗ មាន​សំណុំរឿង​ប្រមាណ​មួយ​ម៉ឺន​សំណុំរឿង បាន​កកស្ទះ នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ហើយ​ភាគច្រើន គឺជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង ញៀន​។ ក្នុងនោះ មួយឆ្នាំ ក៏មាន​សំណុំរឿង​ជាង ១​ម៉ឺន​សំណុំរឿង បាន​ជំនុំជម្រះ​នៅ​សាលាដំបូង រាជធានី​ខេត្ត ផងដែរ​។ រីឯ​ចំនួន​អ្នក​ជាប់ពន្ធនាគារ នៅ​ទូទាំងប្រទេស សរុប​មាន​ប្រមាណ ៣៨.០០០​នាក់​។​

​អង្គប្រជុំ បាន​កត់សម្គាល់ថា ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ការ​ចង្អៀត​ណែន​អ្នកទោស នៅក្នុង​ពន្ធនាគារ​នេះ​កើតឡើង​ដោយសារ​កំណើន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​កើតមាន​ក្នុង​យុទ្ធនាការ​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។ យុទ្ធនាការ​នេះ សមត្ថកិច្ច​បង្ក្រាប​អ្នកពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន បានជា​រៀងរាល់ថ្ងៃ និង​មាន​ចំនួន​ជនល្មើស កាន់តែច្រើន​ទៅៗ​។​

​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​អន្តរក្រសួង បាន​ឯកភាព គាំទ្រ​ក្រសួងយុត្តិធម៌ បើក​យុទ្ធនាការ​ដោះ ស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង និង​ការ​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​ក្រោម​កិច្ចសហការ​ជាមួយ ក្រសួងមហាផ្ទៃ​។​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​លើកឡើងថា ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង និង​ការ​ចង្អៀត​ណែន​នៅ​ពន្ធនាគារ គឺជា​កិច្ចការ​អាទិភាព ដែល​លោក​បាន​តាំងចិត្ត​ខ្ពស់​ពេល​ឡើង កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពីដើម​ខែមេសា ឆ្នាំ​២០២០​។​

​កន្លងមក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ក៏ដូចជា​អង្គការ​អន្តរជាតិ​ខ្លះ​ក៏បាន​លើកឡើង​ជា​ញឹក ញាប់​ពី​ការកកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​។ ក្នុងនោះ​អង្គការសិទ្ធិមនុស្ស ក្នុងស្រុក ក៏ដូចជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​តាមដាន​និង​ផ្ដល់​អនុសាសន៍ ជាច្រើន ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​។​

​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ ក្នុងពេល​កន្លងមក​ក៏បាន​សាងសង់​បន្ថែម​នូវ​មណ្ឌល​អប់រំ កែប្រែ ក៏ដូចជា​ពង្រីក​អគារ​ពន្ធនាគារ​ជាច្រើន នៅតាម​រាជធានី​ខេត្ត ទូទាំងប្រទេស​។​រីឯ​ក្រសួងយុត្តិធម៌ ក៏បាន​បង្កើត​បន្ថែម​បន្ទប់​បើកសវនាការ​នៅតាម​តុលាការ​សាលាដំបូង​រាជធានី ខេត្ត​។ ក្នុងនោះ ជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឱ្យ​ជួល​បន្ទប់ សណ្ឋាគារ ដើម្បី​កាត់ក្តី ដែល​កកស្ទះ​នៅតាម​តុលាការ​ផងដែរ​។​

​ម្យ៉ាងវិញទៀត កាលពី​ខែមេសា ឆ្នាំ​២០២០ ក្រសួងយុត្តិធម៌​ក៏បាន​ដាក់ឱ្យ​ដំណើរការ​តុលាការ សាលាឧទ្ធរណ៍​ថ្នាក់​តំបន់​២​នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ ខណៈដែល​តុលាការ​សាលាឧទ្ធរណ៍​តំបន់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ពន្យារពេល ដោយសារតែ​អគារ​តុលាការ​សាងសង់ មិនទាន់រួច​។​​កន្លងមក តុលាការ​សាលាឧទ្ធរណ៍ មាន​តែមួយ​ប៉ុណ្ណោះ នៅ​រាជធានី​ភ្នំពេញ ដូច​តុលាការ​កំពូល ដែរ​។​

​យ៉ាងណា​ក៏ដោយចុះ ករណី​កកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ការ​ចង្អៀត​ណែន នៅ​ពន្ធនាគារ នឹង​អាច​បន្ធូរបន្ថយ​តាម​យុទ្ធនាការ​របស់​ក្រសួងយុត្តិធម៌​។ ក្នុងនោះ មួយផ្នែក​ក៏​នឹង​អាច​ដោះ ស្រាយ​បាន នៅពេលដែល​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ សហគមន៍ ដែលមាន​ទីតាំងនៅ​ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​សាងសង់ រួចរាល់​។ មជ្ឈមណ្ឌល បាន​សាងសង់​តាំងពី​ខែសីហា ឆ្នាំ​២០១៧ គ្រោង​ចំណាយ​ថវិកា​ជាង ៦​លាន​ដុល្លារ​។​

​ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ស្ដារ​យុវនីតិសម្បទា សម្រាប់​ដាក់​អនីតិជន ( អាយុ​ក្រោម ១៨​ឆ្នាំ ) ដែលជា​ជនល្មើស​កំពុង​ជាប់ពន្ធនាគារ នៅ​ទូទាំងប្រទេស ចំនួន ១.៨០៥ នាក់​។ មជ្ឈមណ្ឌល ថ្មី​នេះ ស្ថិតនៅលើ​ផ្ទៃដី​ជាង​ប្រាំ​ហិកតា ជាប់​នឹង​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជន វិបល្លាស ស្មារតី នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។​

​មួយវិញទៀត ជា​ដំណោះស្រាយ​ចំពោះមុខ ករណី​គ្រឿងញៀន តូចតាច​ដូចជា​ក្រុមយុវជន​អ្នក ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវបាន​ប៉ូលិស ដាក់​បទ​ចោទប្រកាន់ថា ជា​អ្នកជួញដូរ និង​ចែក ចាយ​គ្រឿងញៀន​នោះ ក៏​គួរតែ​មន្ត្រី​អន្តរក្រសួង ដឹកនាំ​ដោយ​ក្រសួងយុត្តិធម៌ និង​ក្រសួងមហាផ្ទៃ ពិនិត្យ​សំណុំរឿង​ទាំងនោះ ហើយ​អនុញ្ញាតឱ្យ​ពួកគេ បាន​នៅក្រៅ​ពន្ធនាគារ​។​

​ជា​វិធានការ​មួយទៀត ក្រសួងមហាផ្ទៃ ដែល​គ្រប់គ្រង​ពន្ធនាគារ និង​ប៉ូលិស ក៏​គួរតែ​ណែនាំ​ជា ពិសេស ដល់​ប៉ូលិស ចាប់​បង្ក្រាប​គ្រឿងញៀន បើសិនជា​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន ឬក៏​ថ្នាំញៀន​កញ្ចប់​តូចៗ គួរតែ​យក​អ្នក​ទាំងនោះ ទៅ​អប់រំ​ណែនាំ​នៅតាម​មណ្ឌល​ផ្តាច់​គ្រឿង ញៀន ជាជាង​បញ្ជូន ទៅ​តុលាការ ដែល​ចុងក្រោយ​ត្រូវ​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​។​

​ជា​ការពិត​បទល្មើស កើតឡើង​សមត្ថកិច្ច ត្រូវ​បង្ក្រាប​ហើយ​។ តែ​មហាជន​ក៏​ឆ្ងល់​ដែរ ក្នុង​រឿង គ្រឿងញៀន​នេះ​។ ប៉ូលិស​ចាប់​មិន​ឈប់​រៀងរាល់ថ្ងៃ​។ តែ​ហេតុអ្វី ក៏​ករណី​គ្រឿងញៀន នៅតែ​បន្ត​កើតឡើង​? ហេតុអ្វី​បានជា​ប៉ូលិស​ជំនាញ​របស់​យើង មិន​ស្រាវ​ឱ្យដល់​មេ​ធំ ដែលជា​អ្នក​នាំចូល និង​ចែកចាយ​គ្រឿងញៀន​ទាំងនោះ​?

​វិធីសាស្ត្រ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កន្លងមក ក្នុងការ​បង្កើតឱ្យមាន​យន្តការ​ដោះស្រាយ ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ​ក៏​អាចជួយ​ដល់​ការកកស្ទះ​សំណុំរឿង​និង​ការ​ចង្អៀត​ណែន​នៅតាម ពន្ធនាគារ​ផងដែរ​។ អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់ នៅ​មូលដ្ឋាន ដើរតួនាទី​សំខាន់​ក្នុងការ​អនុវត្ត​ដំណោះ ស្រាយ​ជម្លោះ ក្រៅ​ប្រព័ន្ធតុលាការ​នេះ​។​

​រីឯ​ភាគី​ជម្លោះ​ក៏​គួរតែ​អត់អោន​យោគយល់​គ្នា និង​រស់នៅ​ដោយ​មិន​បៀតបៀន​គ្នា​ទើបបាន​សុខ ទាំងអស់គ្នា ហើយក៏​មិន​នាំ​បញ្ហា​ដល់​អាជ្ញាធរ​សមត្ថកិច្ច ឈឺក្បាល​នោះដែរ​៕​ម៉េង​ឆៃ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *