ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

សត្វត្រយង​យក្ស​បក្សី​តំណាងប្រទេសកម្ពុជាមាន​ដោយ​កម្រ​បំផុត​នៅលើ​សកលលោក

ភ្នំពេញ​៖ បក្សី​ដែលមាន ដោយ​កម្រ និង​មាន​មាឌធំ លើស​អស់​បក្សី ក្នុង​អម្បូរ​របស់ខ្លួន​នេះ មានឈ្មោះ ជា​ភាសា​ខ្មែរ​ថា​”​ត្រយង​យក្ស​”​ឬ “​សត្វ​ឪ​លើក​”​អ្នកស្រុក​ខ្លះ​ហៅថា​”​ត្រយង​ធំ ឬ​ក្ង​យក្ស​”​វា​មានឈ្មោះ ជា​ភាសា​អង់គ្លេស​ថា​”Giant-Ibis”​ស្ថិតក្នុង​អម្បូរ​Ibis​និង​មានឈ្មោះ វិទ្យាសាស្ត្រ​ថា​”Thaumat-Ibis gigantea”​។​

​បក្សី​ត្រយង​យក្ស​”Giant-Ibis”​គឺជា​ពូជ​សត្វ​ត្រយង ដ៏​មាន​មាឌធំ​ជាងគេ​ទាំងអស់​នៅក្នុង​អម្បូរ​ត្រយង​គ្រប់​ប្រភេទ នៅលើ​សកលលោក ហើយ​វា​ក៏​ជាស​ត្វ មាន​ដោយ​កម្រ​បំផុត នៅលើ​ភពផែនដី​ដែរ​។​នាពេល​បច្ចុប្បន្ននេះ វា​មាន​វត្តមាន រស់នៅ តែ​នៅក្នុង​ប្រទេស​កម្ពុជា តែប៉ុណ្ណោះ ។​

​ថ្វីបើ​មានការ​អះអាង ពី​ក្រុម​អ្នកជំនាញ​ខ្លះ ផ្នែក​បក្សី​ថា វា​មាន​វត្តមាន​ខ្លះ (​តិចតួច​បំផុត​) នៅក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ក៏ដោយ ក៏​រហូតមកទល់ ពេលនេះ នៅតែ​គ្មាន ការបញ្ជាក់​លម្អិត និង​ពុំ​ដែលមាន​គេ​ថតរូប ពួកវា បាន​ទាល់តែសោះ រហូតមកដល់ ពេលនេះ (​ឆ្នាំ​២០១៩) ។​

​បើ​យោងតាម​កំណត់ត្រា របស់​អង្គការ​អភិវឌ្ឍ​សត្វព្រៃ លើ​ពិភពលោក ( IUCN ) បានចាត់ទុក សត្វ​ត្រយង​យក្ស ឬ ត្រយង​ធំ ថា​ជា​ប្រភេទ​សត្វ​បក្សី មាន​ដោយ​កម្រ ហើយក៏​កំពុងតែ ទទួលរង​គ្រោះថ្នាក់ ឈានទៅ​ជិត​ផុត​ពូជ នៅលើ​ពិភពលោក ។ អង្គការ​នេះ ថែមទាំង​បាន ចុះឈ្មោះ​បក្សី​នេះ ទៅក្នុង​បញ្ជី​ក្រហម IUCN Red List critically endangered species ដូចគ្នា​ទៅនឹង សត្វ​គោព្រៃ ផងដែរ ។​

​បក្សី​”​ត្រយង​យក្ស​”​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជ្រើស​រើសយក ធ្វើជា​បក្សី​តំណាង ឱ្យ​ប្រទេស​កម្ពុជា ហើយ​វា​ក៏ត្រូវ​បានការ​ពារ ដោយ​ប្រកា​សលេខ ៣៥៩ កសក ប្រ​.​ក​. ចុះ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​១៩៩៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​១ (​ឆ្នាំ​១៩៩៣-១៩៩៨) ។​

​ភិនភាគ​របស់​បក្សី​ត្រយង​យក្ស ជា​បក្សី​ផ្លាង​ណាស់ (​ផ្អើល​ណាស់​) វា​មាន​សម្បុរ​ប្រផេះ (​ឬ​ប្រផេះ ពណ៌​ប្រាក់​ក្រ​ម៉ៅ នៅលើ​ខ្លួន​),​និង​ផ្នែក​ខាងក្រោម​ខ្លួន មាន​សម្បុរ​ប្រផេះ​ស្រាល និង​មាន​ជើង ពណ៌​ក្រហមព្រលែត ។ វា​មាន​ប្រវែង​ដងខ្លួន ប្រមាណ​ពី ១ ទៅ ១,២០ ម៉ែត្រ​,​មាន​កម្ពស់​ប្រមាណ​ជា ០,៧០-០,៩០ ម៉ែត្រ និង​នៅពេល​ធំ​ពេញវ័យ មាន​ទម្ងន់​ពី ៤ ទៅ ៦ គ​.​ក ជា​មធ្យម ។​

​ជាធម្មតា សត្វ​ឈ្មោល មាន​មាឌធំ​ជាង​សត្វ​ញី​បន្តិច និង​មាន​សម្បុរ ក៏​ក្រ​ម៉ៅ​ជាង ផងដែរ ។​ចាប់តាំងពី ពាក់កណ្ដាល ក ឡើង​ទៅដល់​ក្បាល គឺមាន​រោម​តូច ខ្លីៗ ដុះ​យ៉ាង​ក្រាស់ ជាប់​នៅ​នឹង​ស្បែក ក សឹងតែ​មើល​ពុំ​ដឹងថា មាន​រោម​ផង ( ដោយ​មើលទៅ ហាក់ដូចជា​ស្បែក ) ។​

​ចំពុះ​របស់​វា​ធំ​វែង (​ប្រហែល​ប្រវែង ០,១៥ ទៅ ០,២០ ម៉ែត្រ​) មាន​រាង​កោង​ខុប​បន្តិច នៅ​ផ្នែក​ខាងចុង ហើយ​មាន​សភាព​រឹងមាំ ស្រួច​ឯ​ចុង ។ នៅពេល​រក​ចំណី វា​តែងតែ​យក​ចំពុះ ដ៏​វែង​រឹងមាំ​នោះ ចាក់​ចុះ ចូលទៅក្នុង​ដី​ភក់ ឬ​តាម​ចន្លោះ​ក្រហែងដី ស្ងួត​ហួតហែង ដើម្បី​រក​ចំណី ជា​ពពួក​កូន​កង្កែប ក្ដាម ខ្យង ជាដើម ៕​វិសាល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *