Featured កីឡា ព័ត៌មានសង្គម

ដំណើរការសាងសង់កីឡដ្ឋានជាតិមរតកតេជោ សម្រេចបានតាមផែនការ៨០ភាគរយហើយ

ភ្នំពេញ៖បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយក្តី ប៉ុន្តែ ដំណើរ ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ នៅតែបន្តដំណើរការដោយភាពរលូនដែលនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក គិតមក​ដល់​ថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២១នេះបានប្រមាណ៨០ភាគរយ ខណៈការបំពាក់កៅអីសម្រេចបាន​ជាង​១២.០០០ កៅអី។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់គ.ជ.ប.អ (CAMSOC) បានបង្ហាញបច្ចុប្បន្នភាពនៃដំណើរការសាង​សង់​កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ​កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់នាអំឡុងចុងខែឧសភា ឆ្នាំ២០២១។

លោកបន្ដថា ពេលនេះការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបាន​ជាង ១២.០០០ កៅអីហើយ នៅសល់ជាង៤ម៉ឺនកៅអីទៀត ហើយក្នុង១ថ្ងៃៗសម្រេចបានប្រមាណ៨០០កៅអី ។ដោយ​ការបំពាក់កៅអីនេះនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១នេះ។

លោកបានបញ្ជាក់ថា ចំពោះការដាំស្មៅលើទីលានបាល់ទាត់គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្មជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការការរៀបចំតុបតែងនានាកំពុងពន្លឿនឱ្យ​បានឆាប់​រហ័សផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឱ្យ​បានឆាប់​រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ត្រូវបានថែរក្សាបង្ការជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យចេញ-ចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡដ្ឋានធំនេះស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។ នេះគឺជា ដំណើរការវឌ្ឍនភាពការងារនៃការងារសាងសង់ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំនៅទៅនោះដែរ ដែលព្រះរាជា ណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន៕ ដោយ ហេង ណាលីន

rsc

Leave a Reply

Your email address will not be published. Required fields are marked *