ព័ត៌មានសង្គម អប់រំ

មន្ទីរជំនាញផ្សព្វផ្សាយក្នុងទិសដៅពញាក់ស្មារតីដល់អ្នកបើកបរនិងអ្នកចិញ្ចឹមគោ,ក្របីនៅជិតថ្នល់ជាតិ

ព្រះវិហារ៖ មន្ទីរសាធារណការខេត្ត បានសហការជាមួយអាជ្ញាធរក្រុង ស្រុក និងនគរបាលចរាចរណ៍ បានចុះផ្សព្វផ្សាយ និងចងបដានៅតាមផ្លូវនានា ក្នុងទិសដៅពញាក់ស្មារតីដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ពិសេសចិញ្ចឹមគោ ក្របី កុំលែងផ្តេសផ្តាស ដើម្បីចូលរួមការពារកុំឱ្យកើតឡើង គ្រោះថ្នាក់ចរាចរណ៍។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះថា៖ រយៈពេល២ថ្ងៃនេះចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរសាធារណការខេត្ត បានសហការជាមួយអាជ្ញាធរតាមបណ្ដាក្រុង-ស្រុក។

លោកបានបន្តថា៖ជាមួយនោះបានសហការជាមួយនគរបាលចរាចរណ៍ក្រុង-ស្រុក រួមមាន៖ ក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកររៀង ស្រុកគូលែន ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ។ក្រុមការងារ បានចុះចងបដារផ្សព្វផ្សាយអំពីការលែងសត្វនៅតាមដងផ្លូវដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីជាការពញ្ញាក់ស្មារតីដល់ម្ចាស់សត្វឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវដឹកលើសទម្ងន់ មិនត្រូវដឹកសំពីងសំពោង មិនត្រូវបើរបរក្នុងស្ថានភាពស្រវឹង មិនត្រូវបើរបរវ៉ាជែងដោយប្រថុយប្រថាន ។

ពិសេសសូមពាក់ខ្សែរក្រវ៉ាត់និងមួកសុវត្ថិភាពជានិច្ច រាល់ពេលបើកបរនៅតាមដងផ្លូវ និងសូមបន្តចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយអនុវត្តន៍អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»៕ដោយ៖សៅវ៉ាន់ឌី

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *