Featured ព័ត៌មានសង្គម មុខម្ហូប សេដ្ឋកិច្ច

មុខម្ហូបត្រីប៉ាខិមឬត្រីប្រៃនៅតែពេញនិយមសម្រាប់ពលរដ្ឋខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ពលរដ្ឋខេត្តស្ទឹងត្រែងបានចាត់ទុកត្រីប៉ាខិមឬត្រីប្រៃជាមុខម្ហូបដ៏ពិសេសមួយដែលនិយមចូលចិត្តទទួលទាន។មុខម្ហូបប្រភេទនេះភាគច្រើនមាននៅដើមរដូវវស្សាកំឡុងខែមិថុនានិងកក្កដាក្នុងមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។

គេចាប់ផ្ដើមធ្វើត្រីប៉ាខិមឬត្រីប្រៃនៅក្នុងខែមិថុនានិងខែកក្កដាចំពេលត្រីមានពងពេញពោះហើយត្រីដែលគេអាចយកមកធ្វើបាននោះគឺជាប្រភេទត្រីរៀលតូចល្អិតប៉ុនម្រាមដៃដើម្បីឱ្យត្រីរៀលក្លាយជាត្រីប៉ាខិមឬត្រីប្រៃបានគេត្រូវយកត្រីរៀលស្រស់មកផ្សំគ្រឿង។បើសិនជាត្រីរៀលទន់សាច់ស្អុយគេក៏មិនអាចយកមកធ្វើត្រីប៉ាខិមបានដែរ។

ពីដើមគេនេសាទត្រីរៀលនៅពេលយប់ក្នុងរដូវទឹកឡើងដោយប្រើចន្លុះឬគោមបំភ្លឺចែវទូកប្រើច្រវ៉ាគាស់ឱ្យឮសំឡេងខ្លាំងៗតាមគុម្ពោធព្រៃលិចទឹកធ្វើឱ្យត្រីរៀលផ្អើលលោតចូលមកក្នុងទូក។តែឥឡូវនេះគេបង់សំណាញ់ឬដាក់មងទើបបានត្រី។ត្រីរៀលស្រស់នោះគេលាងទឹកឱ្យស្អាតយកមកប្រឡាក់ច្របល់ជាមួយអំបិលរំដេងបុក ស្រូវលីងធ្វើលាច។

របៀបធ្វើដំបូងគេយកអំបិលមកបុកឱ្យហ្មត់រួចហើយយកត្រីមកដាក់លាយនិងអំបិលក្នុងចានគោម។យើងត្រូវស្មានត្រីអំបិលដាក់មួយគូទចានឬក្នុង១០ចានត្រី វាល់អំបិលដាក់ក្នុង១០ចានដែរហើយច្របល់ត្រីឱ្យសព្វចូលគ្នា។ បន្ទាប់មកយកដាក់ក្នុងពាងហើយដំរំដេងដាក់ជាមួយគ្នា១មើមឬ២មើមដើម្បីឱ្យកាត់ចំអាបរួចហើយទុកឱ្យបានរយៈពេល១៥ថ្ងៃទើបយើងយកស្រូវមកលីងធ្វើលាច។យកត្រីក្នុងពាងចាក់ចេញលាយនិងស្រូវលាចច្របល់ឱ្យសព្វរួចដាក់ចូលក្នុងពាងវិញទុកឱ្យបានមួយខែឬមួយខែកន្លះទើបយកមកទទួលទានបាន។

ទម្លាប់អ្នកខេត្តស្ទឹងត្រែងពេលយកត្រីប៉ាខិមឬត្រីប្រៃមកទទួលទានគឺគេលូកចេញពីក្នុងពាងបូតស្រូវដែលលីងជាប់ហ្នឹងត្រីចេញដាក់កូនចានដោយអ្នកខ្លះក៏លាងទឹកដើម្បីកុំឱ្យប្រៃពេកអ្នកខ្លះគេមិនបាច់លាងទេ។គេយកមកបកស្បែកចេញរួចផ្សំគ្រឿងដាក់ស្ករសអំបិលប៊ីចេង ម្ទេស ខ្ទឹមច្របាច់ក្រូចឆ្មារភ្លក់មើលរួចទទួលទានជាមួយបាយតាមចំណង់ចំណូលចិត្តពេលណាក៏បានដែរ។

សូមបញ្ជាក់ថាមុខម្ហូបប្រភេទនេះគឺមានតែបងប្អូនខ្មែរកាត់ឡាវប៉ុណ្ណោះដែលនិយមចូលចិត្តធ្វើត្រីប៉ាខិមឬត្រីប្រៃ។តាមការពិតទៅប៉ាខិមគឺជាភាសាឡាវទេប្រែមកជាខ្មែរមានន័យថាត្រីប្រៃលាយជាមួយអំបិល។សព្វថ្ងៃគេដាក់លក់ក្នុងក្រឡតូច ១គីឡូក្រាមយ៉ាងតិចក៏ ២ម៉ឺនទៅ៣ម៉ឺន៥ ពាន់ដុល្លារដែរនៅផ្សារស្ទឹងត្រែង៕ដោយ៖សុខុម

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *