Featured ព័ត៌មានសង្គម វប្បធម៌

ប្រាសាទអ្នកបួសឬប្រាសាទច័ន្ទនគិរីមានសិលាចារឹកប្រាំបួនផ្ទាំងនៅជាំក្សាន្ត

ព្រះវិហារ៖ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគិរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមពិតទៅគឺជា ក្រុមប្រាសាទ ដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពី សតវត្សរ៍ទី៧ ដល់សតវត្សរ៍ទី១១ នៃគ្រិស្តសករាជ(គ.ស)។

ប្រាសាទនេះត្រូវបាន សិក្សាដោយលោក ប៉ាម៉ង់ទីយេ,លោក ឡាហ្សង់ គីយ្យា ,លោក អៃ ម៉ូនីញ៉េ និងលោក បាក ជិតមួយសតវត្សរ៍មក ហើយចុងក្រោយបំផុត សិលាចារឹកដ៏សំខាន់ៗទាំងនោះ ដែលមានចំនួនរហូតដល់ទៅ ប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេស សិលាចារឹក K-៣៤១ និងបកប្រែដោយលោក ហ្ស័ក សឺដេស នៅក្នុង ឆ្នាំ១៩៥៤។

ចេញពីផ្លូវក្រួសក្រហម ទៅអានសេះ មានផ្លូវបំបែកមួយ ឆ្ពោះទៅកាន់ ផ្លូវប្រាសាទអ្នកបួសឬ ប្រាសាទច័ន្ទគិរី ជាផ្លូវលំមួយ មានចម្ងាយប្រមាណពី បីគីឡូម៉ែត្រ ទៅបួនគីឡូម៉ែត្រ។ ក៍ប៉ុន្តែនៅជម្រេលភ្នំមានស្រះសង់ឬបារាយណ៍ទឹកបុរាណនៅជើងភ្នំខាងក្រោមប្រាសាទដ៏ធំល្វឹងល្វើយ។មានទឹកថ្លាយង់សម្រាប់ពិធីកម្មព្រាហ្មសាសនានិងការបង្ហូរទឹកស្រោចស្របស្រូវប្រាំងនិងចម្ការកសិករនៃសហគមន៍ខ្មែរនៅទីនោះតាំងពីបុរាណរហូតដល់សព្វថ្ងៃ។

ប្រាសាទអ្នកបួសឬប្រាសាទច័ន្ទនគិរីមានជណ្តើរបែរមុខទៅទិសខាងត្បូងមានកាំជណ្តើ រ១១កាំទំហំ១១ម៉ែត្រ ផ្នែកជាន់ទីមួយនិងទីពីរមានទំហំតូចជាងបន្តិចដោយពុំអាចវាស់វែងបាន ពីព្រោះព្រៃក្រាស់ពេកបាក់បែកខ្លាំង។ នៅកាំជណ្តើរទីពីរគោបុរៈបាក់បែកស្ទើរអស់។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ទ្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនេះមានប្រាង្គធំនៅចំកណ្តាលបែរមុខទៅខាងត្បូង ក្បាច់ផ្តែរបានបាក់បែកពាក់កណ្តាលធ្លាក់ចុះមកដល់ដីដោ យជនពាលបំផ្លាញតាមរយៈដាក់រំសេវបំផ្ទុះយកវត្ថុបុរាណ(ក្បាលអ្នកតា)ទៅលក់។

នៅក្បែរនោះដែរមានប្រាសាទសំខាន់ៗជាច្រើនទៀត។ នៅខាងក្រៅកំពែង ក៍មានក្រុមប្រាសាទតូចធំទាំងអស់ យ៉ាងតិចចំនួនប្រាំបួនទៀតផងដែរ។ ទំហំទីធ្លាកំពែងប្រាសាទព័ទ្ធជុំវិញទទឹងជាង១០០ម៉ែត្រ និងបណ្តោយប្រមាណជាង៣០០ម៉ែត្រ។ ទាំងនៅក្នុងបរិវេណនិងនៅក្រៅប្រាសាទមានព្រៃដុះជុំជិតធំតូច និងមានស្រះតូចៗជាច្រើនទៀត ហើយមានធ្វើការរដ្ឋានថ្មពីសម័យបុរាណនៅខាងលិចប្រាសាទនោះផងដែរ។នៅក្នុងបរិវេណប្រាសាទច័ន្ទនគិរីមានការជីកគាស់កកាយរុករកវត្ថុបុរាណធ្វើឱ្យបំណែ

កផ្ទាំងថ្មតូចធំរបើកឡើងរាយប៉ាយខូចខាតស្ទើរ៩០ភាគរយ។ក្បាច់ផ្តែរប្រាង្គប្រាសាទអ្នកបួសដ៏ធំជាងគេត្រូវបានបំផ្លាញ ពីការដាក់រំសេវបំផ្ទុះនៅក្នុងទសវត្សរ៍៩០។ វាជាការសោកស្តាយរកអ្វី ប្រៀបផ្ទឹមពុំបានពីការបំផ្លាញដ៏ប្រល័យនេះដោយរួមទាំងមិនទាន់បានសង្គ្រោះវានៅឡើយ។

មានក្បាច់ផ្តែរ សសរពេជ្រមួយចំនួនព្រមទាំងតួប្រាសាទខ្លះៗផងបានបាក់បែកធ្លាក់ចុះ មកដី។ចំណែកតួប្រាសាទប្រាង្គធំមួយកំណាត់ក្រោមសាងអំពីថ្មបាយក្រៀមខាងលើឥដ្ឋមួយកំណាត់នោះ បានធ្លុះធ្លាយដំបូលពីខាងលើ ហើយផ្នែកខាងក្នុងប្រាសាទ ត្រូវគេជីកកកាយ រុករកវុត្ថុបុរាណដែលមានការបំផុតឱ្យបំផ្លិចបំផ្លាញវប្បធម៌មរតកដូនតាខ្មែរវិនាសហិនហោច។

សិលាចារឹកនៃប្រាសាទទាំងនោះ នៅសល់ប្រាំបីផ្ទាំង ហើយមានមួយផ្ទាំងត្រូវបានគេដឹកយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ប្រាសាទទាំងនោះកសាងឡើងដោយអតីតព្រះម ហាក្សត្រខ្មែរ(ស្តេច)បួនសម័យកាល។ តំបន់ដែលមានប្រាសាទបុរាណដ៏ច្រើនសន្ធឹកសន្ធាប់បែ បនេះវាជា សញ្ញាបញ្ជាក់ឱ្យឃើញថា មានសហគមន៍ខ្មែររស់នៅទីនោះ យ៉ាងច្រើនកុះករដែលបានមកគោរពបូជាព្រះអាទិទេព ព្រះឥសូរ នៅជើងភ្នំដងរែកដ៏ស័ក្តិសិទ្ធបំផុត។

ជាលទ្ធផលនៃក្រុមការងារខេមរវិទ្យាឯករាជ្យមានលោកបណ្ឌិត មីសែល ត្រាណេ ,លោក ស៊ឹម នីឡា និងភរិយា លោក ជា សុជាតិ អ្នកឯកទេសផ្តិតសិលាចារឹកខ្មែរ នៃសារមន្ទីរជាតិភ្នំពេញ លោក តិល ពិសិដ្ឋ កាសែតរស្មីកម្ពុជា លោក ហូរ លីម និងលោក  ធិន ប៊ុនថន កងអន្តរាគមន៍ព្រំដែនមុំបីវរ៣៩៥ជាំក្សាន្តខេត្តព្រះវិហារសម្រេចបានផ្លែផ្កាផ្តិតយកអក្សរសិលាចារឹក ចំនួនបីផ្ទាំង យកមករក្សាតម្កល់ទុក នៅសារមន្ទីរជាតិភ្នំពេញ សម្រាប់ជាប្រយោជន៍ នៃសង្គម ខ្មែរ។

នៅតំបន់នេះអាជ្ញាធរ បានមើលរំលងអំពីសក្តានុពល ផ្នែកទេសចរណ៍វប្បធម៌និងធម្មជាតិ។ បើសិនរដ្ឋាភិបាលរៀបចំបានល្អវាប្រាកដណាស់មានភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះ  ។ ដូច្នេះប្រាក់ចំណូល វានឹងហូរចូលរដ្ឋ ហើយមួយផ្នែកទៀត វានឹងធ្លាក់ចូលទៅដល់ ដៃពលរដ្ឋដោយផ្ទាល់។ វាជាការកាត់បន្ថយភាពក្រីក្រពលរដ្ឋរស់នៅតំបន់នោះមួយកម្រិតតាមរយៈភ្ញៀវទេសចរចំណាយលុយពីការស្នាក់នៅ ហូបចុក និងទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ល។

នៅមានកក្តាធម្មជាតិក៍បានបំផ្លាញប្រាសាទផងដែរមានដូចជា រុក្ខជាតិដុះទន្ទ្រានលើតួប្រាសាទគឺអាយុកាលរបស់ថ្មដែលត្រូវសឹករិចរឹលដោយធម្មជាតិមានទឹកភ្លៀងមេរោគកម្តៅថ្ងៃ។ល។ កក្តាមនុស្សខ្វះចំណេះដឹងមិនយល់ពីវប្បធម៌ខ្មែរធ្វើឱ្យគ្រោះថ្នាក់ជាងគេបំផុតគឺមនុស្សជីកគាស់កកាយរុករកវត្ថុបុរាណជួញដូរធ្ងន់ធ្ងរជាងអ្វីៗ។

ពីព្រោះគ្រប់ប្រាសាទទាំងអស់គឺត្រូវបានជីកកកាយឱ្យរលុះរលួយស្ទើរគ្មានសល់។ ជាបឋមសូមជម្រាប់ថា ប្រាសាទអ្នកបួស គឺជាក្រុមប្រាសាទ ដែលតាមប្លង់ដើមត្រូវមានប្រាសាទចំនួនប្រាំបី ប្រាង្គប្រធានមួយ និងប្រាង្គឧបសម្ព័ន្ធ សាងសង់អំពីឥដ្ឋ និងថ្មបាយក្រៀម។មានសិលាចារឹកនៅក្រុមប្រាសាទអ្នកបួសមានចំនួនទាំងអស់ប្រាំបួនផ្ទាំង នេះបើតាមប្រសាស

ន៍របស់លោក ប៉ាក់ ម៉ង់ទីយេ អ្នកប្រាជ្ញជាតិបារាំងបានស្រាវជ្រាវ។ ការអានផ្ទាំងសិលាចារឹកទាំ ងនោះឡើងវិញដោយលោក ហ្ស័ក សឺដេស និងការផ្ទៀងផ្ទាត់ឡើងវិញដោយលោកបណ្ឌិត មី សែល ត្រណេ ក្នុងដំណាក់កាលទីមួយនៃការស្រាវជ្រាវកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៥បាន ឱ្យដឹងថា បូជនីយដ្ឋានដ៏សំខាន់នេះ ត្រូវបានទទួលនូវការអភិវឌ្ឍន៍ដោយនិរន្តរភាពតាមសម័យ កាលនីមួយៗនៃប្រវត្តិសាស្ត្រខ្មែរ ពោលគឺពីសម័យបុរេអង្គររហូតដល់សម័យអង្គរ។

បើយើងពិនិត្យក្រុមប្រាសាទខាងលើនេះ ដោយសម្អាងលើខ្លឹមសារនៃសិលាចារឹកយើងអាចស្គាល់កាលបរិច្ឆេទជាបន្តបន្ទាប់ដូចខាងក្រោមនេះ ៖នាសម័សបុរេអង្គរយើងសង្គេតឃើញថា មានសិលាចារឹកK៣៤១ (ប្រាង្គL)ដែលត្រូវបានចារឡើងនៅសម័យបុរេអង្គរមួយផ្ទាំងនៅលើស៊ុមទ្វារខាងត្បូងនិងមួយផ្ទាំងទៀតនៅស៊ុមទ្វារប្រាសាទខាងជើង។

សិលាចារឹកនេះនៅស៊ុមទ្វារខាងត្បូងមាន កាលបរិច្ឆេទ សក៥៩៦ត្រូវនឹងគ.សឆ្នាំ៦៧៣រីឯកាលបរិច្ឆេទនៃស៊ុមទ្វារខាងជើងវិញ គឺសក៦២២ដែលត្រូវនិងគ.សឆ្នាំ៦៩៩។ យើងសូមឯក ភាពចំពោះកាលបរិច្ឆេទខាងលើនេះទាំងស្រុង ក្រោយពីសិក្សាសិលាចារឹកទាំងពីរផ្ទាំងនេះដែលត្រូវបានផ្តិតឬផ្តាមដោយលោក ជា សុជាតិ អ្នកបច្ឆេកទេសបុរាណវិទ្យា នៅសារមន្ទីរជាតិភ្នំពេ ញនៅថ្ងៃទី១៨ខែកក្កដា២០១៥។

ព្រោះថាកាលបរិច្ឆេទនេះសមស្របទាំងស្រុងទៅនឹងលក្ខណៈនៃក្បាច់ផ្តែរដែលស្ថិតក្នុង«រចនាបថកំពង់ព្រះ»យ៉ាងប្រាកដដែលអ្នកប្រវត្តិវិទូមិនបានចាប់អារម្មណ៍កន្លងមក។សារសំខាន់ចម្លងនៃសិលាចារឹក K៣៤១នេះ គឺស្ថិតនៅត្រង់ចំណុចមួយគឺថា នៅលើទី តាំងនៃក្រុមប្រាសាទអ្នកបួសនាស.វទី១០ មានវត្តមានរបស់ប្រាង្គប្រាសាទ នាសម័យបុរេអង្គររួ ចនៅហើយ។ មួយវិញទៀតប្រាង្គL ខាងលើនេះដែលបែរមុខទៅទិសខាងលិចនោះគឺជាសំណង់ ប្រាសាទថ្មីដែលសាងសង់ដោយព្រះបាទ រាជេន្ទ្រវម៌(វរ្ម័ន) ក៍មែនពិត តែប្រាសាទនេះ បានសាង សង់នៅលើទីតាំង នៃប្រាសាទចាស់ ដោយយកក្បាច់ផ្តែរ និងប្រអប់ទ្វារទាំងពីរនៃប្រាសាទបុរេ

អង្គរមកប្រើប្រាស់ឡើងវិញ។ចំណុចសំខាន់មួយទៀតគឺតាមរយៈ នៃសិលាចារឹកបុរេអង្គរខាងលើនេះ ដែលសរសេរជាអក្សរសំស្ក្រឹតនិងជាភាសាខ្មែរយើងដឹងថា នៅទីនេះហើយគឺទីតាំងនៃប្រាសាទអ្នកបួសឬនាគបួសមានការបូកព្រះសិវបាទ (បូព៌ា)ព្រះសិវលិង្គមាសនិងព្រះនារាយណ៍(វិស្ណុ)នៅលើទីតាំងនៃ ប្រាសាទអ្នកបួសបច្ចុប្បន្នដែលដើមឡើយឈ្មោះថា ច័ន្ទនគិរីឬភ្នំរបស់ព្រះអាទិទេពច័ន្ទន ដែល ជារហ័សនាមរបស់ ព្រះកូនេស។ ចំពោះប្រភពឈ្មោះដើមនៃប្រាសាទអ្នកតាបួសលោក ហ្ស័ក  សឺដេស បានពឹងផ្អែកខ្លឹមសារនៃសិលាចារឹកនៅប្រាង្គ(K)នៃក្រុមប្រាសាទអ្នកបួសខាងលើ។

នាដើមសម័យអង្គរបន្តិចពោល គឺក្នុងរាជរបស់ព្រះបាទយសោវម៌ទី១ (គ.ស៨៨៩-៩០០)គេបានរកឃើញនូវសិលាចារឹកមួយរបស់ទ្រង់គឺK៣៤៦ នៅត្រង់ចំណុចត្រូវជ្រុងកែងនៃប្រាសា ទខាងត្បូងឆៀងខាងលិច។ជាការពិតណាស់ក្រុមប្រាសាទអ្នកបួស មានប្រាង្គប្រាសាទទាំងអស់ ចំនួនប្រាំបីសព្វថ្ងៃបាក់បែកស្ថិតព័ទ្ធជុំវិញប្រាង្គធំមួយគឺប្រាង្គកណ្តាលសាងសង់ឡើងនាសម័យអង្គរក្រុមប្រាសាទ

នេះស្ថិតក្នុង រាជរបស់ព្រះបាទ ស្រីរាជេន្ទ្រវម៌ (គ.ស ៩៤៤-៩៦៩) ហើយបានគ្របដណ្តប់លើផ្ទៃ ដីនៃជម្រេលជើងភ្នំដងរែក។ ក៍ប៉ុន្តែបូជនីយដ្ឋានទាំងនោះ ពុំទាន់ទទួលនូវការអភិរក្សនៅឡើយ ទេដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍។ ម្យ៉ាងវិញទៀតសោតកម្រណាស់ដែលមានមនុស្សទៅកាន់ទីនោះពីព្រោះវាមានចម្ងាយឆ្ងាយហើយផ្លូវពិបាកធ្វើដំណើរយ៉ាងខ្លាំង។

បើយោងតាមខ្លឹមសារនៃសិលាចារឹកK.៥៨០នាស.វទី១០ ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរជាតិភ្នំពេញយើងអាចដឹងថា ព្រះបាទស្រីរាជេន្ទ្រវម៌ទេវៈ ទ្រង់បានត្រាស់បង្គាប់ ព្រះរាជគ្រូរបស់ព្រះអង្គបញ្ជាមន្ត្រីម្នាក់ឱ្យស្ថាបនាព្រះអស្តមម៌ូតិ(ភាគទាំងប្រាំបីនៃព្រះសិវ) ដែលជាអាទិទេព ដ៏កំពូលនៅទីនោះ។ទន្ទឹមនឹងនេះដែរក៍មានការស្ថាបនាឡើងនូវព្រះសិវលិង្គដោយមានអំណោ

យជាខ្ញុំបម្រើគ្រឿងឧបភោគ ផ្កាភ្លង់ ស្រូវអង្ករ ជាដើមអមជាមួយផងដែរ ជានិមិត្តសញ្ញានៃព្រះសិវ។ការប៉ានស្មានរបស់ក្រុមការងារយើង ជាដំណាក់កាលដំបូងតំបន់ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករសហគមន៍ទាំងនោះហើយត្រូវបានគូសបញ្ជាក់តាមរយៈអត្រានៃប្រាសាទ ដែលមានចំនួនយ៉ាងច្រើន និងស្ថាននាមដូចជា ស្រុកស្វយម្ភុ័បុរៈ ជ័យបុរៈ ជាដើមនិង វិរិន្ទ្របុរៈចន្ទ្របុរៈនិងយោធាបុរីជាដើម ដែលមានចារក្នុងសិលាចារឹក។

ម្យ៉ាងវិញទៀត គេគួរគប្បីជ្រាបថា គេក៍បានរកឃើញនូវសិលាចារឹក ដែលត្រូវបានចាឡើងនៅប្រអប់ស៊ុមទ្វារ ប្រាសាទខាងត្បូង ក្នុងរាជរបស់ ព្រះបាទជ័យវម៌ទី៥ គ.ស ៩៦៩-១០០១ នៅលើស៊ុមទ្វារនៃប្រាសាទ(H) គឺK.៣៤៣ ចារនៅ៨៩៦សក ដែលត្រូវនិងគ.សឆ្នាំ៩៧៤។

តាមរយៈនៃផ្ទាំងសិលាចារឹក K.៣៤៣ យើងក៍អាចដឹងបានថាព្រះបាទជ័យវម៌ទេវៈទី៥ ទ្រង់ក៍បានត្រាស់បង្គាប់ឱ្យ ព្រះគ្រូរបស់ព្រះអង្គ និងកំស្តែង ស្រីវីរេន្ទ្រវម៌ (វរ្ម័ន) ឱ្យដំគោលល័ក្ខដែ លកំណត់ដោយព្រះរាជអាជ្ញាដើម្បីថ្វាយចំពោះ ព្រះសិវបាទ។នៅលើប្រអប់ស៊ុមទ្វារខាងត្បូងនៃប្រាង្គ(K) ដែលមានសិលាចារឹក K.៣៤៤ ដែលត្រូវបា នចារឡើងនៅសក៩០៧ យើងក៍ដឹងអំពីក្តីក្តាំដីធ្លីពាក់ព័ន្ធទៅនឹងប្រាសាទសិវបាទ ដែលត្រូវបាន ទិញដូរ។

បន្ទាប់មកទៀត គេក៍បានជួបប្រទះនូវសិលាចារឹក K.៣៤២ ចារនៅស៊ុមទ្វារខាងស្តាំនៃ គោបុរៈនៅមុខប្រាង្គកណ្តាលដែលធំជាងគេអស់។ នៅលើស៊ុមទ្វារនៃគោបុរៈខាងលិចសិលាចា រឹកត្រូវបានចារឡើងជាភាសាខ្មែរនៅឆ្នាំ៩០៣សក ដែលត្រូវនិងឆ្នាំ១០០៨នៃគ.ស។ រីឯនៅស៊ុមទ្វារខាងកើតវិញត្រូវបានចារឡើងនៅឆ្នាំ៩៣៧សកត្រូវនិងឆ្នាំ១០១៥នៃគ.ស។

តាមរយៈសិលាចារឹកនេះ យើងបានដឹងថា ព្រះបាទសុរិយាវម៌ទី១ បានធ្វើរាជអំណោយ ទៅក្រុមប្រាសាទអ្នកបួសនេះ ដោយបានត្រាស់បង្គាប់ ឱ្យចារនូវផ្ទាំងសិលាចារឹកនេះ ក្នុងខណៈពេលដែលព្រះអង្គបានយាងធ្វើធម្មយាត្រក្រុមប្រាសាទក្រុមអ្នកបួសនេះសិវបាទ(ទិសខាងបូព៌ា) និងតំបន់វត្តភូ(លិង្គបុរី)ដែលស្ថិតក្នុងខេត្តចម្ប៉ាស័ក្តិ ក្នុងប្រទេសលាវឬឡាវសព្វថ្ងៃនេះ។ក្នុងសិលាចារឹក ដ៏សំខាន់ទាំងពីរនេះ ក៍មានភារដាក់ពាក្យបណ្តាសារ ចំពោះជនអាក្រក់

ដែលបានមកលួច ប្លន់ឬបំផ្លាញប្រាសាទ និងទ្រព្យសម្បត្តិព្រះនៅទីនោះ ប៉ុន្តែក៍មានពរជ័យសម្រាប់មនុស្សល្អផងដែរ។ អ្នកដែលធ្វើអាក្រក់ត្រូវធ្លាក់ចុះក្នុងនរក ហើយត្រូវសោយទុក្ខគ្មានទីប ញ្ចប់។ចំណែកជនដែលប្រតិបត្តិអំពើល្អគឺទំនុកបម្រុងធ្វើអំណោយទានដោយទឹកចិត្តជ្រះថ្លាជននោះនឹងទទួលបាននូវសម្បត្តិសួគ៌ា។

សរុបសេចក្តីមករាល់ទិន្នន័យទាំងឡាយដែលបានរៀបរាប់ខាងលើដែលគ្រាន់តែជាព័ត៌ មានដំបូងបង្អស់ ព្រោះស្ថិតក្នុងដំណាក់កាលដំបូងនៃការស្រាវជ្រាវ ហើយដែលជាជំនួយស្មារតីដល់ការស្រាវជ្រាវ នៅពេលអនាគតទៀត វាបានបង្ហាញ ឱ្យដឹងថា តំបន់នេះសព្វថ្ងៃ គឺជាតំបន់

ព្រៃភ្នំដាច់ស្រយ៉ាលនាសម័យដើមស្ថានភាពទូទៅពុំដូច្នោះឡើយ។ តំបន់នេះគឺជាជង្រុកវប្បធម៌ដោយមានសហគមន៍មនុស្សខ្មែររស់នៅយ៉ាងច្រើនកុះករ មានបារាយណ៍ ស្រះទឹក ត្រពាំង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងតភ្ជាប់ពីខេត្តព្រះវិហារទៅនឹងសុរិន្ទ(ថៃ)និងវត្តភូ(លាវ)។មានព្រះរាជាខ្មែរជាច្រើនអង្គ រមែងតែងតែយាងមកបន់ស្រន់ដើម្បីសិរីសួស្តី នៃព្រះរាជនគរតាមរយៈ ការសាងសង់ នូវមូលនិធិសាសនាសង្គម តូចធំទាំងឡាយ មុនឱនភាពនៃសម័យ

ក្រោយអង្គរ។ទោះបីជាសំណង់ស្ថាបត្យកម្មតូចធំទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទាំក្តីក៍ប៉ុន្តែស្លាក ស្នាមវប្បធម៌បុរាណទាំងនោះកាលបើក្រុមអភិរក្សធ្វើទៅបានវានឹងអាចជាផ្នែកមួយនៃការអភិវឌ្ឍន៍ជាតិតាមរយៈវិស័យទេសចរវប្បធម៌និងទេសចរធម្មជាតិដ៏ស្រស់បំព្រងនៃភ្នំដងរែក។

គួរបញ្ជាក់ផងដែរថា ចំណុចជាវិជ្ជាមានមួយទៀត ដែលយើងគប្បីត្រូវកត់ត្រាទុក គឺវត្តមានរបស់ប្រាង្គប្រាសាទបុរេអង្គរក្នុងតំបន់ដែលក្នុងសម័យកាលនោះគឺស្ថិតក្នុងសម័យចេនឡាតំបន់នេះទើបតែបានទទួលនូវការអភិវឌ្ឍន៍ជាលើកដំបូងអង្អស់ដោយការជ្រួតជ្រាបនូវវប្បធម៌ចេនឡាដែលអាចមានប្រភពចេញពី ឥសានបុរៈឬលិង្គបុរៈ ដែលជាមជ្ឈមណ្ឌលវប្បធម៌ យ៉ាងសំខាន់ជាងគេ។

គឺក្នុងបរិបទនេះហើយដែលនាមនិងស្ថាននាមដូចជា វាលឥសានសិវ លិង្គបុរៈ ត្រូវបានកត់ត្រាជាប្រយោលនៅលើផ្ទាំងសិលាចារឹកទាំងនោះ។ ដោយហេតុថា វាជាភស្តុតាង នៃទំនាក់ទំនង ផ្នែកវប្បធម៌ ក៍ដូចផ្នែកភូមិសាស្ត្ររវាង ភូមិភាគទាំងពីរ នៃចក្រភពអង្គរ ដែល បានបន្តវេណពី សម័យបុរេអង្គរ គឺ សម័យមុនអង្គរ (សម័យចេនឡា) ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *