កម្សាន្ត ព័ត៌មានសង្គម

កញ្ញាងិន ម៉ារ៉ាឌី ចាកចេញពីកម្ពុជាទៅចូលរួមប្រកួតឆាកអន្តរជាតិ

ភ្នំពេញ៖កញ្ញាឯកចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌីបានចាកចេញពីកម្ពុជាទៅចូលរួមប្រកួតឆាកអន្តរជាតិលើកទី៧០នៅទីក្រុងEilatប្រទេសអ៊ីស្រាអែល កាលពីថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះក៏មានការចូលរួមជូនដំណើរពីក្រុមអ្នកគាំទ្រមួយចំនួនដែរ ក្រោយពីកញ្ញាឯករូបនេះបានគ្រងមកុដប្រមាណជិត១ខែកន្លងមកនេះ។ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ គឺក្រោយពីកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់កម្មវិធី Miss Grand International 2021 មួយសប្តាហ៍ប៉ុណ្ណោះ។

បេក្ខភាពមកពីបណ្តាប្រទេសប្រមាណ៨០នឹងចូលរួមប្រកួតប្រជែងដណ្តើមមកុដក្នុងកម្មវិធីកញ្ញាឯកដ៏ធំសម្បើមមួយនេះ ដោយបវរកញ្ញាចក្រវាឡ២០២០ មកពីប្រទេសម៉ិចស៊ីកូកញ្ញាAndrea Meza នឹងផ្ទេរតំណែងនៅគ្រានោះផងដែរ។ មុនពេលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ បេក្ខភាពកំពូលស្រស់មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងកម្ពុជាផងនឹងធ្វើដំណើរទស្សនកិច្ច និងកម្សាន្តនៅតំបន់មួយចំនួនដែលកម្មវិធីនេះម្ចាស់ផ្ទះបានរៀបចំទុករួចជាស្រេច។

ងាកមកស្គាល់កញ្ញាឯកពីកម្ពុជាវិញកញ្ញា ងិន ម៉ារ៉ាឌី គឺជាតារាសម្តែង តារាបង្ហាញម៉ូដ និងពិធីការិនី។នាងបានគ្រងមកុដកញ្ញាឯកនេះចាប់តាំងពីរាត្រីថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១ ។នាងមានអាយុ២២ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ទម្ងន់ ៤២គីឡូក្រាម ទំហំទាំងបីគឺ ៣២,២៣,៣៤។

ក្រោយពីគ្រងមកុដកញ្ញាឯករូបនេះទទួលបានទឹកប្រាក់សុទ្ធសរុបចំនួន៣ពាន់ដុល្លារអាមេរិក ការចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុន Cambodia International Model មានតម្លៃ១ម៉ឺនដុល្លារអាមេរិក។ វិញ្ញាបនបត្រអំណោយពីហាងកែសម្ផស្សចំនួន៣ពាន់ដុល្លារអាមេរិក កញ្ចប់អំណោយពីហាងពេជ្រ បាច់ផ្កាដ៏ស្រស់ស្អាត វិញ្ញាបនបត្រអំណោយពីហាងនំ និងរាល់ការចំណាយលើការចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាឡ២០២១ លើកទី៧០នៅក្នុងប្រទេសអ៊ីស្រាអែលជាបន្ទុករបស់កម្មវិធីផងដែរ។

បើទោះបីជាមានការទិតៀនរឿងកម្ពស់ខ្លះមែន ។ប៉ុន្តែក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកជាច្រើននៅកម្ពុជាបានសំឡឹងឃើញពីសក្តានុពលដ៏ខ្លាំងរបស់នាងដែលនាងបានត្រៀមខ្លួនរួចជាស្រេច ខណៈដែលគេក៏ពេញចិត្តទៅលើសមត្ថភាព ទេពកោសល្យ និងចំណេះដឹងនៃការប្រើប្រាស់ភាសាអន្តរជាតិរបស់នាងផងដែរ។ អ្វីដែលធ្វើឱ្យគេកោតសរសើរផងដែរនោះគឺនៅឆ្នាំនេះកញ្ញាឯកចក្រវាឡកម្ពុជាក៏នឹងត្រៀមយកនូវឈុតតំណាងជាតិ។ពិសេសមួយដែលមានឈ្មោះថា “វប្បការិកា ចត្តានិមិត្ត” ដែលឈុតនេះបាននិងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះតែជាឈុតដែលលាយបញ្ចូលគ្នានូវទម្រង់សិល្បៈបុរាណខ្មែរជាច្រើននោះ។

គេរំពឹងដែរថា វត្តមានរបស់កញ្ញាឯកចក្រវាឡកម្ពុជា នៅលើឆាកអន្តរជាតិនេះនឹងបង្ហាញពីភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងជាឱកាសបង្ហាញទាំងសមត្ថភាព ទេពកោសល្យ ភាពខ្លាំង និងសម្រស់របស់នារីខ្មែរលើឆាកដ៏សម្បើមមួយនេះផងដែរ៕ដោយ ៖ វឌ្ឍនា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *