ព័ត៌មានសង្គម វប្បធម៌

ប្រគល់កុលាលភាជន៍បុរេប្រវត្តិចំនួន៦ឱ្យអាជ្ញាធរជាតិអប្សរា

សៀមរាប៖ពលរដ្ឋមួយគ្រួសាររស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាបកាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០២២បានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ជូនអាជ្ញាធរជាតិអប្សរាដើម្បីឱ្យយកទៅសម្អាតជួសជុល និងអភិរក្សថែរក្សាទុក ទៅតាមបច្ចេកទេសបុរាណវិទ្យា ។

 

អ្នកស្រី ភឿង ផាវី ដែលជាម្ចាស់វត្ថុបុរាណនោះបានឱ្យដឹងថា កុលាលភាជន៍ចំនួន៦នេះគឺបានយកមកថែរក្សាទុកអស់រយៈពេល៣ឆ្នាំមកហើយ។ អ្នកស្រីបានយកកុលាលភាជន៍ទាំង៦នោះ ពីប្រជាពលរដ្ឋនៅតំបន់ភ្នំដងរែកនៃខេត្តឧត្តរមានជ័យ ដែលកាលណោះពួកគេរក្សាទុកមិនបានត្រឹមត្រូវហើយប្រឈមនឹងការខូចខាតផង។

អ្នកស្រី ភឿន ផាវី បានបន្តថា ដោយសារតែទឹកចិត្តស្រឡាញ់វត្ថុវប្បធម៌ទាំងនោះ អ្នកស្រីក៏សម្រេចចិត្ត ប្រគល់ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅថែរក្សាទុកតាមបច្ចេកទេស។អ្នកស្រី ភឿន ផាវី បង្ហាញអារម្មណ៍ក្នុងពេលប្រគល់កុលាលភាជន៍ជូនអាជ្ញាធរអប្សរានោះថា គាត់ពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយដែលបានចូលរួមថែរក្សា អភិរក្ស និងប្រគល់វត្ថុបុរាណទាំងនោះជូនទៅអាជ្ញាធរជាតិអប្សរា។

អាជ្ញាធរជាតិអប្សរាជាស្ថាប័នជំនាញ ក្នុងការថែរក្សា អភិរក្សវត្ថុទាំងនោះ ព្រមទាំងសំណូមដល់ប្រជាពលរដ្ឋ ដទៃទៀតថា បើសិនជាបានប្រទះឃើញវត្ថុបុរាណដោយប្រការណាមួយ សូមរាយការណ៍ទៅឱ្យស្ថាប័នពាក់ព័ន្ធ កុំមានគំនិតយកវត្ថុបុរាណខ្មែរទាំងឡាយ ទៅលក់ឬចែកចាយឡើយ។

លោក វង្ស សាវុទ្ធី មន្រ្តីបច្ចេកទេសនៃសារមន្ទីរកុលាលភាជន៍អង្គរ ភូមិតានីរបស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កុលាលភាជន៍ទាំង៦ដែលអ្នកស្រី ភឿន ផាវី យកមកជូននេះ ជាកុលាលភាជន៍សម័យបុរេប្រវត្តិ ដែលជាប្រភេទភាជន៍ផុយ។ លោក វង្ស សាវុទ្ធី សន្និដ្ឋានជាបឋមថា កុលាលភាជន៍ទាំង៦នោះ ប្រហែលជាមានអាយុកាលចន្លោះពីចុងសម័យយុគដែក។

លោកយល់ថា កុលាលភាជន៍ទាំងនេះត្រូវបានគេយកទៅបញ្ចុះជាមួយសព មនុស្សស្លាប់ ពីព្រោះវានៅរក្សាបានរូបរាងល្អ ដោយសារមានការកប់ត្រឹមត្រូវ។ ភាជន៍ទាំងនេះមានរូបរាងជាផើង ចានជាដើម ហើយវាមានកម្ពស់ខ្ពស់ជាងគេប្រវែង១៥សង់ទីម៉ែត្រ និងទាបបំផុត៩ សង់ទីម៉ែត្រ។ ភាជន៍ចំនួន៤រក្សាបានរូបរាងនៅល្អឯចំនួន២ទៀតមានស្មាមប្រេះ និងបែកមាត់មួយចំហៀងអាចជួសជុលបាន។

លោក វង្ស សាវុទ្ធីបញ្ជាក់ថា ការផ្តល់ជូនវត្ថុបុរាណសម័យបុរេប្រវត្តិសាស្ត្រមកអាជ្ញាធរជាតិអប្សរាថែរក្សានេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ដោយហេតុថាសម័យបុរេប្រវត្តិសាស្ត្រមិនមានភស្តុតាងឬឯកសារច្រើនទេបើប្រៀបធៀបជាមួយសម័យប្រវត្តិសាស្ត្រដទៃទៀត។ដូច្នេះមានតែសំណល់ ឬវត្ថុបុរាណនេះហើយដែលអាចជួយផ្តល់ព័ត៌មានបន្ថែម បង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យកាលបុរេប្រវត្តិនោះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *