ព័ត៌មានសង្គម សន្តិសុខ

​ក្នុងការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្នាក់លើ​ពិន័យ​មន្ត្រីនគរបាល​៥​នាក់​

ភ្នំពេញ​៖​មន្ត្រីនគរបាល ចំនួន​ប្រាំ​រូប ត្រូវបាន​ដាក់ពិន័យ ដោយសារតែ​ប្រព្រឹត្ត​ខុស​ទៅនឹង​បទបញ្ជា និង​សេចក្តីណែនាំ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅក្នុង​ការចុះអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ មន្ត្រីនគរបាល​ទាំង​ប្រាំ​រូបនេះ មានដូចជា មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ខេត្តស្វាយរៀង និង​នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់ កាលពី​ថ្ងៃទី​២៩ ខែឧសភា ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​កែប​ថា ទាក់ទង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​សម្តេច​បានដាក់​ពិន័យ​ម​ន្ត្រី​មួយចំនួន ហើយ​បញ្ហា​នេះ មិនអាច​ដកថយ​បានទេ ត្រូវ​បន្តទៅទៀត​។ សម្តេច​ក្រឡាហោម មិនបាន​បញ្ជាក់ អំពី​ឈ្មោះ​មន្ត្រី ដែល​ត្រូវបាន​ដាក់ពិន័យ​នោះទេ​។​

​ចំណែក​មន្ត្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹង​កាលពី​រសៀល ថ្ងៃទី​៣០ ខែឧសភា​ថា មន្ត្រីនគរបាល​ចំនួន​ប្រាំ​រូប ត្រូវបាន​ដាក់ពិន័យ គឺ​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា អតីត​ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ។​លោក​ដោយ​ត្រូវ​បញ្ចប់​មុខតំណែង បន្ទាប់ពី​បើកបរ​ស្រវឹង និង​ជេរប្រមាថ លើ​អភិបាល​ខេត្តកំពង់ធំ​។

​លោក​វរសេនីយ៍ទោ សួគ៌ ធី អធិការរង​នគរបាល​ស្រុក​ចន្ទ្រា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដោយបាន​ផ្អាក​ការងារ ជា​បណ្ដោះអាសន្ន បន្ទាប់ពី​លោក​អធិការរង​រូបនេះ បាន​អនុវត្តន៍​លើស​គោលការណ៍​ណែនាំ របស់​ថ្នាក់ដឹកនាំ បង្ក​ឱ្យ​ប្រជាពលរដ្ឋ មានការ​ថ្នាំងថ្នាក់​។ ចំណែក​មន្ត្រីនគរបាល​ចំនួន​បី រូប​ទៀត នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ដាក់ពិន័យ​ផ្អាក​ការងារ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា​ថា មន្ត្រីនគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​បីនាក់ ត្រូវបាន​ដាក់ពិន័យ ដោយសារ​ផាកពិន័យ​ពី​រ៉ឺម៉ក​កង់​បី មិនត្រូវ​ទៅតាម​ច្បាប់ ដោយ​យកលុយ​គេ អត់​មាន​ចេញ​ប័ណ្ណ​។​

​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ “​ខ្ញុំ​ដាក់ពិន័យ​មួយក្រុម (​បីនាក់​) ដែល​ឈរ​នៅ​គោលដៅ​ត្រង់​ស្តុ​ប​វត្ត​នាគ​វ័​ន្ត ដោយសារ​គាត់​ផាក​តុ​កៗ វា​អត់​ត្រូវ​ទៅតាម​ច្បាប់ បានន័យថា គាត់​យកលុយ​គេ ដោយ​អត់​មាន​សរសេរ​ប័ណ្ណ​ឱ្យគេ​។ ពេលនោះ ខ្ញុំ​ក៏​ទទួលបាន​ព័ត៌មាន ពី​អ្នក​ដែល​ជិះ​តុ​កៗ​នោះ ខ្ញុំ​ក៏​ស្រាវជ្រាវ​ទៅ​ឃើញ​មាន​ពិត​ចឹ​ង​មែន​។​ដូច្នេះ​ខ្ញុំ​យកមក​ដាក់ពិន័យ​នៅ​ស្នងការដ្ឋាន តាម​រូបភាព​ក្នុង​កម្រិត​កំហុស​របស់គាត់​”​។​

​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​មិន​ដកថយ​ទេ ។​ប៉ុន្តែ​បញ្ហាសំខាន់​ត្រង់​ថា មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ វិជ្ជាជីវៈ សុភាពរាបសារ ទន់ភ្លន់ ម៉ឹងម៉ាត់ មិនមែន​បាន​ឱកាស​ឆែកឆេរ យកលុយ​ពី​ប្រជាពលរដ្ឋ គឺ​អត់​បានទេ​។ ជាមួយគ្នានេះ សម្តេច បាន​សង្កត់ធ្ងន់ថាៈ “​មិនត្រូវ​ដាក់​បារាស់ ដើម្បី​ឆែក​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ​តាមផ្លូវ​ទាំងអស់​នោះទេ ។​គឺ​យើង​ឃាត់​តែ​អ្នកណា​ដែល​ខុសច្បាប់ សូម​ចាំ​ឱ្យ​ច្បាស់​បញ្ហា​នេះ បើ​មិន​ចឹ​ង វា​ទៅជា​ប៉ាត​ណា ប៉ាត​ណី ហើយ​វា​ខុសពី​គោលការណ៍​ដែល​យើង​បានកំណត់​។​

​គួរ​បញ្ជាក់ថា លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​៣០​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៤៣.៥៣០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៣១.៧៥៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ១១.៧៧៥​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ១០.០៥៦​គ្រឿង និង​រថយន្ត​ធំ​ចំនួន ១.៧១៩ គ្រឿង​៕​សុភាព​


​ ​ ​
​ ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *