ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

អាស៊ាន​ពិចារណា​លើ​ការធ្វើដំណើរ​ក្នុង​តំបន់​ឡើងវិញ​ដែល​ធានាបាន​សុវត្ថិភាព​ទេសចរណ៍​

ភ្នំពេញ៖​ប្រទេស​ទាំងឡាយ​របស់​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​រួមគ្នា​ក្នុង​ក្របខណ្ឌ​សហព័ន្ធ​សមាគម​ការធ្វើដំណើរ​អា​ស៊ី​(FATA)​តាមរយៈ​ប្រព័ន្ធ​VideoConference​កាលពី​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០២០​។​ដើម្បី​ពិភាក្សា​លើ​ការបើក​ព្រំដែន​ឡើងវិញ​សម្រាប់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​គោលនយោបាយ​ក្នុងការ​ជំរុញ​ការធ្វើដំណើរ​របស់​ទេស​ចរណ៍​ក្នុងស្រុក​រវាង​ប្រទេស​អាស៊ាន​ក៏ដូចជា​ការលើកទឹកចិត្ត​(Incentives)​និង​ផែនការ​(PromotionalPlans)​ជំរុញ​ការផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ការធ្វើដំណើរ​ក្នុង​អាស៊ាន​ផងដែរ​។​

ភាគី​កម្ពុជា​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក​ថោង​រដ្ឋ​សក្តិ​អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រសួងទេសចរណ៍​។​នេះ​បើ​យោងតាម​គេហទំព័រ​(website)​ក្រសួង​ផ្សាយ​ឱ្យដឹង​នៅ​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។​

​គេហទំព័រ​បាន​ផ្សាយ​ទៀតថា​កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ក្រោម​កិច្ចសម្របសម្រួល​ពី​លោក​HonorableTanSriDr.OngHongPeng​អតីត​អគ្គលេខាធិការ​នៃ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​និង​មានការ​ចូលរួម​ពី​បណ្តារ​ប្រទេស​ចំនួន ៨ ក្នុង​តំបន់​អាស៊ាន រួមមាន​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី ឥណ្ឌា​។​

​លោក ថោង រដ្ឋ​សក្តិ ក៏បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​ជូន​អង្គ​សន្និសីទ​អំពី​ស្ថានភាព​កូ​វីដ​-១៩​នៅ​កម្ពុជា ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​យ៉ាង​ល្អប្រសើរ​និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​។​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មីៗ​មួយចំនួន​រួមមាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ (New Normalization Protocols for Health and Safety) ។​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដល់​សហគមន៍​ស្រប​ពេលដែល​ទេសចរ​ផ្ទៃក្នុង​កំពុងមាន​ការកើនឡើង​។​

​ការអនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​និង​អនាម័យ​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​និង​ផ្លូវទឹក​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​សណ្ឋាគារ​រមណីយដ្ឋាន​និង​សហគមន៍​ទេសចរណ៍​សម្រាប់​ជំហាន​ទី​១​ដោយមាន​ការសហការ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​ក្រសួងសុខាភិបាល​និង​ក្រសួងទេសចរណ៍​។​

លោក​ក៏បាន​បញ្ជាក់ថា​កម្ពុជា​ពុំដែល​បិទ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឡើយ​។​តែ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​កម្ពុជា​តម្រូវឱ្យ​មាន​លិខិតធានា​រ៉ាប់រង​សុខភាព​យ៉ាងតិច​៥០.០០០​ដុល្លារ​និង​តម្កល់​ប្រាក់​ចំនួន​៣.០០០​ដុល្លារ​សម្រាប់​សេវាកម្ម​ផ្សេងៗ​ពាក់ព័ន្ធ​កូ​វីដ​១៩​។​

លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វីដ​១៩​ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ខ្លួន​ដែលមាន​សុពលភាព​៧២​ម៉ោង​មុនពេល​ធ្វើដំណើរ​មក​កម្ពុ​ជា​។​តំណាង​ប្រទេស​នីមួយៗ​បានលើកឡើង​អំពី​គោលនយោបាយ​និង​វិធានការ​ពិសេស​មួយចំនួន​របស់​ប្រទេស​ខ្លួន​។​
​ជាមួយគ្នា​នោះ​លោកស្រី​ឆាយ​ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​(CATA)​ក៏បាន​លើកឡើង​អំពី​ស្ថានភាព​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា ៩៥​ភាគរយ​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​ផ្អាក​អាជីវកម្ម ចំណែក​ប្រតិបត្តិ​ករ​ទេសចរណ៍​៥​ភាគរយ​ទៀត​កំពុង​ខិតខំ​បង្កើត​សកម្មភាព​លិ​ត​ផល​ថ្មី​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក ។​ក្នុងនោះ​ទេសចរណ៍​វ័យ​ជំទង់​កំពុង​ពេញនិយម​ក្នុង​ការឡើង​ភ្នំ និង​បោះតង់​។​

​សមាគម​CATA​បាននិងកំពុង​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​រក្សា​សុវត្ថិភាព​ក្នុង​សេវាកម្ម​ទេសចរណ៍ រួមមាន សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក​៕ជ.ជឿន

rsc

Leave a Reply

Your email address will not be published. Required fields are marked *