ភ្នំពេញ៖ក្រៅពីរកបានទ្រនំថ្មីនេះ មាស សុខសោភា ក៏ត្រៀមដឹកដៃប្ដីលោកអ៊ឹត រ៉ាដា រៀបការនៅឆ្នាំ២០២១នេះផងដែរ ក្រោយពេលភ្ជាប់ស្នេហ៍បានជាង១១ឆ្នាំមកហើយ។ អ្នកទាំង២ បានចិញ្ចឹមចិត្តចង់ចូលរោងការបើកចំហរជាច្រើនឆ្នាំមកហើយ តែពេលវេលាហាក់មិនអំណោយផលសោះ ។ម្យ៉ាងខ្លាចធ្លាក់ប្រជាប្រិយភាព ព្រោះមុនៗតារាជាច្រើនណាស់អត់ហ៊ានចេញមុខរៀបការឡើយ។
មាស សុខសោភា បានសម្រេចចិត្តយកផលិតកម្មកូនពៅគេ មករួមទ្រនំក្រោយពេលដែលផលិតកម្មមួយនេះ ហាក់មានឱកាសផ្តល់តំណែងឱ្យនាងល្អៗ ជាជម្រើសចម្បងតាមចិត្តនាងប្រាថ្នា។ អ្វីដែលគេមើលឃើញក្នុងថ្ងៃនេះ មាស សុខសោភា បានចូលផលិតកម្មជាផ្លូវការ ហើយខាងក្រុមហ៊ុនបានលើកកិត្តិយសនាងយ៉ាងមហិមាតែម្តង។ សូម្បីតែខាងផលិតកម្មនោះ ក៏បានទាំងផ្តល់ងារឱ្យមាស សុខសោភាថា «រាជនីសំឡេងធម្មជាតិ» ប្រចាំផលិតកម្មខ្លួនទៀតផង។
មាស សុខសោភា មុនទៅដល់ថ្មី នាងធ្លាប់ច្រៀងសម្ដែងនៅផលិតកម្មរស្មីស្ទឹងសង្កែ, U2 ឬ CB, M, សាន់ដេ និងថោន ដែលទ្រនំទី៦នេះ ថៅកែស្រីបានបើកសិទ្ធិឱ្យនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ផងដែរ។
សោភា ធ្លាប់ទម្លាយថា ប្រសិនបើជោគជ័យលើផលិតកម្មថ្មី នាងនឹងមានផែនការធំមួយទៀតដែលធ្វើអោយគេភ្ញាក់ផ្អើលនោះ លោកអ្នកពិតជាភ្ញាក់តែម្តង។ គ្មានអ្វីក្រៅ ពីការដឹកដៃស្វាមីអោយបងប្អូនទាំងក្នុង និងក្រៅសិល្បៈបានស្គាល់ តាមរយៈការសំពះផ្ទឹមម្តងទៀតព្រោះនាងចង់បានបែបនេះម្តងទៀតយូរមកហើយ។ ម្យ៉ាងលេងបិទបាំងដូចពេលកន្លងទៅ ដែលនាំឱ្យមានការដេញដោលជាច្រើនពីអ្នកកាសែត៕សហការី