ព័ត៌មានសង្គម សន្តិសុខ

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ​មក​សាកសួរ​

ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បាន​កោះហៅ​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ឱ្យមក​បង្ហាញខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​សាកសួរ​អំពី​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច កាលពី​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០២០​។

​លិខិត​កោះហៅ​នេះ​ចេញ​ដោយ​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​ពាក្យ​ប្តឹង​និង​អន្តរជាតិ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​ទាក់ទង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​មក​សាកសួរ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​។​

​លោកស្រី​ស៊ិន​សុភាព​ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​ពាក្យ​ប្តឹង​និង​អន្តរជាតិ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ទាក់ទង​ការ​ការកោះហៅ​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ឱ្យមក​បង្ហាញខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ចំណែក​លោក​រឿន​លី​ណា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ទៅ​បំភ្លឺ​នៅឡើយ​ទេ​។​រីឯ​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ថា លោក​អត់​ដឹង​រឿងនេះ​ទេ​។​

​គួរបញ្ជាក់​ថា​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​មនុស្ស​មួយចំនួនទៀត ត្រូវបាន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពាក់ព័ន្ធ​ករណី​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​ចំនួន​បីនាក់ ក្នុងចំណោម​មនុស្ស​ចំនួន ៧​នាក់​។

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​និង​ឈ្មោះ​ផេង​អិ​និង​ប្រពន្ធ​ឈ្មោះ​ថោង​រដ្ឋា​ពីបទ​ពុករលួយ​ឃុបឃិត​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោះលែង​ឧក្រិដ្ឋជន​គ្រឿងញៀន​។​

សូមជម្រាបថា​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៧​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ថ្នាំញៀន​ជាង ២​គីឡូក្រាម​។​ដោយ​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​ចំនួន​ពីរ​គោលដៅ​គឺ​ក្នុងភូមិ​ក្បាលកោះ​និង​ភូមិ​ព្រៃ​ព្រិច​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​៕សុភាព​

rsc

Leave a Reply

Your email address will not be published. Required fields are marked *