ព័ត៌មានសង្គម សេដ្ឋកិច្ច

អំពាវនាវឱ្យពលរដ្ឋធ្វើត្រីប្រហុក ព្រោះត្រីចាប់ផ្ដើមត្រូវក្នុងខែនេះ

កំពង់ឆ្នាំង៖ មន្ត្រីជលផលខេត្តកំពង់ឆ្នាំងបានអំពាវនាវឱ្យពលរដ្ឋមកធ្វើត្រីប្រហុក ព្រោះត្រីចាប់ផ្ដើមត្រូវក្នុងខែមិគសិរ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូនេះ ត្រីប្រហុកបានចាប់ផ្ដើមសម្បូរជាបណ្ដើរៗហើយ ។ខណៈមន្ត្រីជំនាញជលផលឱ្យ ពលរដ្ឋរួសរាន់ទៅទិញត្រី ដើម្បីយកមកធ្វើប្រហុក-ផ្អកនៅតាមគោលដៅមួយចំនួន ដូចជាឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌ និងកំពង់ប្រាសាទ នៃស្រុកកំពង់ត្រឡាច។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី១០-១២ ខែធ្នូនេះហើយ នឹងបន្តត្រូវរហូតដល់ផុតពេលខ្នើត ប្រសិនបើមេឃនៅតែស្រឡះល្អ។

លោកបានបញ្ជាក់ទៀតថា នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ អ្នកនេសាទបានបណ្ដែតមងក្រឡាធំចាប់ត្រីចង្កែង ត្រីឆ្កោកជាដើម ដោយមិនសូវមានអ្នកចាប់ត្រីរៀល ត្រីលេញនោះទេ។ចំណែកនៅកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពុងតែឡាចឯណោះវិញ មានអ្នកនេសាទបណ្ដែតមងចាប់ត្រីរៀល និងត្រីលេញ។ ដោយហេតុនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានអំពាវនាវ ពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក សូមទៅទិញត្រីធ្វើប្រហុកនៅកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ចំពោះតម្លៃ នាយខណ្ឌរដ្ឋបាលជលផល លោក លី ឡា ក៏បានបញ្ជាក់ថា តម្លៃត្រីនៅថ្ងៃទី១២ ខែធ្នូនេះ ត្រីរៀល និងត្រីលេញ ដែលជាប់មងក្រឡា២ហ៊ុនទៅ២ហ៊ុនកន្លះ មានតម្លៃចាប់ពី១.២០០-២.០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកត្រីចង្កែងមានតម្លៃពី៤.០០០-៦.០០០រៀលក្នុងមួយគីឡូក្រាម។

ដោយឡែក ត្រីឆ្កោកលេខ១ដែលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើង តម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ត្រីឆ្កោកលេខ២ទម្ងន់ពី១គីឡូក្រាមដល់១គីឡូកន្លះ មានតម្លៃ២០.០០០រៀលក្នុងមួយគីឡូក្រាម និងត្រីឆ្កោកលេខ៣ទម្ងន់ចាប់ពី១គីឡូចុះក្រោម តម្លៃចាប់ពី៨.០០០-១០.០០០រៀលក្នុងមួយគីឡូក្រាម។ លោកថា ប្រសិនបើត្រីនៅបន្តត្រូវ តម្លៃត្រីនឹងចុះថោកជាងនេះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *