ភ្នំពេញ៖ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បណ្ដាលឱ្យដើមឈើចំនួន៦-៧ដើមបានបាក់និង១ដើមសង្កត់លើផាស្អេប១គ្រឿងខូចខាតយ៉ាងដំណំរីឯម្ចាស់រងរបួស។ឧបទ្ទវៈហេតុធម្មជាតិនោះបានកើតឡើងនៅមុខខ្លោងទ្វារវត្តវិហារឃួន មហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃ ទី៤ ខែតុលា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផាស្អេបឈ្មោះ ហេង គឹមសាធ អាយុ៣៧ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។មន្ត្រីដដែលបានបន្តថា មុនកើតហេតុមានផាស្អេបបើកតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតក្នុងល្បឿនយឺត។ពេលកំពុងភ្លៀងមានទាំងខ្យល់កន្ត្រាក់ផងស្រាប់តែដើមឈើ៦-៧ដើមបានបាក់។ ក្នុងនោះមាន១ដើមឈើបាក់សង្កត់លើផាស្អេបបណ្ដាលឱ្យអ្នកបើកបររងរបួសក្បាលនិងផាស្អេបខួចខាតយ៉ាងដំណំ។ក្រោយកើតហេតុ ម្ចាស់ផាស្អេបបានស្នើសុំដល់សាលារាជធានីភ្នំពេញឱ្យជួយដោះស្រាយ នូវការខូចខាតផាស្អេបរបស់គាត់ផងដោយរូបគាត់ខ្វះខាតថវិកាជួសជុល ៕
Related Articles
អាជ្ញាធរឱ្យគ្រួសារមានសាច់ញាតិមកពីក្រៅប្រទេសសរសេរស្លាកនៅមុខផ្ទះផ្អាកការសួរសុខទុក្ខ១៤ថ្ងៃ
កំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានប្រកាសឱ្យក្រុមគ្រួសារប្រជាពលរដ្ឋដែលមានសាច់ញាតិត្រឡប់មកពីបរទេសគឺចាំបាច់ត្រូវសរសេរដាក់ស្លាកនៅខាងមុខផ្ទះថា”ផ្ទះខ្ញុំមានបងប្អូនមកពីក្រៅប្រទេស សូមផ្អាកការចូលសួរសុខទុក្ខរយ:ពេល ១៤ ថ្ងៃ”។ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអណត្តិទី២កាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០២០លោកអ៊ុនចាន់ដាជាអភិបាលខេត្តនិងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩បានមានប្រសាសន៍ថាជាវិធានការចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩គឺយើងនៅតែបន្តការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយគឺចល័តតាមផ្លូវសាធារណ:និងចុះអប់រំតាមខ្នងផ្ទះដោយចែកខិតប័ណ្ណដដែល។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថាវិធានការបន្តសម្រាប់ពលករពលការិនីដែលត្រឡប់មកពីក្រៅប្រទេសគឺចាំបាច់ត្រូវណែនាំពួកគាត់នៅបន្ទាប់ពីចូលដល់មូលដ្ឋានគឺត្រូវត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំដែន។បន្ទាប់មត្រូវឡើងរថយន្តពីព្រំដែនមកខេត្តគឺត្រូវពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែងតាមបណ្តាស្រុកម្តងទៀត។ លោកប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩បានថ្លែងថាករណីពិនិត្យសុខភាពឃើញប្រក្រតីធម្មតាគឺអនុញ្ញាតឱ្យទៅផ្ទះ។ប៉ុន្តែត្រូវស្នាក់នៅបន្ទប់ដាច់ឡែកពីក្រុមគ្រួសាររយ:ពេល១៤ថ្ងៃ។បើគ្មានបន្ទប់ស្នាក់នៅដាច់ដោយឡែកគឺអាជ្ញាធរស្រុក,ក្រុងជ្រើសរើសទីតាំងសាលារៀនណាមួយឱ្យស្នាក់នៅ។ករណីអ្នកមិនគោរពតាមការណែនាំរបស់អាជ្ញាធរគឺត្រូវចាប់បង្ខំ។ លោកអ៊ុនចាន់ដាបានបន្តថាត្រូវណែនាំដល់មេគ្រួសារឱ្យពុម្តាយនិងមិត្តភក្តីជាពិសេសចាំបាច់ត្រូវសរសេរស្លាកនៅខាងមុខផ្ទះថា « ផ្ទះខ្ញុំមានបងប្អូនមកពីក្រៅប្រទេសសូមផ្អាកការអនុញ្ញាតចូលសួរសុខទុក្ខចំនួន ១៤ថ្ងៃ»។លោកបានបន្ថែមថាចន្លោះការស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃនេះគឺយើងពិនិត្យតាមការជាក់ស្តែងក្នុងការដោះស្រាយស្បៀងអាហារឬក៏ប្រជាពលរដ្ឋក្រីក្រដែលមិអាចចេញក្រៅផ្ទះបានឬក៏គ្មានលទ្ធភាពគឺត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់។ លោកជាក្រូចមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី៩ខែមេសាថាគិតត្រឹមថ្ងៃទី៨ខែមេសាឆ្នាំ២០២០ខេត្តកំពង់ចាមមានប្រជាពលរដ្ឋជាពលករពលការិនីសរុបចំនួន២.៦៨២នាក់គឺស្រុកស្ទឹងត្រង់២៦២នាក់ស្រុកចម្ការលើ៣៦៥នាក់ស្រុកបាធាយ២៤៨នាក់។ស្រុកកោះសូទិន១៣២នាក់ស្រុកព្រៃឈរ៣៩៥នាក់ស្រុកកំពង់សៀម៥៩៣នាក់ស្រុកជើងព្រៃ១២១នាក់ស្រុកស្រីសន្ធរ១៣៤នាក់ស្រុកកងមាស ៣៤៦ នាក់ និងក្រុងកំពង់ចាម ៨៦ នាក់៕សម្បត្តិ
ឃាត់ខ្លួនជន២នាក់ក្នុងការដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត
កំពង់ចាម៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ នគរបាលស្រុកស្ទឹងត្រង់ បានបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅម្តុំចម្ការចន្ទី ស្ថិតក្នុងភូមិទួលសំបួរឃុំទួលសំបួរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់១-ឈ្មោះ ខេន ផា ភេទប្រុស អាយុ៣៥ឆ្នាំ លំនៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និង២-ឈ្មោះ ប៉ាត សុភ័ស ភេទប្រុស អាយុ២១ឆ្នាំនៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ដកហូតវត្ថុតាងរួមមាន ៖ ឈើអា លេខ១ប្រភេទឈើសុក្រំចំនួន១២ដុំពុំទាន់ធ្វើការវាស់វែងនិងរថយន្ត១គ្រឿង ម៉ាកហាយឡេនឌឺ ពណ៌ស គ្មានផ្លាកលេខ ។ តាមបញ្ជារបស់លោកសុធាពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាមជំនាញបានប្រគល់ជនសង្ស័យ វត្ថុតាងដល់ជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕សេះស
ស្លាប់កម្មករម្នាក់ក្នុងរណ្តៅរ៉ែមាសនៅស្រុកកែវសីមា
មណ្ឌលគិរី៖ប្រភពព័ត៌មានបានឱ្យដឹងថាកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០មានករណីមនុស្សស្លាប់ដោយធ្លាក់ចូលក្នុងរណ្តៅរ៉ែនៅតំបន់រ៉ែមាសស្ថិតនៅភូមិពូទុងឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ប្រភពព័ត៌មានបានបន្តថាជនរងគ្រោះឈ្មោះសឿនលីណាតភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែស្រុកកំណើតភូមិខ្សាច់ទប់ឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពខេត្តក្រចេះ។បច្ចុប្បន្នរស់នៅភូមិពូទុង.ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចមូលដ្ឋានដែលទទួលបានព័ត៌មានពីក្រុមលួចចុះរករ៉ែក្នុងរណ្តៅដែលបានបិទចោលយូរហើយនោះជាមួយជនរងគ្រោះនៅវេលាម៉ោង១៣និង៤៥នាទី។ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបានសួរទៅក្រុមដែលចុះលួចជីករ៉ែជាមួយជនរងគ្រោះ។ទើបដឹងថារណ្តៅរ៉ែដែលមានកណីធ្លាក់មនុស្សស្លាប់ ជារណ្តៅរបស់ឈ្មោះ ឌឹម វណ្ណដា ភេទប្រុស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។ បន្ទាប់ពីការស្រាវជ្រាវពត៌មានជុំវិញកន្លែងកេីតហេតុការពិនិត្យសាកសពរួចសមត្ថកិច្ចសន្និដ្ឋានបានថាជនរងគ្រោះពិតជាស្លាប់ដោយសាររអឹលធ្លាក់ចូលរណ្តៅរ៉ែបណ្តាលឱ្យស្លាប់ពិតប្រាកដមែននិងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ចាន់បុត្រ