ព័ត៌មានសង្គម សន្តិសុខ

ដាក់គុកជនក្លែងបន្លំធ្វើមន្ត្រីអាវុធហត្ថឆែកឆេរពលរដ្ឋតាមដងផ្លូវ

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី៩ ខែឧសភាតុលាការភ្នំពេញបានឃុំខ្លួន ជនក្លែងបន្លំធ្វើមន្ត្រីអាវុធហត្ថដែលជិះម៉ូតូដោះអាវ ឆែកឆេរប្រជាពលរដ្ឋតាមផ្លូវដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។សមត្ថកិច្ចបានឱ្យដឹងថា ជនក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ កាលពីរសៀលថ្ងៃទី៨ ខែឧសភាត្រូវកម្លាំងអាវុធហត្ថបានចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំជាកងរាជអាវុធហត្ថ នឹងធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋឆែកឆេរដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។ជនត្រូវចោទឈ្មោះ ពេជ និវត្តន៍ អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែឧសភា នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថនិងម្នាក់ស្លៀកខោអត់ពាក់អាវ។ក្រុមនេះជិះម៉ូតូម៉ាកណៃហតផ្លាកលេខកម្ពុជា O.០០០០ ក្លែងបន្លំខ្លួនធ្វើជាកងរាជអាវុធហត្ថ ហើយឃាត់ខ្លួនពលរដ្ឋធ្វើដំណើរតាមផ្លូវដោយប្រាប់ថាឆែកឆេររកគ្រឿងញៀន។ក្រោយទទួលព័ត៌មានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ជាមួយនគរបាលរាជធានីភ្នំពេញបាន ស្រាវជ្រាវដោយកំណត់បានមុខសញ្ញាទាំង២នាក់ពិតជាក្លែងបន្លំធ្វើមន្ត្រីអាវុធហត្ថ ហើយឈានដល់ចាប់បានម្នាក់។ រីឯម្នាក់ទៀតរត់គេចបាត់ត្រូវសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ចំណែកជនត្រូវចោទរួបនេះបញ្ជូនទៅដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *