ព័ត៌មានសង្គម សន្តិសុខ

ឃាត់ខ្លួនចិនអ្នក​បើករថយន្ត ​ទំនើបបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យ​បុរសម្នាក់​ស្លាប់​

ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនតារា Tik Tok ជនជាតិចិនម្នាក់ ដែលបើករថយន្តទំនើបប្រភេទស្ព័របុកម៉ួតូពេញទំហឹង បណ្តាលឱ្យបុរសអ្នកដឹកជញ្ជូន តាមអនឡាញម្នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ​កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែកុម្ភៈ។មន្ត្រីនគរបាល​ចរាចរណ៍​​បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​នេះ​ថា​ ​បុរសជនជាតិចិន​ម្នាក់បានបើករថយន្ត​ទំនើបប្រភេទស្ព័រ​ម៉ាក LAMBORGHINI HURACAN STO ផ្លាកលេខ កម្ពុជាS.R.999។រថយន្តនេះបានបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសជាអ្នកដឹកជញ្ជូនតាមអនឡាញ បានស្លាប់ភ្លាមៗ។បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ សោន សឹត អាយុ២៨ឆ្នាំ អ្នកដឹកជញ្ជូនតាមអនឡាញ ទីកំណើតភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះ ប៉ាហ្វីដូជនជាតិចិន​​ ​ជាតារាល្បីតាមបណ្ដាញសង្គមFacebook Tik Tok ខាងធ្វើម្ហូប។ប្រភពដដែលបានបន្តថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខសៀមរាប1V-9127 ពីកើតទៅលិច។មកដល់កន្លែងខាងលើ ស្រាប់តែរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូចផ្លាកលេខ កម្ពុជាS.R.999 បើកមកពីក្រោយក៏បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រនិងមនុស្សស្លាប់។ក្រោយមានគ្រោះថ្នាក់កើតឡើងរថយន្តបង្កហេតុ បានព្យាយាមបើករត់ពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ ឆ្ពោះទៅផ្លូវដួងងៀបក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបពលរដ្ឋនាំគ្នាស្ទាក់ឃាត់រថយន្ត និងអ្នកបើកបររួចប្រគល់ឱ្យសមត្ថកិច្ច។ប្រភពបានបន្តថា ពេលពលរដ្ឋឃាត់រថយន្តបង្ក ក៏មានបក្ខពួកបានបើករថយន្តម៉ាក BMW ពណ៌ខៀវផ្លាកលេខកម្ពុជា MR.TOMI មកប្រុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន។ក្រោយមកកម្លាំងជំនាញបាននាំខ្លួននិងរថយន្តបង្ក​ ទៅស្នងការដ្ឋានរាជធានីភ្នំពេញដោយឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕

 

 

 

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *