បន្ទាយមានជ័យ៖រថយន្តដឹកទំនិញចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកវិលមកធម្មតាវិញហើយ។ខណៈពេលដែលមន្ត្រីអាជ្ញាធរកងកម្លាំងចម្រុះនៃគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ការរទប់ស្កាត់បានទាំងស្រុងនូវគម្រោងបាតុកម្មចូល៣ថ្ងៃជាប់ៗគ្នាមកទល់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ ។
យោងរបាយការណ៍នៃការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានដឹងថ្ងៃទី៣ខែឧសភាឆ្នាំ២០២០ថា៖ជារួមទំនិញចម្រុះរបស់ថៃនាំចូលមកកម្ពុជាតាមច្រកនេះអាចនាំឱ្យប្រមូលចំណូលពន្ធគយបានគិតជាប្រាក់ដុល្លារបានពី៧០ម៉ឺនទៅ១,៤ លានដុល្លារ/១ថ្ងៃ ៗ ។
កាលបរិច្ឆេតពីថ្ងៃទី១ដល់៣ខែមិថុនាឆ្នាំ២០២០ជាពេលដែលលោកឌិនពុទ្ធីប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជូនដំណឹងថានឹងធ្វើបាតុកម្មប្រមាណ១.៥០០នាក់ឡើងទៅដើម្បីស្នើបើកច្រកទ្វារព្រំដែនប៉ោយប៉ែតសម្រាប់រទេះអូសដឹកទំនិញនិងមនុស្សចេញចូលផ្សាររោងក្លឿ។ពុំនោះទេសូមបិទកុំឱ្យរថយន្តដឹកទំនិញថៃចូលមកកម្ពុជានោះឃើញថារថយន្តធុនធ្ងន់បានមមាញឹកឡើងវិញនូវការដឹកទំនិញចម្រុះចូលមកកម្ពុជា។ក្នុងនោះចំណូលពន្ធគយក៏បានក្នុងមធ្យមភាគដូចខាងលើ ។
ដោយឡែកមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៃក្រុមការងារតាមដានក្តាប់សភាពការណ៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានឱ្យដឹងនាល្ងាចថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ថា៖អ្វីដែលបាតុករគ្រោងធ្វើបាតុកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី១ខែមិថុនាហើយព្រមានថានឹងធ្វើនៅថ្ងៃបន្តបន្ទាប់នោះត្រូវបានមន្ត្រីនិងកងកម្លាំងបង្ការទប់ស្កាត់បានទាំងស្រុង។កម្លាំងចម្រុះដែលដឹកនាំអន្តរាគមន៍ដ៏ច្រើនបញ្ជូនពីខេត្តទៅក៏បានដកថយមកវិញតាំងពីថ្ងៃទី២មិថុនា៕