ព័ត៌មានសង្គម សេដ្ឋកិច្ច

អនុវត្តការដាំដុះ​បាន​២៨​ភាគរយ​នៃ​ផែនការ​ហើយ​ទោះភ្លៀង​មិនទាន់​គ្រប់គ្រាន់ក្តី

ភ្នំពេញ៖ភ្លៀង​រដូវវស្សា​នឹង​ធ្លាក់​រាយប៉ាយ​ច្រើន​ជាថ្មី​ចាប់ពី​ក្រោយ​ថ្ងៃទី​៦​ខែ មិថុនា បន្ទាប់ពី​ចុះខ្សោយ​មួយរយៈ​ទោះជា​បីយ៉ាង​ការដាំដុះ​ស្រូវវស្សា​ដោយ​វិធី​សាបព្រោះ​(​ស្រូវ​)​គោក​អនុវត្តបាន​ប្រមាណ​ជា​២៨,៤១​ភាគរយ​នៃ​ផែនការ​២,៥​លាន​ហិកតា​ហើយ​គិត​ត្រឹម​ដំណាច់​ខែឧសភា​កន្លងទៅ​នេះ​។​

លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​ថា​ខ្យល់មូសុង​និរតី​បាន​ថយឥទ្ធិពល​បន្តិច​ទៅវិញ​តែ​ភ្លៀង​ធ្លាក់​ច្រើន​នៅតែមាន​សម្រាប់​តំបន់​ទំនាប​កណ្តាល​និង​វាលទំនាប​ភាគ​ពាយព្យ​លើកលែងតែ​តំបន់​ខ្ពង់រាប​ភាគ​ខាង ជើង​និង​តំបន់​ខ្ពង់រាប​ភា​ឦសាន​ដែលមាន​ភ្លៀង​ធ្លាក់​ខ្សោយ​។​

​ទោះបី​ភ្លៀង​មិនទាន់បាន​ធ្លា​ក់មក​គ្រប់គ្រាន់​គ្រប់កន្លែង​ក៏ដោយ​លោក​ចាន់​យុ​ត្ថា​និយាយថា​ការ​ភ្ជួរ​រាស់​សាបព្រោះ​ស្រូវវស្សា​គិត​ត្រឹម​ដំណាច់​ខែឧសភា​អនុវត្តបាន​៧៣២.៦៥៦​ហិកតា​ស្មើ​២៨,៤១​ភាគរយ​នៃ​ផែនការ​២.៥៧៩.១៨១​ហិកតា ហើយ ដែល​ភាគច្រើន​កសិករ​ដាំ​ដុះ​ដោយ​វិធី​ព្រោះ​(​ស្រូវ​)​គោក​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹងទៀតថា​ខ្យល់​មូង​សុង​និរតី​នឹង​បង្កើន​ឥទ្ធិពល​មកវិញ​នៅ​អំឡុង​ថ្ងៃទី​៦​ខែឧសភា​បន្ទាប់ពី​ព្យុះ​ស៊ីក្លូន​មួយ​នៅក្នុង​សមុទ្រ​ឥណ្ឌា​បាន​រលាយ​ហើយ​មាន​សម្ពាធ​ទាប​សកម្ម​មួយ ទៀត​បាន​កើតឡើង នៅ ក្នុង សមុទ្រ​ដដែល​នេះ ដោយមាន​ឥទ្ធិពល​ដល់​ឈូង​សមុទ្រ​អា​ដា​មិន (Andaman) ធ្វើ ឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើនសារ​ជាថ្មី​ទៅដល់​តំបន់​ខ្ពង់រាប​ខាងជើង​និង​តំ បន់ ខ្ពង់ រាប​ភាគ​ឦសាន​។​

​លោក​ចាន់​យុ​ត្ថា​បាន​និយាយ​ឱ្យដឹង​ផងដែរ​ថា​ដោយ​កន្លងទៅនេះ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​បាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បានធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​មាន​ចលនា​ឡើង​ចុះ​តែ​មិនទាន់មាន​សញ្ញាណ​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ទេ​។​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នៅ​ខេត្តស្ទឹងត្រែង​ថ្ងៃទី​៣​ខែមិថុនា​មាន​២.៩៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២​ខែមិថុនា​០.០៤​ម៉ែត្រ​។

​នៅ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​៧.៧៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២​ខែមិថុនា​០.៣២​ម៉ែត្រ​នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​២.៨៤​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២​ខែមិថុនា​០.០២​ម៉ែត្រ នៅ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់ ១.៦៤​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​២​ខែមិថុនា​០.១៣​ម៉ែត្រ​និង​នៅ​បឹង​ទន្លេសាប​កំពង់​លួង​ទឹក​មាន​កម្ពស់​០.៤០​ម៉ែត្រ​។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០២០​ថា​បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​ថា​ខ្យល់មូសុង​និរតី​នៅមាន​ឥទ្ធិពល​បង្គួរ​ធ្វើឱ្យ​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៩​ខែមិថុនា​នៅ​បណ្តា​ខេត្ត​តំបន់​វាលទំនាប​កណ្តាល​សីតុណ្ហភាព​មាន​ពី​២៥​ទៅ​២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។​

​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់​ភាគ​ឦសាន​សីតុណ្ហភាព​មាន​ពី​២៤​ទៅ​២៦​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​មាន​ពី​២៥​ទៅ​២៧ អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៩​ខែមិថុនា​នៅ​តំបន់​វាលទំនាប​កណ្តាល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ បង្គួរ ។​

​ក្នុងនោះ​មាន​ផ្នែក​ខ្លះ​នៃ​វាលទំនាប​ភាគ​ពាយព្យ​និង​ភាគ​កណ្តាល​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​និង​តំបន់​មាត់សមុទ្រ​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​។​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន​ត្រូវ​ប្រុងប្រយ័ត្ន​ពិសេស​តំបន់​វាលទំនាប តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភា​ឦសាន​៕​ខុន​

rsc

Leave a Reply

Your email address will not be published. Required fields are marked *