Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

បឹងទន្លេសាបជាបេះដូងនៃប្រទេសកម្ពុជា មានតម្លៃមិនអាចកាត់ថ្លៃបាន

សៀមរាប៖បឹងទន្លេសាបជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្តោយប្រមាណ១១៦គីឡូម៉ែត្រ ទទឹងប្រមាណពី ៣០ទៅ៣៣គីឡូម៉ែត្រ និងមានឆ្នេរប្រវែងប្រមាណ ៤៨២គីឡូម៉ែត្រ នៅរដូវប្រាំង។មន្ត្រីដដែបានបន្តថា បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន។ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០ភាគរយប្រចាំឆ្នាំ។វិសាលភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ពេលបឹងទន្លេសាប មានផ្ទៃក្រឡាប្រមាណ ២៥០.០០០ហិកតា ជម្រៅពី ១-២ម៉ែត្រ ហើយនៅរដូវវស្សា បឹងមានផ្ទៃក្រឡាប្រមាណ ១.៥០០.០០០ហិកតា ជម្រៅពី ៨-១១ម៉ែត្រ។ ផ្ទៃទឹកបឹងទន្លេសាបនៅរដូវវស្សា បានមកពីទន្លេមេគង្គ ៦២ភាគរយ និង៣៨ភាគរយ ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ បរិមាណទឹកបឹងទន្លេសាបប្រែប្រួល ប្រមាណពី ៤.៥០០លានម៉ែត្រគូប នៅរដូវប្រាំង ទៅ១៣៥.០០០លានម៉ែត្រគូប នៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥-៦ ដង។លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ជេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ត្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។ បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដីធំល្វឹងល្វើយ ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ជីវសាស្ត្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន មច្ឆជាតិ ១៧៥ប្រភេទ ក្នុងនោះ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ និងរុក្ខជាតិជាង ២០០ប្រភេទ។ ទោះបីជាបឹងទន្លេសាបជាប់ជាតំបន់សម្បូរផលនេសាទទឹកសាបចំណាត់ថ្នាក់ទី៤លើពិភពលោក និងផលនេសាទច្រើនបំផុតរបស់ប្រទេសកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទំនាប និងតំបន់លិចទឹកនៃបឹងទន្លេសាប មានជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្មបន្ទាប់បន្សំ។អង្គភាពមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា,  បឹងទន្លេសាប ជាតំបន់ដែលផលិតធនធានជលផលលំដាប់កំពូលមួយក្នុងចំណោមតំបន់ផលិតផលផលកំពូលទាំងបួននៅលើពិភពលោក និងរួមចំណែកដល់ការផលិតត្រីទឹកសាបភាគច្រើនរបស់កម្ពុជា។បច្ចុប្បន្នបឹងទន្លេសាបនិងអាងរបស់វាកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្រមូលផលនេសាទខុសបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនទៀត ដែលបង្កជាការលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់បឹងទន្លេសាប ៕ដោយ៖សហការី

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *