ព័ត៌មានសង្គម សុខាភិបាល

​ព្រះសង្ឃ​ចំនួន​៤៦​អង្គ​នៅ​វត្ត​ស្វាយដង្គំ គឺ​សង្ស័យ​ជំងឺ​គ្រុន​ផ្តាសាយធំ​

ភ្នំពេញៈ អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់ថាៈ​ព្រះសង្ឃ​ចំនួន ៤៦​អង្គ ដែលមាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហៀរ​សំបោរ រយៈពេល ៦​ថ្ងៃ គឺ​មកដល់ពេលនេះ បាន​ធូរស្រាល​ហើយ ដោយ​មន្ត្រី​សុខាភិបាល បាន​យក​សំណាក របស់​ព្រះសង្ឃ បញ្ជូនមក​មន្ទីរពិសោធន៍ នៅ​រាជធានី​ភ្នំពេញ​ហើយ​។ ប៉ុន្តែ​លទ្ធផល​យ៉ាងនោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល ចេញមក​សិន ទើប​បានដឹង​ច្បាស់​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ មកដល់ពេលនេះ ព្រះសង្ឃ​ទាំង​៤៦​អង្គ បាន​ធូរស្រាល​ហើយ​។​ចំពោះមុខ មន្ត្រី​សុខាភិបាល បាន​យក​សំណាក​របស់ ព្រះសង្ឃ ដើម្បី​បញ្ជូនទៅ​រាជធានី​ភ្នំពេញ ដាក់ចូល​ឡា​បូ ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា នៅ​មិនទាន់​ទទួលបាន លទ្ធផល​នៅឡើយ​ទេ​។​ព្រះសង្ឃ​ទាំង​៤៦​អង្គ បានដាក់​នៅ​ដាច់​ដោយ នៅក្នុង​វត្ត​ស្វាយដង្គំ​។​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បានឱ្យដឹងថាៈ មាន​ករណី​ក្តៅខ្លួន​ជាង ៣៧​អង្សា ក្អក ហៀរ​សំបោរ រយៈពេល ៦​ថ្ងៃ​ហើយ កើតមាន​ចំពោះ​ព្រះសង្ឃ ចំនួន ៤៦ អង្គ មាន​ព្រះជន្ម​ពី ១១-១៩ ព្រះវស្សា គង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​និមន្ត​មកពី តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិក បឋមសិក្សា ក្នុង​វត្ត​ស្វាយដង្គំ ហើយ​ទទួល​ការព្យាបាល បាន​ធូរស្រាល​ខ្លះៗ​ហើយ​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និង​ការណែនាំ​របស់លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង កាលពី​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធាន​មន្ទីរ លោក​ប្រធាន​ស្រុក​ប្រតិបត្តិ​សង្កែ និង​សហការី បាន​ចុះ​ពិនិត្យ និង​យក​សំណាក​ព្រះសង្ឃ ទាំង​៤៦​អង្គ បញ្ជូនមក​រាជធានី​ភ្នំពេញ​។

​ក្រុមការងារ បាន​ណែនាំ លោក​អាចារ្យ គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ ឱ្យ​ចេះ​អនុវត្ត​នូវ វិធាន​អនាម័យ ការពារ​ខ្លួន ពាក់​ម៉ាស់ ឆាន់​ទឹក​ក្តៅ​។ ការកំណត់​ស្ថានភាព​រួម ជាបឋម មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ត្រូវ​បន្ត​តាមដាន ដោយ​យកចិត្តទុកដាក់ ជា​បន្តទៀត​។​ចំណែក​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់​ថាៈ ព្រះសង្ឃ ប្រហែល​ជាង​ពាក់កណ្តាល នៃ​ចំនួន​ខាងលើ បានជា​សះស្បើយ បន្ទាប់ពី​បានទទួល ការព្យាបាល ពី​ក្រុមគ្រូពេទ្យ ខេត្តបាត់ដំបង​។

ព្រះសង្ឃ​ដែល​នៅមាន រោគសញ្ញា​សង្ស័យ ក្រុមគ្រូពេទ្យ ខេត្តបាត់ដំបង បាន​យក​វត្ថុ​សំណាក​ព្រះ​ស​ង្ឍ ចំនួន ២១​អង្គ ផ្ញើ​ទៅធ្វើ​វិភាគ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា រួចហើយៗ កំពុងតែ​រង់ចាំ​លទ្ធផល ហើយ​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​ព្រះសង្ឃ លោកតា​អាចារ្យវត្ត និង​គណៈ​គ្រប់គ្រង សាលា​ពុទ្ធិ​កៈនៅ​ទីនោះ រួចហើយ ។

​បច្ចុប្បន្ននេះ ស្ថានភាព​សុខភាព ព្រះសង្ឃ​ដែល​ឈឺ​នោះ មាន​ការវិវត្ត​ទៅរក ភាពល្អប្រសើរ​ហើយ ដោយ​ការសន្និដ្ឋាន​បឋម ពី​ក្រុមគ្រូពេទ្យ គឺ​សង្ស័យ​ជំងឺ​គ្រុន​ផ្តាសាយធំ ៕​សុភាព​

rsc

Leave a Reply

Your email address will not be published. Required fields are marked *