ព័ត៌មានសង្គម សេដ្ឋកិច្ច

តម្លៃ​ទីផ្សារ​សណ្តែកកួរ​ធ្លាក់ចុះ​ធ្វើឱ្យ​កសិករ​មិនសូវ​បានចំណេញ​

ប៉ៃលិន​៖​រយៈពេល​ចុងក្រោយ​នេះ​ហាងឆេង​បន្លែ​សណ្តែកកួរ​បាន​ធ្លាក់ចុះ​បន្តិច​ធ្វើឱ្យ​ប្រជាកសិករ​អ្នក​ដាំ​លក់​មិនសូវ​ចំណេញ​។​អ្នកស្រី​សុខភាព​មាន​វ័យ​៥០​ឆ្នាំ​ជា​កសិករ​រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។​

កាលពី​នៅ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២០​នេះ​អ្នកស្រី​បាន​រៀបរាប់​ឱ្យដឹងថា​៖​ការប្រកាន់​យកមុខរ​បរ​ដាំ​ដុះ​បន្លែ​ផ្សេងៗ​រួមទាំង​ការ​ដំណាំ​បន្លែ​សណ្តែកកួរ​ដំណាក់កាល​បច្ចុប្បន្ន​បាន​ប្រឈម​និង​បញ្ហា​សត្វ​ចង្រៃ​បំផ្លាញ​មិនសូវ​ហុច​ផល​ល្អ​។​រយៈពេល​ចុងក្រោយ​នេះ​ទៀតសោត​ហាងឆេង​សណ្តែក​ក៏បាន​ធ្លាក់​ទាប​ជាង​ឆ្នាំកន្លងមក​ដែរ​ធ្វើឱ្យ​អ្នកស្រី​មិន​ចំណេញ​ស្ទើរតែ​ដាច់​ប្រាក់​ដើម​។​

កសិករ​រូបនេះ​បាន​បន្តថាៈ​បន្លែ​សណ្តែកកួរ​ដាំ​ដុះ​ក្នុង​រយៈពេល​៦​សប្តាហ៍​ចាប់ផ្តើម​ប្រមូល​ផល​បាន​បណ្តើរៗ​។​វា​បាន​ធ្លាក់​ថ្លៃ​ចាប់តាំងពី​ដើមខែ​កក្កដា​មក​លក់បាន​ត្រឹមតែ​តម្លៃ​៨០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម​។​ថ្មីៗ​នេះ​នៅក្នុង​អំឡុង​ខែសីហា​សណ្តែក​ឡើងថ្លៃ​បន្តិច​វិញ​លក់បាន​១.៥០០​រៀល​ក្នុង​១​គីឡូក្រាម​។

ទោះជា​បែបនេះ​ក្តី​ក៏​មិនអាច​ទូទាត់​ចំណេញ​បានឡើយ​បើ​គិតថ្លៃ​ប្រាក់​ដើម​ទិញ​ពូជ ថ្លៃ​ជួល​ដី​ដាំ​ដុះ​។​ឆ្នាំ​កន្លងទៅ​ឈ្មួញ​បញ្ជា​ទិញ​សណ្តែកកួរ​ក្នុង​១​គីឡូក្រាម​លក់​តម្លៃ​ពី​៣.៥០០​ទៅ​៤.០០០​រៀល​ដែល​អាចធ្វើឱ្យ​គាត់​ទទួលបាន​ប្រាក់ចំណេញ​ខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​

​លោកស្រី​បន្ថែមថាៈ​ឆ្នាំនេះ​តម្លៃ​ឈ្នួល​ដី​ដាំ​ដុះ​មិន​ខុសពី​ឆ្នាំមុន​ឡើយ​ចំនួន​៥០​ម៉ឺន​រៀល​ក្នុង​មួយឆ្នាំ​។ លោកស្រី​កាប់​កាយ​ជា​ថ្នាល​ដាំ​បាន​ចំនួន​៣២​រង​ដាំ​ដុះ​ដោយ​ប្រកាន់​ជំហរ​មិន​ប្រើ​ថ្នាំ​គីមី​ឡើយ​គឺ​នាំឱ្យ​ប៉ះពាល់​ដល់​សុខមាលភាព​របស់​អតិថិជន​អ្នកទទួល​ទាន​៕​ខុម​

​រូបថត​:​ម្ចាស់​ចម្ការ​សណ្តែកកួរ​កំពុង​ប្រមូល​ផល​ក្នុង​មូលដ្ឋាន​ភូមិ​អូរ​តា​ពុក​ក្រោម

rsc

Leave a Reply

Your email address will not be published. Required fields are marked *