ព័ត៌មានសង្គម សេដ្ឋកិច្ច

​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​១​ខ្សែទទឹង​៣០​ម៉ែត្រ​ប្រវែង​ជិត​៦​គីឡូម៉ែត្រ​

ភ្នំពេញ​៖​ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​តំបន់​នៃ​ខណ្ឌ​សែន​សុខ​ខណ្ឌឫស្សីកែវ​និង​ខណ្ឌ​ព្រែក​ព្នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ​។​ដោយ​ចាប់ពី​ផ្លូវ​លេខ​១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​សែន​សុខ​ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ​រហូតដល់​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​ខណ្ឌ​ព្រែក​ព្នៅ ។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី ៤​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថាៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​មួយ​ខ្សែ​នៅ​សប្តាហ៍​ក្រោយនេះ​។​មហាវិថី​នេះ​មាន​ប្រវែង​៥.៨៦០​ម៉ែត្រ​ទទឹង​៣០​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​សួនច្បារ​កណ្តាល​២​ម៉ែត្រ​ផ្លូវ​១២​ម៉ែត្រ​សងខាង​ដែល​អាចឱ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​៣​គន្លង​ទៅ​៣​គន្លង​មក​មាន​១​គន្លង​ទៅមក​សម្រាប់​ម៉ូតូ​មាន​ចិញ្ចើមផ្លូវ​សងខាង​២​ម៉ែត្រ​សម្រាប់​អ្នក​ថ្មើ​ជើង​ជាមួយនឹង​ការដាក់​លូ​សង្ខាង​ផ្លូវ​ទំហំ​៨​តឹក​។​

​លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា​៖ បើ​មិនមាន​ការប្រែប្រួល​ទេ នៅ​ដើម​សប្តាហ៍​ក្រោយនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបើកការដ្ឋាន ហើយ​ការដ្ឋាន​នេះ​នឹង​ស្ថាបនា​រួចរាល់​ក្នុង​រយៈពេល​៦​ខែ​ទៀត​។

ក្រោយ​ការស្ថាបនា​រួចរាល់​កំណាត់​មហាវិថី​នេះ​នឹង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នៅ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់ពី​ផ្លូវ​លេខ ១០០៣ ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល សែន​សុខ​ដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុង​ខណ្ឌឫស្សីកែវ​៕​វណ្ណា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *