ព័ត៌មានសង្គម សន្តិសុខ

​អាជ្ញាធរ​ផ្អាក​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើផ្លូវ​មួយចំនួន​

ព្រះវិហារ​៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានសម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ផ្លូវជាតិ​លេខ​៦២ ផ្លូវជាតិ​លេខ​៦៤​ផ្លូវជាតិ​លេខ​៩៥​និង​ផ្លូវ​ខេត្ត​លេខ​២៦២៧​ជា​បណ្តោះអាសន្ន​។​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ក្នុង​គោលបំណង ដើម្បី​ចូលរួម​ថែរក្សា ផ្លូវ ស្ពាន និង​ធានា​ដល់​សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការធ្វើ​ចរាចរណ៍​ផងដែរ​។​

​តាម​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ការផ្អាក​ធ្វើការ​ចរាចរណ៍ រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​នេះ ដោយសារ​ស្ថានភាព គ្រោះទឹកជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​ជន់​ឡើង​យ៉ាងខ្លាំង​។ បណ្តាលឱ្យ​ទឹក​លិច​កំណាត់​ផ្លូវ​ខេត្ត និង​ផ្លូវជាតិ​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។​ក្នុងស្ថានភាព​បែបនេះ​ធ្វើឱ្យ​ផ្លូវ​ស្ពាន​មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកជញ្ជូន​ធុន​ធំ​បាន​នោះទេ​។​នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​នេះ​ស្ថានភាព​ទឹក​ដង​ស្ទឹងសែន​ខេត្តព្រះវិហារ​បន្ត​ហក់​ឡើង​ខ្លាំង​រហូត​លើស​កម្រិត​ត្រូវ​ប្រកាសអាសន្ន គឺ​ត្រឹម​១១,៥០​ម៉ែត្រ​។​

​ជាមួយនឹង​ការ​ហក់​ឡើង​ខ្លាំង នៃ​កម្ពស់​ទឹក​ដងស្ទឹង​សែន​លើស​កម្រិត​ប្រកាសអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១៦​តុលា​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​មួយចំនួន​តាម​ឃុំ​ស្រុក​ដែល​កំពុង​ប្រឈម​និង​ដាក់បទបញ្ជា​ឱ្ស​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រៀម​មធ្យោបាយ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​។​

​លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន ត្រូវ​តាមដាន​ឃ្លាំមើល​ស្ថានភាព​ទឹក​នៅតាម​តំបន់​របស់ខ្លួន​គ្រប់ពេលវេលា​និង​រាយការណ៍​ឱ្យបាន​ឆាប់​បំផុត​។​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​សែន​ឱ្យមាន​ការប្រុងប្រយ័ត្ន​និង​ត្រៀមលក្ខណៈ​បង្ការ​ទុកជាមុន​កុំឱ្យ​មានការ​បាត់​បង់ខូច​ខាត​ទ្រព្យសម្បត្តិ​និង​រងគ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដោយ​ទឹកជំនន់​៕​​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *