ព័ត៌មានសង្គម សុខាភិបាល

ស្ត្រីម្នាក់កំពុងធ្វើចត្តាឡីស័កបានឈឺពោះសម្រាលកូនដោយសុវត្ថិភាព

ព្រះវិហារ៖ ស្ត្រីម្នាក់ឈ្មោះ សូ វាសនា អាយុ២០ឆ្នាំ រស់នៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន បានឈឺពោះសម្រាលកូន ត្រូវក្រុមគ្រូពេទ្យដឹកយក ទៅសម្រាលដោយសុវត្ថិភាពនៅមន្ទីរពេទ្យបង្អែក១៦មករា នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងាព័ត៌មាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា ស្ត្រីដែលឈឺពោះឆ្លងទន្លេនេះ គឺគាត់កំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ទើបតែបាន ៩ថ្ងៃប៉ុណ្ណោះ ។បន្ទាប់ពីគាត់បានធ្វើដំណើរមកពីតំបន់ប្រឈម ត្រូវបានក្រុមការងារមន្ទីរសុខាភិបាលខេត្តវាយតម្លៃឃើញថា គាត់ស្ថិតនៅក្នុងហានិភ័យដែលមានកម្រិតទាប ទើបឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះ។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងថា បន្ទាប់ពីក្រុមការងាររាយការណ៍មកថា ស្ត្រីដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះឈឺពោះឆ្លងទន្លេនោះ រូបលោកក៏បានណែនាំដល់ក្រុមការងារឲ្យយករថយន្តរបស់មន្ទីរពេទ្យ ទៅទទួលគាត់យកមកសម្រាលនៅមន្ទីរពេទ្យបង្អែក១៦មករា។

ដោយមុននឹងសម្រាលគឺយើងបានធ្វើ Rapid Test ភ្លាមៗ លទ្ធផលគឺអវិជ្ជមាន ហើយក៏បញ្ជូនគាត់ចូលក្នុងបន្ទប់សម្រាល ក្រោមការខិតខំរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនោះបានសម្រាលដោយជោគជ័យ ទទួលបានកូនស្រីម្នាក់គួរអោយស្រឡាញ់។

លោកវេជ្ជបណ្ឌិត គួង ឡូ បានឱ្យដឹងទៀតថា ក្រោយសម្រាលរួច ស្ត្រីរូបនេះត្រូវបានដាក់នៅដាច់ដោយឡែកធ្វើចត្តាឡីស័កបន្តនៅក្នុងមន្ទីរពេទ្យគម្រប់១៤ថ្ងៃ បើគិតពីថ្ងៃសម្រាលគឺគាត់ធ្វើចត្តាឡីស័កតែ៥ថ្ងៃទៀត គឺអាចចេញពីមន្ទីរទេព្យបានហើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារទាំងអស់ សូមបន្តការពារខ្លួន ក្រុមគ្រួសារ សហគមន៍ ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានទៀងទាត់តាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *