Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនអ្នកលក់ដីខ្យល់ពាក់ព័ន្ធលុយជាង៨០លានដុល្លារទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចអាវុធហត្ថភ្នំពេញបានចាប់ជនសង្ស័យម្នាក់ចំណោម៤នាក់ពីបទលក់ដីខ្យល់លើទឹកប្រាក់ប្រមាណជាង៨០លានដុល្លារហើយបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ថ្ងៃទី២១ ខែធ្នូនេះសមត្ថកិច្ចបានបញ្ជូនឈ្មួញរកស៊ីទិញលក់ដីម្នាក់ចំណោម៤នាក់ទៅតុលាការពាក់ព័ន្ធលក់ដីខ្យល់២កន្លែងជិត៦០ហិកតានៅខណ្ឌមានជ័យនិងខេត្តកណ្តាលឱ្យឧកញ៉ាម្នាក់ដែលមានទំហ៊ំទឹកប្រាក់ប្រមាណ៨៧.៥៣០.០០០ដុល្លារអាមេរិក។មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះឈន បូរ៉ា អាយុ៥៣ ឆ្នាំ នៅភូមិកោះក្រពី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២២ ឧកញ៉ាម្នាក់បានប្តឹងនៅ អាវុធហត្ថភ្នំពេញដោយចោទមនុស្ស៤នាក់ថា អំឡុងឆ្នាំ២០១៤-២០១៥ពួកគេបានឃុបឃិតគ្នាលក់ដីទំហំ៤៦ហិកតានៅខណ្ឌមានជ័យក្នុងតម្លៃ៧៣.៦០០.០០០ដុល្លារ ។

ក្រោយមកពួកគេបានលក់ដីមួយកន្លែងទៀតឱ្យទៅឧញ៉ាដដែលទំហំជិត១០ហិកតានៅខេត្តកណ្តាលក្នុងតម្លៃ១៣.៩៣០.០០០ដុល្លាដោយអះអាងថា ជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគេ។ ពេលទិញលក់ដីឧកញ៉ាដើមបណ្តឹងបានប្រគល់លុយជាបន្តបន្ទាប់ទៅ៤នាក់នោះសរុប៦១.១៤៥.០០០ដុល្លារ។ក្រោយពីទទួលបានលុយរួចហើយជនសង្ស័យ៤នាក់បានគេចវេសមិនព្រមជួបជាមួយម្ចាស់លុយទេ។ដល់ពេលស្រាវជ្រាវជាក់ស្តែងជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយគឺជនទុច្ចរិតទាំង៤នាក់បានឃុបឃិតគ្នាឆបោកលក់ដីខ្យល់។ក្រោយទទួលបានបណ្តឹងអាវុធហត្ថចាប់បានជនសង្ស័យម្នាក់រួចបញ្ជូនទៅតុលាការនិងបន្តតាមចាប់បក្ខពួកដើម្បីយកមកអនុវត្តតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *