ភ្នំពេញ៖សមត្ថកិច្ចរាជធានីខេត្តចំនួន៣បានចាប់មេខ្លោង និងបក្ខពួកតាមដីកាដែលគេចខ្លួនជាង៥ឆ្នាំ ករណីជួញដូរគ្រឿងញៀន ជាមួយវត្ថុតាងជិត៣គីឡូក្រាម និងជិត២ម៉ឹនគ្រាប់ មានទាំងគ្រាប់បែក២គ្រាប់ ត្រូវបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ កម្លាំងជំនាញរាជធានីភ្នំពេញ-ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំបានសហការស្រាវជ្រាវចាប់ជនល្មើសតាមដីកាតុលាការ នៅផ្ទះជួលស្ថិតក្នុងភូមិគោចំបក់ និងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យជាមេខ្លោងឈ្មោះឃុន សំអាត អាយុ៤៤ឆ្នាំ មានដីកាចាប់ខ្លួនចំនួន៧ករណី តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២។ចំណែកបក្ខពួក២នាក់ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ៣៤ឆ្នាំជាប្រពន្ធមេខ្លោង និងឈ្មោះនាង សុវណ្ណរ៉ា អាយុ៤៤ឆ្នាំជាបណ្តាញចែកចាយ។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង ប្រភេទកេតាមីនមួយកញ្ចប់ធំទម្ងន់ជិត១គីឡូក្រាម -ប្រភេទមេតំហ្វេតាមីន១១កញ្ចប់ទម្ងន់ជិត១គីឡូក្រាម-ប្រភេទអ៊ិចស្តាស៊ី៣៥កញ្ជប់-ប្រភេទមេតំហ្វេតាមីនចំនួន១៦.៤០០គ្រាប់-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង-គ្រាប់បែកដៃ២គ្រាប់-បង់កាំភ្លើងមួយមាន៥គ្រាប់-ទូរសព្ទ២គ្រឿង-រថយន្ត១គ្រឿងផ្លាកលេខភ្នំពេញ2BU-6244-ម៉ូតូ២គ្រឿងផ្លាកលេខភ្នំពេញ1KG-2001 និងភ្នំពេញ1GO-4614។ បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានរៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសជាមួយវត្ថុតាងទៅតុលាការភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី៕
Related Articles
នាំខ្លួនចិនតៃវ៉ាន់ម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជិត៨គីឡូទៅតុលាការ
ភ្នំពេញ៖កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី២០ ខែសីហាបានបញ្ជូនឧក្រិដ្ឋជន ជាតិចិនតៃវ៉ាន់ម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាមួយវត្ថុតាងជិត៨គីឡូក្រាម។មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៣ ផ្នែកជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក៣ ជាមួយនគរបាលរាជធានីភ្នំពេញ បានសហការចុះស្រាវជ្រាវនិងបង្ក្រាបករណីគ្រឿងញៀន។ក្នុងប្រតិបត្តិការបានធ្វើឡើងនៅផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយវត្ថុតាង។ពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ្សាវ ឈីមីង ភេទប្រុស អាយុ ៥៧ឆ្នាំជនជាតិចិនតៃវ៉ាន់ កម្លាំងបានដកហូតគ្រឿងញៀនប្រភេទ កេតាមីនចំនួន៨ដុំធំទម្ងន់៧,៩៤៤ក្រាមនិងទូរសព្ទមួយគ្រឿង។ក្រោយពីឃាត់ខ្លូននិងសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជាមួយវត្ថុតាងទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់៕
អាជ្ញាធរប្រកាសបន្តស្ថាបនាអគាររដ្ឋបាលថ្មីបន្ទាប់ពីផ្អាកច្រើនឆ្នាំដោយសារខ្វះខាតថវិកា
កំពង់ចាម៖លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានប្រកាសជាសាធារណ:ថា នឹងចាប់ផ្តើមបន្តសាងសង់អគាររដ្ឋបាលខេត្តថ្មីដែលស្ថាបនាបានប្រមាណ៣០ភាគរយហើយបានផ្អាកច្រើនឆ្នាំដោយសារបញ្ហាខ្វះខាតថវិកាប្រចាំឆ្នាំនោះឡើងវិញនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០ខាងមុខ។ ក្រោយពីការចុះពិនិត្យទីតាំងអគារដែលមានបណ្តោយ៥៣,២៥ម៉ែត្រទទឹង២៤ម៉ែត្រនិងកម្ពស់ ២៤,៥៧ម៉ែត្រក្នុងបរិវេណសាលាខេត្តជាមួយលោកខ្លួតផនប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្តជាច្រើនរូបទៀត។ នៅព្រឹកថ្ងៃទី៩មិថុនាលោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ដោយពិនិត្យឃើញពីការលំបាករបស់មន្ត្រីបុគ្គលិកក្នុងការបំពេញការងារនិងបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋនោះគឺយើងបានឯកភាពនិងអនុញ្ញាតចាប់ផ្តើមស្ថាបនាអគាររដ្ឋបាលខេត្តថ្មីបន្តទៀត។ លោកប្រាក់ទិត្យនាយកទីការផែនការនិងវិនិយោគរដ្ឋបាលខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជាថា អគាររដ្ឋបាលខេត្តថ្មីដែល អាជ្ញាធររៀបចំបន្តសាងសង់នេះគឺបានផ្អាកសាងសង់កាលពីឆ្នាំ២០១៧ ដោយបញ្ហាខ្វះខាតថវិកាប្រចាំឆ្នាំនីមួយៗត្រូវចំណាយស្ថាបនាអគារមួយនេះ។ដូច្នេះកាលនោះបានចាប់សាងសង់ពីឆ្នាំ២០១៦ បានប្រមាណ ៣០ ភាគរយក៏ផ្អាក៕សម្បត្តិ
ខឹងប្តីប្រចណ្ឌពេកប៉ងមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា
ភ្នំពេញ៖ស្ត្រីម្នាក់ដោយខឹងប្តីប្រចណ្ឌពេកបានមកប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែមិនបានសម្រេចដោយមានកម្លាំងប្រចាំការណ៍គោលដៅឃាត់ទាន់។បង្កឱ្យមានការភ្ញាក់ផ្អើលនេះស្ថិតនៅគល់ស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១។ កម្លាំងប្រចាំការបានឱ្យដឹងថា៖ស្ត្រីប៉ងសម្លាប់ខ្លួនឈ្មោះសុខខេងភេទស្រីអាយុ២៥ឆ្នាំមុខរបរសម្អាងការស្នាក់នៅផ្សារសាមហ៊ាន់សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។ប្រភពបានបន្តថា៖គាត់បានឃើញស្ត្រីរូបនេះដើរឡើងស្ពានជ្រោយចង្វាដើម្បីមកលោតទឹកសម្លាប់ខ្លួនគឺដើរបណ្ដើរយំបណ្ដើរ។លុះមកដល់កន្លែងកើតហេតុត្រូវសមត្ថកិច្ចឃាត់សួរនាំទើបស្ត្រីនោះប្រាប់ថា៖មួលហេតុមកពីប្តីប្រចណ្ឌពេក។ក្រោយមកសមត្ថកិច្ចក៏បានទាក់ទងហៅប្ដីឱ្យមកយកត្រឡប់ទៅផ្ទះវិញ៕ដោយ៖វិចិត្រ