ព័ត៌មានសង្គម សន្តិសុខ

បុរសជនជាតិដើមភាគតិចព្នងម្នាក់ ចុះជួយយកបាល់ក្នុងទឹក បណ្តាលឱ្យលង់ស្លាប់

មណ្ឌលគិរី៖បុរសជនជាតិដើមភាគតិចព្នងម្នាក់ បានចុះជួយយកបាល់ដែលក្មេងៗលេងធ្លាក់ចូលក្នុងទឹក បណ្តាលឱ្យលង់ស្លាប់ខ្លួនឯង។ហេតុការណ៍បានកើតឡើងនៅម្តុំទំនប់សែនសុខដុម ហៅទំនប់លើ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី២១ ខែមករាឆ្នាំ២០២៤។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ដែន ទង អាយុ២៣ឆ្នាំជនជាតិដើមភាគតិច ព្នងនៅ​ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។មុនកើតហេតុជនរងគ្រោះបានឈរមើលក្មេងលេងបាល់។លុះពេលបាល់ធ្លាក់ចូលទឹកក៏ចុះហែលជួយយកបាល់ឱ្យក្មេងៗ។ ពេលយកបាល់បានហើយក៏ហែលទឹកមកច្រាំងវិញ ស្រាប់តែលង់ទឹក បណ្ដាលឱ្យស្លាប់ មិនអាចមាននរណាជួយទាន់ឡើយ។ក្រោយពីមានមនុស្សលង់ទឹក កម្លាំងនគរបាលក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលសុខដុម ចុះពិនិត្យសាកសព។បន្ទាប់ពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ដោយមិនមានពាក់ព័ន្ធករណីផ្សេងទេ។ក្នុងគ្រានោះក៏មានវត្តមានលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តមណ្ឌលគិរី លោកបានជួយឧបត្ថម្ភទឹកប្រាក់ដល់អ្នកចុះជួយ​ស្រង់សព ជន​រងគ្រោះចំនួន១០០ដុល្លារ និងលោកអភិបាលក្រុងសែនមនោរម្យ បានឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនរៀលដែរ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *