Featured នយោបាយ ព័ត៌មានសង្គម

“ទាល់តែអ្នកសារព័ត៌មាន ចេះស្រឡាញ់វិជ្ជាជីវៈ និងឱ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានខ្លួនឯងទើបជាមូលដ្ឋានរឹងមាំ”

ភ្នំពេញ៖រសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ក្រសួងព័ត៌មាន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ពិធីដ៏ឧត្តុងឧត្តមនោះក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ការរៀបចំក្រមសីលធម៌ព័ត៌មាននេះគឺដូចគ្នាអ្នកសារព័ត៌មាន គឺជាប្រតិបត្តិករសំខាន់ណាស់ ក្នុងវិស័យព័ត៌មាន។កិច្ចការទាំងអស់នេះគឺចាំបាច់ថែរក្សា ដោយអង្គភាពព័ត៌មាននិងស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានផ្ទាល់តែម្ដង”។

នាយករដ្ឋមន្ត្រីបានបន្តថា “អាជីពណាត្រូវតែអ្នកនោះស្រឡាញ់ តម្លៃនៃអាជីពមួយៗគឺពីណាអ្នកឱ្យតម្លៃ ?គឺមហាជននឹងប្រជាពលរដ្ឋ។ប៉ុន្តែវាផ្ដើមចេញធំជាងគេបំផុត គឺទាល់តែអ្នកសារព័ត៌មានខ្លួនឯង ស្រឡាញ់អាជីពជាអ្នកសារព័ត៌មាន,ស្រឡាញ់វិជ្ជាជីវៈនិងឱ្យតម្លៃនូវវិជ្ជាជីវៈសារព័ត៌មានខ្លួនឯង ទើបជាមូលដ្ឋានរឹងមាំ។

សម្តេច​បានបញ្ជាក់ថា “ឱ្យតម្លៃតាមណា?គឺតម្លៃតាមការប្រតិបត្តិឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌ និងការទទួលខុសត្រូវអាជីពរបស់ខ្លួន ដើម្បីក្លាយទៅជាប្រភពនៃអំណាចជាអ្នកប្រតិបត្តិនៃអំណាចទី៤ ដែលប្រជាពលរដ្ឋអាចទុកចិត្តបាននេះជាការពិត”។

សម្តេចធិបតីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាពសារព័ត៌មាន-សេរីភាពនៅក្នុងការបោះពុម្ពផ្សាយ-សេរីភាពក្នុងការបញ្ចេញមតិដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។បន្ថែមលើនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការធានាបរិយាកាសបើកទូលាយការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ នៅកម្ពុជាតាមរយៈការធានាការគោរពសិទ្ធិ-គ្មានការរើសអើង គ្មានការគំរាមនិងមិនប្រកាន់និន្នាការនយោបាយ។

សម្តេចធិបតីបានធ្វើការកត់សម្គាល់ថា ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាជា ពិសេសបច្ចេកវិទ្យាឌីជីថលប្រព័ន្ធផ្សព្វផ្សាយ ចាំបាច់ត្រូវធ្វើបរិវត្តន៍កម្មឌីជីថលដើម្បីធានានូវវិសាលភាព នៃការផ្សាយគ្រប់ដណ្ដាប់បាន ទូលាយទូទាំងប្រទេសបានរហ័សនិងមានគុណភាពខ្ពស់។

សម្តេចបន្តថា ទន្ទឹមនឹងការវិវត្តន៍ឥតឈប់ឈរនេះ ក៏កំពុងប្រឈមបញ្ហាមួយចំនួនដែលចាំបាច់ត្រូវកំណត់ ចាត់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសជាបន្តបន្ទាប់ដូចរដ្ឋមន្ត្រីបានលើកបញ្ហាប្រឈមទាំងអស់ទាក់ទងនឹង៖ ១-កង្វះខាតនៃបទដ្ឋានគតិយុត្តិនិងបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ស្របតាមការវិវត្តន៍សង្គមនិងបច្ចេកវិទ្យា។

ទី២-ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិតដែលយើងហៅថា ai ដែលកំពុងជ្រាបចូលកាន់តែខ្លាំងក្នុងវិស័យព័ត៌មាននិងសោត ទស្សន៍ ។ទី៣-ការរីកចម្រើនបច្ចេកវិទ្យានៃបណ្ដាញសង្គមបានបង្កឱ្យមានការផ្សព្វផ្សាយព័ត៌មាន សង្គមជាច្រើនរួមទាំងព័ត៌មាន ក្លែងក្លាយបំភ្លៃការពិត បំពុលសង្គមនិង ធ្វើឱ្យមានការបែកបាក់អរិយភាពក្នុងសង្គមជាតិ។ដែលបង្កផលប៉ះពាល់ដល់ជំនឿសាសនា និងវប្បធម៌ជាដើម។

ទី៤-ការតម្រូវការអភិវឌ្ឍន៍ចំណេះដឹងសមស្តាមការរីក ចម្រើននៃផ្នែកបច្ចេកវិទ្យានិងនីម៉ាបនកម្មពិភពលោក។ទី៥-ការបិទសារព័ត៌មានទាំងប្រពៃណី និងទំនើបមួយចំនួនដោយស្ដាប់វិបត្តិហិរញ្ញវត្ថុ និងកង្វះគុណភាពផលិតផ្សេងៗ។ទី៦-ចំណេះដឹងមូលដ្ឋាននិងបទពិសោធន៍ការងាររបស់អ្នកជំនាញសារព័ត៌មាន មួយចំនួនចាំបាច់ត្រូវមានការអភិវឌ្ឍបន្ថែម។ទី៧-ការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងសារព័ត៌មានមួយចំនួនបង្កឱ្យមានការបាត់បង់ សណ្ដាប់ធ្នាប់និងជះឥទ្ធិពលដល់សង្គម។សម្តេចធិបតីក៏បានលើកឡើងពាក់ព័ន្ធបញ្ហា ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌ថា “សំខាន់ណាស់យើងរៀបចំក្រមសីលធម៌វិជ្ជាជីវៈដើម្បីអ្វី ?គឺដើម្បីបង្កើតនិងរក្សានូវ តម្លៃវិជ្ជាជីវៈមិនថាជាពេទ្យ មិនថាជាអ្នកកាសែត មិនថាជាវិស្វករ សុទ្ធតែមានក្រមសីលធម៌ទាំងអស់ ហើយមិនមែនតែមាននៅតែកម្ពុជាទេ។

គឺគ្រប់ប្រទេសទាំងអស់ព្រោះជំនាញមួយៗខុសគ្នា និងសុទ្ធតែមានការទទួលខុសត្រូវខុសគ្នា,សេរីភាពខុសគ្នា។អីចឹងវាទាមទារឱ្យបទដ្ឋានមួយមានព្រំដែន ដើម្បីយើងដឹងថាលំហនៃសិទ្ធិសេរីភាពរបស់យើង ធ្វើដល់ណាទទួលខុសត្រូវអ្វីខ្លះ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃសេចក្តីថ្លៃថ្នូរ របស់អ្នកដទៃឬប៉ះពាល់ ដល់ស្ថេរភាពនៃសន្តិសុខសង្គម ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *