ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនក្រុមដៃដល់ទៅតុលាការ ពីបទប្រើកាំបិត-ដំបងដែក​វាយ-កាប់ អ្នកភូមិឱ្យរបួស

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវចាប់ក្រុមជនដៃដល់ម្នាក់ចំណោម៣នាក់​​ ​ពីបទប្រើកាំបិត-ដំបងវាយ-កាប់ អ្នកភូមិឱ្យរបួស២នាក់ ហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា​​ មានក្រុមជនពាល៣នាក់បានប្រើកាំបិតខ្វែវ និងដំបងដែកទីប លើកគ្នាទៅវាយ និងកាប់ពលរដ្ឋដល់ក្នុងផ្ទះទាំងយប់ បង្កឱ្យរបួស២នាក់។ហេតុការណ៍បានកើតឡើងនៅម្តុំដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤។មន្ត្រីដដែលបានបន្តថា​ ក្រោយពីធ្វើសកម្មភាពរួចក្រុមនេះ បាននាំគ្នារត់គេចខ្លួននបាត់អស់។បន្ទាប់មានហេតុការណ៍កើតឡើង ​ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច។ពេលទទួលបានបណ្តឹងពីក្រុមគ្រួសាររងគ្រោះភា្លម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាជាបន្ទាន់។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជា ដល់ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវភ្លាមៗ។ក្រោយពីកំណត់មុខសញ្ញារួច កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកម្លាំងជំនាញបានចាប់ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៣នាក់ហើយនាំយកទៅសាកសួរ។ជនសង្ស័យឈ្មោះ ឃន សុខំ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត។ រីឯជនរងគ្រោះមាន-ឈ្មោះ ហែម សារឹទ្ធ ភេទស្រី អាយុ៤០ឆ្នាំ និង-ឈ្មោះ អ៊ឹម ប៊ុនរឹត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគាត់រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមានគ្នា៣នាក់ ប្រដាប់ដោយកាំបិត ខ្វែវ និងដំបងទីប ពិតជាបានចូលទៅកាប់ពលរដ្ឋទាំងនោះមែន ព្រោះពួកគេបានវាយក្មួយប្រុសរបស់ខ្លួនហើមមុខ។ប៉ុន្តែជនរងគ្រោះទាំង២នាក់បានឆ្លើយថា ពួកខ្លួនមិនដែលស្គាល់ និងមិនធ្លាប់មានជម្លោះជាមួយជនសង្ស័យនោះឡើយ។ទោះយ៉ាងណាសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ​និងបន្តតាមចាប់បក្ខពួកយកមកចាត់ការតាមច្បាប់ឱ្យខាងតែបាន៕

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *