ព័ត៌មានសង្គម សេដ្ឋកិច្ច

​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​សម្រាប់​វិស័យ​ចំនួន៣

ភ្នំពេញ​៖ ក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច សន្ដិសុខ​មនុស្សជាតិ​ឬ​ហៅថា​ជំនួយ គូ​សាណូ​ណិ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្ដល់​ថវិកា​ចំនួន ៣១២.៤១៧​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​អង្គភាព​ចំនួន​៤​បន្ថែមទៀត​នៅ​កម្ពុជា​។​

សម្រាប់​សាងសង់​និង​បំពាក់​បរិក្ខារ​សុខាភិបាល​ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​ឡើងវិញ​និង​ដំឡើង​ឧបករណ៍​ជំនួយ​ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​ជន​មាន​ពិការភាព​រាងកាយ​នៅ​ខេត្តបាត់ដំបង​,​រតនគីរី​,​ព្រៃវែង​,​និង​ភ្នំពេញ​។

​កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា​នេះ​ដោយ​លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​តំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង​៤​។​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​នេះ នឹង​យកទៅ​ប្រើប្រាស់ សំរាប់​គំរោង​ចំនួន​៤​។​

​ក្នុងនោះ​គម្រោង​ទី​១៖​គម្រោង​សាងសង់​អាគារ​សម្ភព​ក្នុង​មណ្ឌល​សុខភាព​កំពង់​ល្ពៅ ខេត្តបាត់ដំបង ដើម្បី​សម្រួល​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ធានា​នូវ​បរិស្ថាន​ក្នុងពេល​សម្រាលកូន​ប្រកបដោយ សុខ​សុវត្ថិភាព និង​សមស្រប​ជាង​មុន​។ គម្រោង​៨៥.៧៩៩​ដុល្លារ សហរដ្ឋអាមេរិក​នេះ​ផ្តល់ជូន​មន្ទីរ​សុខាភិបាល​ខេត្ត បាត់ដំបង ។​

​គម្រោង​ទី​២​គឺ​គម្រោង​សាងសង់​មណ្ឌល​សុខភាព​ល្បាំ​ង​មួយចំនួន​១​ខ្នង​រួមបញ្ចូល​បន្ទប់​សេវា​សុខភាព​ចំនួន​១០ ក្នុង​ខេត្ត​រតនគីរី ។​អង្គភាព​ទទួល​ជំនួយ គឺ​មន្ទីរ​សុខាភិបាល ខេត្ត​រតនគីរី មាន​ទឹកប្រាក់​ប្រមាណ ៩០.៥១៨​ដុល្លារ​។​

គំរោង​ទី​៣​ទឹកប្រាក់​៨៨.៣៧០​ដុល្លារ​ផ្តល់ជូន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រៃវែង សម្រាប់​គំរោង​ស្តារឡើងវិញ នូវ​ប្រព័ន្ធធារាសាស្ត្រ ពញា​លាង នៅក្នុង​ឃុំ​អង្គ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​គំរោង​ទី​៤​គឺ​គំរោង​ដំឡើង​ឧបករណ៍​នៅ​សមាគម​ផ្តល់​រទេះរុញ​ដើម្បី​សង្គ្រោះ​និង​អភិវឌ្ឍន៍ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ជន​មាន​ពិការភាព​រាងកាយ​នៅ​កម្ពុជា​។​គម្រោង​នេះ​មាន​ទឹកប្រាក់​ប្រមាណ​៤៧.៧៣០​ដុល្លារ​អាមេរិក​។

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​បើទោះបីជា​កម្ពុជា មានការ​រីកចំរើន​ក៏ដោយ​ប៉ុន្តែ​ជប៉ុន ទទួលស្គាល់ថា​នៅ​កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព របស់​ប្រជាជន​។​ប្រទេស​ជប៉ុន នឹង​បន្ដ​ចូលរួមចំណែក ក្នុងការ​ដោះស្រាយ​បញ្ហា ប្រឈម​ទាំងនោះ​តាមរយៈ​ក្របខណ្ឌ​សហប្រតិបត្តិការ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង ជំនួយ​គូ​សាណូ​ណិ​។​

​លោក​ឯកអគ្គរាជទូត បានឱ្យដឹងថា​៖​រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​អនុវត្ត​កម្មវិធី​គូ​សាណូ​ណិ​នៅ​កម្ពុជា ចាប់ពី​តាំងពី ឆ្នាំ​១៩៩១ ហើយ​ដែល​រហូតដល់​ពេលនេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានផ្ដល់​ជំនួយ​ច្រើន ជាង​៦០០​គម្រោង តាមរយៈ​ជំនួយ​គូ​សាណូ​ណិ​នេះ​៕​សុផល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *