ព័ត៌មានសង្គម សន្តិសុខ

​ស្ត្រី​ម្នាក់​ដួល​ក្នុង​ពន្ធនាគារ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

រតនគិរី​៖​ស្ត្រី​ម្នាក់​បាន​ដួល​នៅក្នុង​បន្ទប់ទឹក​ក្នុង​ពន្ធនាគារ​ភ្នំ​ស្វាយ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​រតនគិរី​។​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០​ខែឧសភា ឆ្នាំ​២០២០​។​

​ប្រភពពី​មន្ត្រី​ពន្ធនាគារ ភ្នំ​ស្វាយ បានឱ្យដឹងថា កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ស្ត្រី​អ្នកទោស​ម្នាក់ ឈ្មោះ បិ​ន យាង អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ ជា​កសិករ មាន​ទីលំនៅ ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ដ​រតនគិរី បាន​ដួល​នៅ​បន្ទប់ទឹក ខណ​:​ពេល​គាត់ ចូលទៅ​បត់ជើង នៅ​ទីនោះ​។

បន្ទាប់ពី​ស្ត្រី​នោះ​ដួល នៅក្នុង​បន្ទប់ទឹក អ្នកទោស​ផ្សេងទៀត​បាន​ស្រែកប្រាប់​ឱ្យគេ​ជួយ​អន្ដរាគមន៍​។​ភ្លាមៗ​នោះ គ្រូពេទ្យ​ប្រចាំការ នៅ​ពន្ធនាគារ ក៏បាន​ពិនិត្យ និង​សង្គ្រោះ រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ដ ដើម្បី​សង្គ្រោះ​បន្ដ​។​

​លោក អ៊ុក គឹម​ជន ប្រធាន​ពន្ធនាគារ ខេត្តរតនគិរី កាលពី​រសៀល ថ្ងៃទី​២០ ខែឧសភា បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា ស្ត្រី​ម្នាក់​នោះ គឺជា​ជនសង្ស័យ​ពាក់ព័ន្ធ​ការចូល​កាន់កាប់​ដី​មួយកន្លែង​ក្នុង​ដែល​ជម្រក​សត្វព្រៃ លំផាត់​។​ប្រធាន​ពន្ធនាគារ បាន​បញ្ជាក់ថា ស្ត្រី​នោះ ត្រូវ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​មកដល់ពេលនេះ នៅ​មិនទាន់​កាត់ទោស នៅឡើយ​ទេ​។ ពិរុទ្ធជន​រូបនេះ មាន​ជំងឺ​ប្រចាំកាយ គឺ​លើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​។

​នៅ​យប់​ថ្ងៃទី​១៩ ឈានចូល​ថ្ងៃទី​២០ ខែឧសភា គាត់​មាន​អាការ​ធម្មតា តែ​ពេល​ចូល​បន្ទប់ទឹក ឮថា គាត់​ដួល ហើយ​គ្រូពេទ្យ​ប្រចាំការ នៅ​ទីនោះ ក៏បាន​ជួយ​ពិនិត្យ និង​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​រតនគិរី រួច​ក៏​ស្លាប់ទៅ​។​

លោក ហ៊ីង ផាន​សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ បង្អែក​ខេត្ដ​រតនគិរី នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា នេះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ស្ត្រី ដែល​ស្លាប់​នោះ សាច់ញាតិ​របស់គាត់ បាន​ប្រាប់ថា គាត់​មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម ជា​យូរ​ឆ្នាំ​មកហើយ​។

ជំងឺ​នេះ មាន​ហានិភ័យ​ខ្ពស់​ណាស់ គេ​ត្រូវការពារ មិនឱ្យ​ដួល​ទេ ព្រោះថា បើ​ដួល​ហើយ ត្រូវតែ​ពិការ ឬក៏​ស្លាប់​។​ប្រធាន​មន្ទីរពេទ្យបង្អែក បាន​និយាយថា សព​ស្ដ្រី​នោះ បាន​ត្រូវ​ប្រគល់ឱ្យ​សាច់ញាតិ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា នេះ​។ សាច់ញាតិ បាន​ដឹក​សព ទៅ​តម្កល់​នៅ​វត្ដ​បី​ស្រុក ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ មន្ត្រី​បរិស្ថាន​ខេត្ដ​មួយក្រុម បាន​ទៅ​ចាប់ខ្លួន​មនុស្ស ពីរ​នាក់ គឺ​ស្ត្រី​ឈ្មោះ បិ​ន យាង អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ និង​លោក អ៊ុ ធា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរលើ​ទំពួន ជា​កសិករ​។ ពួកគេ​មាន​ទីលំនៅ ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ដ​រតនគិរី​។ មន្ដ្រី​បរិស្ថាន បាន​ចោទថា បាន​ពាក់ព័ន្ធ​ករណី​កាន់កាប់​ដី ដែនជម្រកសត្វព្រៃ លំផាត់ ដោយ​ខុសច្បាប់ នៅត្រង់ចំណុច​អូរ​ជីប ឃុំ​សេ​ដា ស្រុក​លំផាត់​៕​សុវណ្ណ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *