ព័ត៌មានសង្គម សន្តិសុខ

បង្ក្រាប​គ្រឿងញៀន​បាន​ជាង​៧.០០០​ករណី​រយ​:​ពេល​២៦៤​ថ្ងៃ​ឆ្នាំ២០២០នេះ

កំពង់ចាម​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អះអាងថា​រយ​:​ពេល​២៦៤​ថ្ងៃ​ឆ្នាំនេះ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស​បង្ក្រាបបាន​ចំនួន ៧.៥២៨ ករណី និង​ចាប់បាន​ជនសង្ស័យ ១៥.១៤៨ នាក់​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយ​ការ​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០​របស់​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន ខេត្តកំពង់ចាម នៅ​សាលាខេត្ត​នេះ​នា​ព្រឹក​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២០​។​
​លោក​អគ្គលេខាធិការ​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​បន្តថា បង្ក្រាបបាន​ចំនួន ៧.៥២៨ ករណី រយ​:​ពេល ២៦៤ ថ្ងៃនេះ គឺ​មានន័យថា ក្នុង​មួយថ្ងៃ​បង្ក្រាបបាន​ចំនួន ២៩ ករណី ។ ចាប់ខ្លួន​ជនល្មើស​សរុប​ចំនួន ១៥.១៤៨ នាក់ គឺ​ក្នុង​មួយថ្ងៃ​ចាប់បាន​ចំនួន ៥៧ នាក់​។​

លោក មាស វិ​រិ​ទ្ធ បញ្ជាក់ទៀតថា ក្នុង​ចំនួន​ជាង ៧.០០០​ករណីនេះ មាន​ចំនួន ៤.៨០៤ ករណី​ជា​ករណី​ជួញដូរ​គ្រឿងញៀន ដែល​ក្នុង​មួយថ្ងៃ​បង្ក្រាបបាន​ចំនួន ១៨ ករណី និង​ចាប់​ឃាត់ខ្លួន​មនុស្ស​ជា​ជនសង្ស័យ​សរុប​ចំនួន​៩.០០៨​នាក់​គឺ​មួយថ្ងៃ​បង្ក្រាបបាន​បញ្ជូន​ទៅកាន់​ស្ថាបន​តុលាការ​ចំនួន ៣៤ នាក់​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​ខេត្តកំពង់ចាម​បាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បង្ក្រាបបាន​ចំនួន ១៩៩ ករណី និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប​ញ្ជួ​ន​ទៅកាន់​តុលាការ​ឃុំខ្លួន​ចំនួន ៧០៣ នាក់​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ គឺ​បង្ក្រាបបាន​ចំនួន ១០០ ករណី និង​ឃាត់ខ្លួន​បាន​ចំនួន ២៩៨ នាក់​ប៉ុណ្ណោះ​។​

លោក​អភិបាលខេត្ត​កំពង់ចាម​បន្តទៀតថា​នេះ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច​យើង​ដែលនាំឱ្យ​ការបង្ក្រាប​មានការ​កើនឡើង​។​មួយវិញទៀត​ក៏​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​បើទោះជា​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​មិនជា​កន្លែង​ផលិត​គ្រឿងញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​ក៏ដោយ ប៉ុន្តែ​វា​បាន​ចរាចរណ៍ និង​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​កន្លែង​ជួញដូរ​និង​ចែកចាយ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *