Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

​មន្ត្រី​ជំនាញ​ជលផល​បារម្ភ​ពី​និរន្តរភាព​នៃ​មច្ឆជាតិ​ក្នុង​ខេត្តស្ទឹងត្រែង​

ស្ទឹងត្រែង​៖​ទឹកទន្លេ​មេគង្គ​ដែល​ហូរ​កាត់​ខេត្តស្ទឹងត្រែង​ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង​នៅ​ឆ្នាំនេះ ។​ដោយ​នៅក្នុង​ខែវស្សា​ទឹក​នៅ​បាតទន្លេ​នៅឡើយ​ជាហេតុ​ធ្វើឱ្យ​មន្ត្រី​ជំនាញ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​ការបន្ត​ពូជ​របស់​មច្ឆជាតិ​នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​លោក​ទុំ​នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ដឹងថា​ស្ថានភាព​ទឹកទន្លេ​ទាំង ៤​ដែល​ហូរ​កាត់​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​មានការ​ប្រែប្រួល​ទៅតាម​ធម្មជាតិ​។​នៅ​ឆ្នាំនេះ​ទឹកទន្លេ​មិន​ពេញប្រៀប​ជ្រាំង​ចូល​តាម​ដងអូរ​វាលទំនាប​ដូច​រាល់​ឆ្នាំ​ឡើយ​។​លោកនាយ​ខណ្ឌ​បាន​បន្តថា​ទឹកទន្លេ​មេគង្គ​ក្នុង​រយៈពេល​១០០​ឆ្នាំ​កន្លងមកនេះ​ទើបតែនឹង​មានការ​ប្រែប្រួល​ខុសពី​ប្រក្រតី​នៅ​ឆ្នាំ​២០២០​នេះ​តែ​ប៉ុន​ណោះ​។


​តាម​ការកត់សម្គាល់​ឃើញ​ថា​ជា​រៀងរាល់ឆ្នាំ​នៅ​កំឡុង​ខែមិថុនា​-​ខែកក្កដា​ទឹកទន្លេ​ក្នុង​ខេត្ត​នេះ​ចាប់ផ្ដើម​ជន់​ឡើង​ពេញប្រៀប​ហូរ​ចូល​តាម​ប្រឡាយ​អូរ​ថ្លុក​ត្រពាំង​វាលទំនាប​ជាដើម​។​ល​។​ក៏ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ​គេ​សង្កេតឃើញថា​ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​ពី​៥​ទៅ​៧​ម៉ែត្រ​តែប៉ុណ្ណោះ​គឺ​ស្ទើរតែ​នៅ​បាតទន្លេ​នេះ​បើ​ធៀប​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។


មន្ត្រី​ជំនាញ​ខាងលើ​បាន​រៀបរាប់​បន្ថែមទៀតថា​គិត​ត្រឹម​ចុងខែ​កញ្ញា​នេះ​ត្រី​មេ​ពូជ​គ្រប់​ប្រភេទ​នៅក្នុង​ខេត្តស្ទឹងត្រែង​មិនតិចជាង​៩៩​ភាគរយ​នោះទេ​បាន​ទម្លាក់​ពង​រួច​នៅក្នុង​ដែន​ធម្មជាតិ​។​ប៉ុន្តែ​លោក​បារ​ម្មណ៍​យ៉ាងខ្លាំង​ថា​ពងត្រី​ទាំងនោះ មិនដឹងថា​អាច​ញាស់​ចេញ​ជា​កូន​ត្រី ឬមួយ​ក៏​អត់​?

​សូម​ជម្រាបជូន​សាធារណៈជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​ប្រភពទឹក​ទន្លេមេគង្គ​មាន​ដើម​នៅ​ប្រទេស​ចិន​ហូរ​កាត់​ប្រទេស​ចំនួន ៦​គឺ​ប្រទេស​ចិន​, ភូមា​,​ថៃ​,​ឡាវ​,​កម្ពុជា​,​និង​វៀតណាម​ដែលមាន​ប្រវែង​ជាង ៤.២០០​គីឡូម៉ែត្រ​។​ទឹកបាន​ហូរ​កាត់​ខេត្តស្ទឹងត្រែង​ប្រវែង​ប្រមាណ​១២០​គីឡូម៉ែត្រ​។​នៅ​ខេត្តស្ទឹងត្រែង​មាន​ទន្លេ​ចំនួន​៤​ហូរ​កាត់​គឺ​ទន្លេមេគង្គ​,​ទន្លេសេកុង​,​ទន្លេសេសាន​,​និង​ទន្លេស្រែពក​,​ដែល​ទន្លេ​ទាំង​បួន​ហូរ​កាត់​ខេត្តស្ទឹងត្រែង​មាន​ប្រវែង​ប្រមាណ​៤៤៧​គីឡូម៉ែត្រ​។​

​ខេត្តស្ទឹងត្រែង​មាន​ភូមិ​សរុប​ចំនួន​១២៨​ភូមិ​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​រស់នៅ​តាម​ដង​ទន្លេ​ដែល​ប្រភព​ទឹកទន្លេ​ទាំងនេះ​មាន​សារសំខាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ការរស់នៅ​ការប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​។​ក្រៅពីនេះ​ធនធាន​ត្រី​គឺជា​ប្រភព​មាន​ផលប្រយោជន៍​ខ្លាំង​សម្រាប់​ការទទួល​ទាន​របស់​ប្រជាពលរដ្ឋ​។

 

​មន្ត្រីជលផល​បាន​លើកឡើងថាៈ​ទិន្នផល​ត្រី​ចាប់បាន​ពី​ធម្មជាតិ​ប្រមាណ​ពី​៣​ទៅ​៧​តោន​ដោយ​ត្រី​ខ្លះ​ដូចជា​ត្រី​ប៉ា​ស៊ី​អ៊ី​មានតម្លៃ​ថ្លៃ​រហូតដល់​ទៅ​៥០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ជាថ្មី​ម្តងទៀត​លោក​ទុំ​នី​រ៉ូ​បាន​ក្រើន​រំលឹកថា​វិស័យ​ជលផល​នៅ​ខេត្តស្ទឹងត្រែង​គឺ​បាន​មកដល់​ចំណុច​ភ្លើង​លឿង​ទៅហើយ ។​នេះ​មានន័យថា​ការចាប់​ត្រី​ពី​ធម្មជាតិ​ទាំង​ស្របច្បាប់​ទាំង​ល្មើសច្បាប់​គឺ​ហួស​កម្រិត​ដែល​អាច​ស្តុក​ធម្មជាតិ​អាច​ផ្គត់ផ្គង់​បាន​។

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថាៈ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​ការផ្គត់ផ្គង់​ត្រី​មិន​ត្រឹមតែ​ក្នុង​ខេត្តស្ទឹងត្រែង​ប៉ុណ្ណោះ​ទេ​គឺ​បាន​នាំចេញ​ស្ទើរតែ​២៥​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។​ដោយសារ​តម្រូវការ​ត្រី​សាច់​នេះហើយ​បានជា​មានការ​ប្រឹង​ចាប់​ត្រី​ពី​ដែន​ធម្មជាតិ​យ៉ាង​គគ្រឹកគគ្រេង​ដែលជា​កត្តា​អាច​នាំឱ្យ​មហន្តរាយ​ណ៍​ដល់​ដល់​ធនធាន​ជលផល​នៅ​ខេត្ត​នេះ​។​

​នៅ​ខេត្តស្ទឹងត្រែង​មន្ត្រីជលផល​ដែលមាន​ការចូលរួម​គាំទ្រ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​និង​សហគមន៍​មូលដ្ឋាន​បាន​ខិតខំ​ការពារ​និង​អភិរក្ស​ត្រី​មេ​ពូជ​ក្នុង​រដូវ​បិទ​នេសាទ​រៀងរាល់ឆ្នាំ បាន​យ៉ាង​ល្អ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ជាមួយ​នោះ​ជំនាញ​ជលផល​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចូលរួម​ទប់ស្កាត់​បទល្មើស​ដើម្បី​រក្សា​ផល​ត្រី​ឱ្យនៅ​គង់វង្ស​សម្រាប់​បន្ត​និរន្ត​ភាព​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕​សុខុម

​ ​ ​ ​ ​(​រូបថត​:​ជលផល​)​

rsc

Leave a Reply

Your email address will not be published. Required fields are marked *