Featured សន្តិសុខ

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺរងរបួសដោយរថយន្តបើកធ្លាក់ផ្លូវបុកដើមអម្ពិល

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍មួយបង្កឱ្យប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺម្នាក់រងរបួសដោយរថយន្តគេចពីរថយន្តដឹកប្រេងមកពីមុខក៏ធ្លាក់ផ្លូវទៅបុកដើមអម្ពិលខូចខាតយ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា មុនកើតហេតុលោកយឹម សុខុម អាយុ៧២ឆ្នាំជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺទីលំនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។លោកបានជិះរថយន្តម៉ាកឡិចស៊ីសផ្លាកលេខកំពង់ស្ពឺ 2C-6677 មានតៃកុងបើកបរឈ្មោះស៊ុន សុផា អាយុ២៧ឆ្នាំ បើកបរពីកើតទៅលិច។

មកដល់កន្លែងខាងលើក៏មានរថយន្តដឹកប្រេងមកពីមុខអ្នកបើកបរបានគេចពីមកខាងស្តាំដៃធ្វើឱ្យធ្លាក់ផ្លូវទៅបុកដើមអម្ពិលពេញទំហឹងបណ្តាលឱ្យលោកប្រធានក្រុមប្រឹក្សាខេត្តរងរបួស។ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកលោកប្រធានរងគ្រោះទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដើម្បីសង្គ្រោះបន្ទាន់។ចំណែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺរង់ចាំដោះស្រាយនៅពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *